
អ្នកបម្រើនៅថ្ងៃណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 24, 2025
«អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្ដាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង នឹងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង» (អេសាយ ៤៣:៦-៧)។
នៅថ្ងៃណូអែល មនុស្សជាច្រើនមានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង ខណៈពេលដែលពួកគេគិតអំពីរឿងព្រះរាជកំណើតរបស់ព្រះយេស៊ូវ ជារឿងដែលគេបានស្គាល់យ៉ាងទូលំទូលាយ។ ប៉ុន្តែ ការមានមនោសញ្ចេតនា និងការប្រើអារម្មណ៍ខ្លាំងពេក អាចធ្វើឲ្យយើងមើលរំលងរូបភាពធំជាងក្នុងផែនការព្រះ។ រឿងដែលយើងធ្លាប់ស្គាល់ច្បាស់ហើយ អាចធ្វើឲ្យយើងមានអារម្មណ៍ធម្មតា មិនស្ញប់ស្ញែងចំពោះការពិតដែលថា បុត្រតូចដែលកំពុងផ្ទំក្នុងស្នូកសត្វ គឺគ្មាននរណាក្រៅពីអ្នកបម្រើព្រះឡើយ។ ព្រះយេស៊ូវដែលជាអ្នកបម្រើនោះ មានបេសកកម្មមួយ។ សូម្បីតែនាង ម៉ារា និងលោក យ៉ូសែប ក៏មានការយល់ដឹងតែមួយជ្រុងអំពីការអ្វីដែលទ្រង់នឹងសម្រេចបាន ប៉ុន្តែរយៈពេលរាប់រយឆ្នាំ មុនពេលព្រះយេស៊ូវយាងមកដល់ ព្រះទ្រង់បានប្រកាសអំពីការអ្វីដែលទ្រង់នឹងធ្វើ ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ (អេសាយ ៤២:១-៤)។
ព្រះយេស៊ូវបានយាងមក ដើម្បីបើកភ្នែកដែលខ្វាក់ខាងវិញ្ញាណឲ្យភ្លឺឡើង។ ក្នុងអំឡុងពេលព្រះអង្គបំពេញព្រះរាជកិច្ចនៅលើផែនដី ទ្រង់បានធ្វើការអស្ចារ្យដោយប្រោសមនុស្សខ្វាក់ខាងរូបកាយឲ្យមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាធំបំផុតមិនមែនទាក់ទងនឹងរូបកាយទេ តែទាក់ទងនឹងវិញ្ញាណវិញ។ ទ្រង់យាងមក ដើម្បីបើកភ្នែកមនុស្សប្រុសស្រី ដែលខ្វាក់មើលមិនឃើញសេចក្តីពិតរបស់ព្រះ។
ព្រះដ៏ជាអ្នកបម្រើក៏បានយាងមក ដើម្បីរំដោះមនុស្សជាប់ចំណងឲ្យមានសេរីភាពផងដែរ។ មនុស្សជាច្រើនមានអារម្មណ៍ជាប់ចំណងនៃកំហុសរបស់ខ្លួន ដោយព្យាយាមប្រើដំណោះស្រាយដោយសង្ឃឹមថា នឹងអាចលាងជម្រះវាឲ្យបានស្អាត។ ប៉ុន្តែ យើងគ្មានដំណោះស្រាយអ្វីក្រៅពីព្រះយេស៊ូវទេ។ ព្រះអង្គបានកាត់ផ្តាច់ច្រវាក់របស់យើង ហើយរំដោះយើងឲ្យមានសេរីភាព។ ពីមុនយើងជាទាសកររបស់អំពើបាប តែឥឡូវ ព្រះអង្គបានជួយសង្គ្រោះយើងហើយ។ ព្រះអង្គសង្គ្រោះរបស់យើងរំដោះមនុស្សដែលអង្គុយក្នុងគុកងងឹតឲ្យមានសេរីភាព ទាល់តែពួកគេបានឃើញពន្លឺរបស់ព្រះអង្គ។
រឿងរបស់ព្រះដ៏ជាអ្នកបម្រើ មិនផ្ដោតជាចម្បងទៅលើអ្វីដែលយើងត្រូវធ្វើ តែទៅលើអ្វីដែលព្រះយេស៊ូវបានធ្វើ។ ព្រះអង្គយាងចូលក្នុងគុកងងឹត ក្នុងភាពជាទាសករ និងក្នុងភាពខ្វាក់របស់យើង ហើយមានបន្ទូលថា «អ្នកបានធ្វើអំពើបាប និងរំលងក្រឹត្យវិន័យ ហើយអ្នកមិនមានលទ្ធភាពទាល់តែសោះក្នុងការស្តាស្ថានភាពរបស់អ្នក។ ប៉ុន្តែ ខ្ញុំសង្គ្រោះមនុស្សមានបាប។ ខ្ញុំបើកភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ។ ខ្ញុំរំដោះមនុស្សជាប់ចំណងឲ្យមានសេរីភាព។ ខ្ញុំនាំមកនូវពន្លឺ។ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងជំនួសអ្នកហើយ។ ចូរងាកបែរមករកខ្ញុំ ដោយជំនឿដ៏សាមញ្ញ និងការទុកចិត្តដូចក្មេង ហើយអ្នកនឹងមើលឃើញ។ អ្នកនឹងមានសេរីភាព ហើយភាពងងឹតរបស់អ្នកនឹងប្រែជាភ្លឺដូចថ្ងៃ»។
អង្គបុគ្គលដែលបានធ្វើការទាំងអស់នេះ គឺជាអង្គបុគ្គលដែលអ្នកកំពុងសម្លឹងមើល ខណៈពេលដែលអ្នកពិចារណា អំពីរឿងនៃការប្រសូតរបស់ព្រះយេស៊ូវ។ ចូរឲ្យរឿងនេះបណ្ដាលចិត្តអ្នក កុំឲ្យអាក់ខានក្នុងការសរសើរតម្កើង និងថ្វាយបង្គំព្រះរាជបុត្រា ដែលបានយាងមកយកកំណើតជាអ្នកបម្រើរបស់យើងនោះឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១:២៦-៥៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ មីកា ១-៣ និងលូកា ២១:២០-៣៨