នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​ហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​ហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 23, 2025

«រួច​ទ្រង់​មាន​បន្ទូល​ជា​គម្រប់​៣ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស មាន​ចិត្ត​ព្រួយ​ដោយ​ទ្រង់​មាន​បន្ទូល​ជា​គម្រប់​៣ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬអី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ» (យ៉ូហាន ២១:‌១៧)។
ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ មិន​ឃើញ​មាន​នៅ​ក្នុង​វគ្គ​សិក្សា​អំពី​ទេវ​សាស្ត្រ​ជា​ប្រព័ន្ធ ឬ​នៅ​ក្នុង​ការ​ទន្ទេញ​គោល​លទ្ធិ ឲ្យ​ចាំ​មាត់​ដូច​សត្វ​សេក​នោះ​ឡើយ។ ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ គឺ​ជា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ ដែល​ក្នុង​នោះ ព្រះ​អង្គ​ស្គាល់ និង​ស្រឡាញ់​យើង ហើយ​យើង​ត្រូវ​ស្រឡាញ់​ព្រះ​អង្គ​វិញ។ 
យើង​ឃើញ​ការ​ពណ៌នា​នេះ​លើក​ដំបូង បន្ទាប់​ពី​ព្រះ​អង្គ​បាន​សោយ​អាហារ​នៅ​មាត់​សមុទ្រ​ជា​មួយ​ពួក​សាវ័ក បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ព្រះ​អង្គ​ក៏​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​លក្ខណៈ​ឯក​ជន​ជា​មួយ​លោក ពេត្រុស។ ការ​សន្ទនា​នេះ​បាន​ចាក់​ចុច​ចិត្ត​របស់​លោក ពេត្រុស និង​មាន​ការ​ត្រាស់​ហៅ។ ដែល​សំខាន់​បំផុត​នោះ ការ​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​គ្រីស្ទ​បាន​ស្គាល់​យើង​ជិត​ដិត និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ។ ព្រះ​គ្រីស្ទ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ខ្លាំង​ជាង​គេ ចំពោះ​ការ​ឆ្លើយ​តប​របស់​លោក ពេត្រុស នៅ​ពេល​ដែល​ព្រះ​អង្គ​សួរ​គាត់​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?»
ក្នុង​ការ​ឆ្លើយ​ឆ្លង​នេះ ព្រះ​យេស៊ូវ​បាន​សួរ​លោក ពេត្រុស នូវ​សំណួរ​ដដែល​នេះ​បី​ដង។ សំណួរ​នេះ​មិន​គ្រាន់​តែ​បាន​បណ្ដាល​ឲ្យ​គាត់​មាន​មនោ​សញ្ចេតនា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទាមទារ​ឲ្យ​គាត់​មាន​ការ​សម្រេច​ចិត្ត​ផង​ដែរ។ ការ​សួរ​ច្រំ​ដែល​ដូច​នេះ ជា​ការ​រំឭក​អំពី​ការ​បដិសេធន៍​របស់​លោក ពេត្រុស បី​ដង​ថា មិន​ស្គាល់​ព្រះ​គ្រីស្ទ (យ៉ូហាន ១៨:១៥-១៨, ២៥-២៧) ហើយ​ជំរុញ​លោក ពេត្រុស ឲ្យ​ទទួល​ស្គាល់​ថា ទង្វើ​របស់​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ព្រះ​គ្រីស្ទ​ទេ។ គាត់​មិន​មាន​ទង្វើ​ល្អ សម្រាប់​លើក​មក​និយាយ​ការពារ​ខ្លួន​គាត់​ឡើយ។ 
