
សូមព្រះអង្គចាត់រាស្រ្តព្រះអង្គមក
ដោយJennifer Benson Schuldt
December 22, 2025
១កូរិនថូស ១២:១២-២០
យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ។ ១កូរិនថូស ១២:១៣
នៅពេលដែលមិត្តភក្តិរបស់ខ្ញុំ ឈ្មោះ ម៉ារីតហ្សា(Maritza) បានទទួលយកការងារ ដែលតម្រូវឲ្យគាត់ធ្វើដំណើរទៅកាន់ទីក្រុងជាច្រើន ដោយខ្លួនឯង គាត់ច្រើនតែមានអារម្មណ៍ឯកោ។ ប៉ុន្តែ នៅពេលយើងញាំអាហារពេលល្ងាចជាមួយគ្នា នៅពេលយប់មួយនោះ គាត់បានប្រាប់ខ្ញុំថា គាត់បានអធិស្ឋានទូលសូមព្រះ ចាត់រាស្រ្តទ្រង់ឲ្យមករកគាត់។ គាត់ក៏បាននិយាយទៀតថា មិនយូរប៉ុន្មាន គាត់ក៏បានចាប់ផ្តើមជួបអ្នកជឿព្រះយេស៊ូវដទៃទៀត ជាទៀងទាត់។ មានម្តងនោះ គាត់បានជួបគ្រីស្ទាន៣នាក់ ក្នុងថ្ងៃតែមួយ!
នៅពេលដែលយើងជួបអ្នកដទៃ ដែលមានជំនឿលើព្រះយេស៊ូវដូចយើងដែរ យើងមានអារម្មណ៍ថា យើងមានចំណងទាក់ទងខាងវិញ្ញាណជាមួយពួកគេ។ ការនេះហាក់ដូចជាបង្កើតឲ្យមានផ្កាភ្លើងនៃភាពឆេះឆួលនៅក្នុងយើង។ យើងមានចំណុចរួមដែលសំខាន់បំផុត ព្រោះយើងមានជំនឿដូចគ្នា អំពីការអ្វីដែលព្រះគម្ពីរប៊ីបបានចែងអំពីព្រះគ្រីស្ទ និងអំពីការដែលយើងអាចមានទំនាក់ទំនងជាមួយព្រះ តាមរយៈព្រះអង្គ(រ៉ូម ១០:៩)។
ដែលសំខាន់បំផុតនោះ ព្រះវិញ្ញាណរបស់ព្រះគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយចងភ្ជាប់ទំនាក់ទំនងយើងជាមួយគ្នា តាមរបៀបដែលមានអំណាចចេស្តាយ៉ាងខ្លាំង បានជាព្រះគម្ពីរប៊ីបបានប្រៀបប្រដូចយើងទៅនឹងអវយវៈនៃរូបកាយរបស់មនុស្សដែលពឹងផ្អែកគ្នាទៅវិញទៅមក។ បទគម្ពីរ ១កូរិនថូស ១២:១៣ បានចែងថា “យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១” គឺរូបកាយនៃព្រះគ្រីស្ទ។
ព្រះទ្រង់ច្រើនតែធ្វើការក្នុងជីវិតយើង តាមរយៈអ្នកដទៃដែលស្រឡាញ់ព្រះអង្គ ទោះពួកគេនៅជិត ឬឆ្ងាយ ទោះយើងបានស្គាល់យូរហើយ ឬទើបតែស្គាល់ក្តី។ ក្នុងពេលឯកោបំផុត យើងអាចទូលសូមព្រះអង្គឲ្យចាត់រាស្រ្តព្រះអង្គឲ្យមកប្រកបជាមួយយើង ខណៈពេលដែលយើងថ្វាយខ្លួនយើងឲ្យព្រះអង្គប្រើ ដើម្បីលើកទឹកចិត្តអ្នកដទៃ។—Jennifer Benson Schuldt
តើអ្នកងាកទៅរកនរណា នៅពេលដែលអ្នកមានអារម្មណ៍ឯកោ?
តើព្រះទ្រង់បានធ្វើការតាមរយៈអ្នកជឿដទៃទៀត ក្នុងជីវិតអ្នក ដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដែលបានរាប់បញ្ចូលទូលបង្គំក្នុងមហាគ្រួសាររបស់ព្រះអង្គ។
សូមព្រះអង្គប្រើទូលបង្គំឲ្យលើកទឹកចិត្តបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៦-៧ និង វិវរណៈ ១៣