
ស្រឡាញ់ដោយមិនលម្អៀង
ដោយMike Wittmer
December 23, 2025
យ៉ាកុប ២:១-៤,៨-១៣
តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ។ យ៉ាកុប ២:៩
កាលពីឆ្នាំ ១៨៧២ លោកប្រធានធិបតី យូលីស៊ី អេស ហ្គ្រិន(Ulysses S. Grant) ត្រូវប៉ូលិសបញ្ឈប់ការធ្វើដំណើរពាក់កណ្តាលផ្លូវ ដោយសាររទេះសេះគាត់ធ្វើដំណើរ ដោយខ្វះការប្រុងប្រយ័ត្ន នៅតាមផ្លូវក្នុងរដ្ឋវ៉ាស៊ីនតុនឌីស៊ី។ មានអត្ថបទមួយដែលគេបានបោះពុម្ពផ្សាយបានរៀបរាប់ថា មន្ត្រីប៉ូលិសនោះ ជាជនអាមេរិកស្បែកខ្មៅ ឈ្មោះវីលៀម វេស(William West) បានធ្វើការដាស់តឿនលោកប្រធានាធិបតីគ្រិនថា “លោក ការបររទេះសេះលឿនដូចនេះ ... អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនដែលឆ្លងផ្លូវ”។ លោកគ្រិនក៏បានសុំទោស ប៉ុន្តែ យប់បន្ទាប់ គាត់ក៏បានបរទេសសេះលើសល្បឿនម្តងទៀត។ លោកវេសក៏បានបញ្ឈប់រទេះសេះ ហើយក៏បានចាប់ខ្លួនគាត់ ដោយជម្រាបគាត់ថា “ឲ្យខ្ញុំសុំទោស លោកប្រធានាធិបតី ដែលខ្ញុំត្រូវតែចាប់ខ្លួនលោក។ លោកជាអ្នកធំជាងគេនៅក្នុងប្រទេសនេះ ហើយខ្ញុំគ្រាន់តែជាប៉ូលិសម្នាក់ប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំត្រូវបំពេញតួនាទីរបស់ខ្ញុំ”។
ខ្ញុំសូមកោតសរសើរបុរសក្លាហានម្នាក់នេះ ដែលបានធ្វើតាមតួនាទីរបស់គាត់។ ហើយលោកគ្រិនក៏បានសរសើរគាត់ផងដែរ ហើយក៏បានឲ្យគាត់បន្តធ្វើការងាររបស់គាត់ទៀត។ ព្រះទ្រង់ក៏សព្វព្រះទ័យផងដែរ ដ្បិតព្រះអង្គស្អប់ភាពអយុត្តិធម៌ នៃភាពលម្អៀង។ គឺដូចមានសេចក្តីចែងមកថា “បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្ដមនៃយើង ដោយរើសមុខអ្នកណាឡើយ”(យ៉ាកុប ២:១)។ ការនេះក៏រាប់បញ្ចូលការផ្តល់ឲ្យកន្លែងពិសេសដល់អ្នកមាន និងអ្នកមានអំណាច ហើយទុកកន្លែងដែលនៅសល់សម្រាប់អ្នកក្រ(ខ.២-៤)។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង(ខ.៨)។ បើយើងមានភាពលម្អៀង ដោយបម្រើតែមនុស្សដែលយើងចូលចិត្ត ហើយធ្វើជាមើលមិនឃើញមនុស្សកំពុងត្រូវការជំនួយខ្លាំងជាង គឺមានន័យថា យើង “មានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ។”(ខ.៩)។
ព្រះទ្រង់មិនមានភាពលម្អៀងចំពោះយើងឡើយ។ ព្រះអង្គស្រឡាញ់យើង សូម្បីនៅពេលដែលយើងគ្មានអ្វីថ្វាយព្រះអង្គ កាលយើង “ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយនេះដែរ”(អេភេសូរ ២:១២)។ ដោយជំនួយមកពីព្រះអង្គ យើងអាចស្រឡាញ់អ្នកដទៃស្មើៗគ្នា។—Mike Wittmer
ហេតុអ្វីភាពលម្អៀងមានគ្រោះថ្នាក់យ៉ាងនេះ? តើអ្នកអាចជៀសវាងភាពលម្អៀងដោយរបៀបណា?
ឱព្រះវរបិតា ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានស្រឡាញ់មនុស្សទាំងអស់ស្មើៗគ្នា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ណាហ៊ុម ១-៣ និង វិវរណៈ ១៤