យើង​នឹង​បាន​ដឹង​ខ្លួន​ដូច​គាត់​ដែរ ពេល​ណា​យើង​ពិចារណា​អំពី​ពេល​ដែល​យើង​បាន​ជំពប់​ដួល។ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ទូល​សួរ​យើង​នូវ​សំណួរ​ដូច​នេះ​ដែរ យើង​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ ឬ​ធ្វើ ដើម្បី​ការពារ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ​អង្គ​ឡើយ។ សាវ័ក ពេត្រុស គ្មាន​អ្វី​សម្រាប់​ពឹង​ផ្អែក ក្រៅ​ពី​ពឹង​ផ្អែក​លើ​ភាព​សព្វញ្ញូ​ញ្ញាណ​របស់​ព្រះ បាន​ជា​គាត់​ទូល​ព្រះ​អង្គ​ថា «ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ ស្រដៀង​គ្នា​នេះ​ដែរ យើង​ក៏​ពឹង​ផ្អែក​លើ​ដួង​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ​ដែល​ជ្រាប​អំពី​យើង​ច្បាស់។ 
សកម្មភាព​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត កាលៈទេសៈ​របស់​យើង​អាច​បក់​បោក​មក​លើ​យើង និង​វាយ​ប្រហារ​យើង ហើយ​ក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​អាច​ចុះ​ខ្សោយ តែ​យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត​ក្នុង​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ជ្រាប​អំពី​ចិត្ត​យើង! ទ្រង់​ជ្រាប​ថា ចិត្ត​របស់​យើង​នឹង​គិត​ខុស។ ទ្រង់​ជ្រាប​ថា ជំនឿ​យើង​អាច​ចុះ​ខ្សោយ។ តែ​ការ​គិត​ខុស និង​ការ​ប្រព្រឹត្ត​ខុស​របស់​យើង គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​អង្គ​យាង​ចុះ​មក​ផែនដី និង​សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ 
បើ​យើង​ត្រូវ​ការ​ការ​ស្អាង​ឡើង​វិញ តែ​មិន​មាន​អ្វី​និយាយ ដើម្បី​ការពារ​ខ្លួន យើង​អាច​មាន​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ ដែល​អាច​ឲ្យ​យើង​និយាយ​បាន​ថា «ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​ហើយ»។ បើ​យើង​ដឹង​ថា ក្តី​ស្រឡាញ់​របស់​យើង​ត្រូវ​មាន​ការ​បញ្ឆេះ​ឡើង​វិញ តែ​យើង​មិន​មាន​អ្វី​ធ្វើ​ជា​ផ្កា​ភ្លើង នោះ​យើង​អាច​មើល​ទៅ​ព្រះ​អម្ចាស់​របស់​យើង ដែល​ជាប់​ឆ្កាង ដោយ​ក្តី​ស្រឡាញ់​ចំពោះ​យើង ដោយ​ចាំ​ថា «យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន» (១យ៉ូហាន ៤:១៩)។ 
ចូរ​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​សញ្ជឹង​គិត​អំពី​ភាព​លើស​លប់ និង​ភាព​ជិត​ស្និត​នៃ​ព្រះ​គុណ និង​ក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​អ្នក។ ព្រះ​យេស៊ូវ​បាន​ទទួល​យក​បាប​របស់​យើង​ទាំង​អស់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​អ្នក​អាច​ស្លាប់​ខាង​ឯ​បាប និង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ (១ពេត្រុស ២:២៤) ហើយ​ព្រះ​អង្គ​បន្ត​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក ទោះ​អ្នក​មាន​ភាព​ខ្វះ​ចន្លោះ​យ៉ាង​ណា​ក៏​ដោយ។ ព្រះ​អង្គ​ស្គាល់​អ្នក​គ្មាន​កន្លែង​ចន្លោះ តែ​ព្រះ​អង្គ​ស្រឡាញ់​អ្នក ដោយ​ក្តី​ស្រឡាញ់​ឥត​ខ្ចោះ។ តើ​អ្នក​ស្រឡាញ់​ព្រះ​អង្គ​ទេ? ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ដែល​ស័ក្តិ​សម​ជាង​ព្រះ​អង្គ​ឡើយ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១យ៉ូហាន ៣:១៦-២៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នេហេមា ១២-១៣ និង​លូកា ២១:១-១៩

ប្រភេទ