
សិរីល្អនៅពេលអនាគត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 19, 2025
«ដោយសារសេចក្ដីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិរាស្ត្រ ដើរចេញពីស្រុកអេស៊ីព្ទក៏ផ្ដាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង» (ហេព្រើរ ១១:២២)។
កណ្ឌគម្ពីរលោកុប្បត្ដិបានបញ្ចប់ ដោយការនិយាយអំពីមរណៈភាពរបស់លោក យ៉ូសែប ប៉ុន្តែរឿងនេះមិនទាន់ជិតដល់ចុងបញ្ចប់នៅឡើយទេ។ មរណៈភាពរបស់គាត់គឺជាចំណុចចាប់ផ្ដើមរបស់រឿងនៃការផ្គត់ផ្គង់ និងការរំដោះរបស់ព្រះ ដែលបន្តរហូតដល់ចុងបញ្ចប់នៃព្រះគម្ពីរ និងចូលទៅក្នុងជីវិតយើងសព្វថ្ងៃ។
លោក យ៉ូសែប មានការគិតគូរខ្លាំងអំពីការទុកដាក់សពរបស់គាត់ បន្ទាប់ពីគាត់ស្លាប់ទៅ មិនមែនដោយសារគាត់ចូលចិត្តគិតអំពីសេចក្តីស្លាប់ទេ តែដើម្បីផ្តល់ឲ្យនូវនិមិត្តរូបនៃការផ្គត់ផ្គង់របស់ព្រះក្នុងពេលអតីតកាល និងការសន្យាអំពីការរំដោះនៅពេលអនាគត។ ឆ្អឹងរបស់លោក យ៉ូសែប បានចង្អុលបង្ហាញកូនចៅជំនាន់ក្រោយរបស់រាស្ត្រ ទៅរកព្រះបន្ទូលដែលមិនទាន់បានសម្រេច នៅសម័យនោះនៅឡើយ។
ជីវិតរបស់លោក យ៉ូសែប បានជួបទុក្ខលំបាក និងបទពិសោធន៍មិនធម្មតាជាច្រើនដែលមានដូចជាការក្បត់របស់បងប្អូនគាត់ ការចោទបង្ខូចរបស់ប្រពន្ធលោក ប៉ូទីផា ការសព្វព្រះទ័យរបស់ស្ដេចផារ៉ោន មុខតំណែងក្នុងរាជការរបស់នគរអេស៊ីព្ទ ការជួបជុំជាមួយគ្រួសារគាត់ឡើងវិញ។ល។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធបទគម្ពីរហេព្រើរ មិនបានលើកយករឿងទាំងអស់នេះមកនិយាយនោះទេ តែបានសម្រេចចិត្តនិយាយអំពីសេចក្តីជំនឿដែលលោក យ៉ូសែប មានចំពោះការអ្វីដែលនឹងត្រូវមកដល់។ ហេតុអ្វី? ព្រោះសេចក្តីជំនឿរបស់គាត់មានសារៈសំខាន់យ៉ាងខ្លាំង។
លោក យ៉ូសែប មិនចង់ឲ្យគ្រួសារគាត់ចាក់ឫសជ្រៅខ្លាំងពេកក្នុងទឹកដីអេស៊ីព្ទនោះទេ។ គាត់ដឹងថា ពួកគេនឹងបានចូលទឹកដីសន្យា។ ហេតុនេះហើយ គាត់មិនបានផ្តាំផ្ញើឲ្យគេធ្វើពិធីបុណ្យសពដ៏សាំញ៉ាំឲ្យគាត់នោះទេ តែផ្ទុយទៅវិញ គាត់គ្រាន់តែសុំឲ្យគេអប់សពគាត់ដាក់ក្នុងមឈូសទុកក្នុងទឹកដីអេស៊ីព្ទ (លោកុប្បត្ដិ ៥០:២២-២៦) តើហេតុអ្វី? ព្រោះគាត់មិនចង់ឲ្យគេកប់ឆ្អឹងរបស់គាត់ទេ។ គាត់ចង់ឲ្យគេរៀបចំសពគាត់ទុកជាស្រេចសម្រាប់ផ្លាស់ទី កាលណាគេដល់ពេលធ្វើដំណើរចូលទឹកដីសន្យា។ គាត់ដឹងថា មឈូសនឹងបានធ្វើជាវត្ថុរំឭកអំពីការពិតដែលថា ការសង្ឃឹមថា នឹងបានចូលទឹកដីសន្យាមានភាពច្បាស់លាស់ ដូចព្រះបន្ទូលសន្យាដទៃទៀតរបស់ព្រះអម្ចាស់។ គាត់ចង់ឲ្យពួកគេអាចមើលទៅព្រះបន្ទូលសន្យា នៅពេលដែលថ្ងៃដ៏ពិបាកមកដល់ សម្រាប់កូនចៅជំនាន់ក្រោយនៃគ្រួសារជនភៀសខ្លួនដែលកំពុងតែរីកធំ ដូចដែលគាត់បានស្រមៃ។ ពួកគេអាចមើលទៅមឈូសគាត់ ដោយត្រៀមខ្លួនជាសម្រេច ហើយនិយាយថា លោក យ៉ូសែប បានដឹងច្បាស់ថា យើងនឹងចាកចេញ។ បើគាត់មិនបានដឹងច្បាស់ទេ នោះគាត់ក៏មិនឲ្យយើងដឹកជញ្ជូនឆ្អឹងរបស់គាត់យ៉ាងដូចនេះឡើយ។
សព្វថ្ងៃនេះ អ្នកមិនមានមឈូសរបស់លោក យ៉ូសែប ដែលមានឆ្អឹងនៅខាងក្នុងសម្រាប់ឲ្យអ្នកមើលនោះទេ។ ផ្ទុយទៅវិញ អ្នកមានផ្នូរទទេរបស់ព្រះគ្រីស្ទសម្រាប់ក្រើនរំឭកអ្នកអំពីការផ្គត់ផ្គង់របស់ព្រះកាលពីមុន និងក្តីសង្ឃឹមអំពីពេលអនាគតតាមព្រះបន្ទូលសន្យា។ ព្រះគ្រីស្ទ «គឺជាជំនួយរបស់យើង កាលពីសម័យមុន និងជាក្តីសង្ឃឹមរបស់យើង សម្រាប់ពេលដែលត្រូវមកដល់»។ ទ្រង់គឺជា «ផ្ទះដ៏អស់កល្បរបស់យើង»។139 ដោយសារព្រះអង្គ អ្នកអាចរស់នៅក្នុងថ្ងៃដ៏ពិបាក ហើយស្លាប់ក្នុងថ្ងៃចុងក្រោយរបស់អ្នក បានជាប់នៅក្នុងក្តីសង្ឃឹមថា នឹងបានទៅនគរស្ថានសួគ៌ ជាទឹកដីសន្យាដ៏ធំប្រសើររបស់យើង។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២៣:៣២-៤៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នេហេមា ១-៣ និងលូកា ១៩:១-២៧