
ផ្លាស់ប្តូរពីការភ័យខ្លាច ទៅជាមានអំណរ
ដោយAmy Boucher Pye
December 24, 2025
លូកា ២:៨-១៤
តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា។ លូកា ២:១០
ប្រវត្តិវិទូជាច្រើនជឿថា អ្នកគ្រប់គ្រងវិទ្យុទាក់ទងរបស់កងទ័ពជើងទឹកអាមេរិក និងនាវាដទៃទៀត បានឮការចាក់ផ្សាយបទចម្រៀង និងការថ្លែងសន្ទរកថា តាមវិទ្យុជាលើកដំបូង នៅពេលល្ងាចថ្ងៃណូអែល នៅឆ្នាំ១៩០៦។ នៅពេលនោះ ពួកគេមិនបានឮសម្លេងលេខកូដដែលគេបានបញ្ជូនមកដូចសព្វមួយដងទេ តែពួកគេបានឮសម្លេងលោករេគីណាល ហ្វេសិនដិន(Reginald Fessenden) លេងវីយូឡុងម្នាក់ឯង នូវបទចម្រៀង “យប់បរិសុទ្ធ” ជាបទចម្រៀងណូអែល។ លោកហ្វេសិនដិនក៏បានបញ្ចប់ការផ្សាយរបស់គាត់ ដោយធ្វើការសរសើរដំកើងព្រះ តាមពួកទេវតា ក្នុងបទគម្ពីរ លូកា ២:១៤ ថា “សួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត!”។ អ្នកស្តាប់ទាំងឡាយប្រាកដជាមានចិត្តរំភើបរីករាយដែលបានឮសម្លេងតន្ត្រី និងការប្រកាសដែលបានសរសើរដំកើង អំពីព្រះរាជកំណើតរបស់ព្រះយេស៊ូវ។
ក្រុមមនុស្សដំបូងដែលមានការភ្ញាក់ផ្អើល ចំពោះការប្រសូតរបស់ព្រះយេស៊ូវ គឺពួកអ្នកគង្វាល ដែលកំពុងធ្វើការងាររបស់ខ្លួនជាធម្មតា ដោយចាំយាមហ្វូងចៀមរបស់ខ្លួន នៅពេលយប់។ ទេវតាក៏បានលេចមក ដោយសិរីល្អដ៏ចែងចាំងរបស់ព្រះ ដែលបានធ្វើឲ្យពួកអ្នកគង្វាលមានការភ័យខ្លាច។ ពួកទេវតាក៏បានប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច ដោយប្រកាសថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(ខ.១០-១១)។ ពួកអ្នកគង្វាលបានទុកហ្វូងចៀមចោល ដើម្បីទៅរកមើល តាមពាក្យរបស់ទេវតា ហើយក៏បានឃើញបុត្រតូចកំពុងផ្ទំនៅក្នុងស្នូកសត្វ ដូចដែលទេវតាបានប្រាប់មែន(ខ.១៦,២០)។
ពួកអ្នកគង្វាលបានទទួលដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យនេះ។ ចូរយើងអរសប្បាយ និងចែកចាយអំពីភាពអស្ចារ្យនៃព្រះរាជកំណើត និងព្រះជន្មរបស់ព្រះយេស៊ូវផងដែរ។—Amy Boucher Pye
បើអ្នកជាពួកអ្នកគង្វាលនៅយប់នោះ តើអ្នកនឹងមានប្រតិកម្មយ៉ាងណា ចំពោះដំណឹងដែលពួកទេវតាបានប្រកាសនោះ?
ហេតុអ្វីអ្នកគិតថា ព្រះទ្រង់បានសម្រេចព្រះទ័យបើកបង្ហាញឲ្យពួកគេបានដឹង អំពីការប្រសូតរបស់ព្រះរាជបុត្រាទ្រង់?
ឱព្រះយេស៊ូវ ការប្រសូតរបស់ព្រះអង្គត្រូវបានបើកសម្ដែងដល់ពួកគង្វាល ដ្បិតព្រះអង្គមិនបានស្អប់ខ្ពើមនរណាម្នាក់
ហើយព្រះអង្គបានយាងមកផែនដី ដើម្បីស្រឡាញ់ និងជួយសង្គ្រោះយើងខ្ញុំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាបាគុក ១-៣ និង វិវរណៈ ១៥