
ទស្សនៈរបស់ព្រះគ្រីស្ទអំពីថ្ងៃណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 26, 2025
«ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ៍ ទ្រង់មានបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ។ ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ» (ហេព្រើរ ១០:៥-៦)។
កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ និងលូកា បានណែនាំយើងឲ្យស្គាល់តួអង្គទាំងអស់ក្នុងរឿងណូអែល ដែលយើងអាចយល់អំពីពួកគេកាន់តែច្បាស់មានដូចជា លោក យ៉ូសែប នាង ម៉ារា ពួកអ្នកគង្វាល ពួកហោរ ។ល។ ជួនកាល យើងថែមទាំងបានគិតអំពីអ្នកផ្សេងទៀតដែលគេមិនសូវស្គាល់ដូចជា លោក សាការី នាង អេលីសាបិត នាង អែន និងលោក ស៊ីម្មាន។ នៅពេលដែលរដូវកាលនៃបុណ្យណូអែលបានកន្លងផុតទៅជារៀងរាល់ឆ្នាំ យើងប្រហែលជាបានស្តាប់ការអធិប្បាយព្រះបន្ទូល និងសិក្សា តាមទស្សនៈរបស់តួអង្គស្ទើរតែទាំងអស់។ តែមានករណីលើកលែងមួយដែលគួរឲ្យកត់សម្គាល់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានមនុស្សមិនច្រើនទេ ដែលបានសញ្ជឹងគិតអំពីបុណ្យណូអែល តាមទស្សនៈរបស់ព្រះយេស៊ូវ។
ក្នុងខគម្ពីរនេះ អ្នកនិពន្ធកណ្ឌគម្ពីរសំបុត្រផ្ញើទៅកាន់ពួកជំនុំសាសន៍ហេព្រើរបានប្រាប់យើងថា នៅពេលដែលព្រះយេស៊ូវបោះជំហានចូលឆាកប្រវត្តិសាស្ត្រ ព្រះអង្គបានដាក់បទគម្ពីរទំនុកតម្កើងជំពូក៤០ នៅលើព្រះឱស្ឋទ្រង់។ ពាក្យពេចន៍ក្នុងបទគម្ពីរនោះ មិនអាចស័ក្តិសមនឹងអ្នកណាក្រៅពីព្រះយេស៊ូវឡើយ គឺដូចដែលស្បែកជើងរបស់នាង ស៊ីនដេរេឡា (Cinderella) មិនអាចឲ្យអ្នកផ្សេងពាក់ត្រូវឡើយ។
ព្រះទ្រង់ត្រៀមទុកជាមុននូវការប្រារព្ធថ្ងៃណូអែលដំបូងតាំងពីគ្រាសញ្ញាចាស់អស់ជាច្រើនសតវត្សរ៍ ព្រោះដង្វាយលោះបាបទាំងអស់នៅគ្រាសញ្ញាចាស់ គ្រាន់តែជាស្រមោល ដែលចង្អុលបង្ហាញទៅរកដង្វាយលោះបាបពិតប្រាកដដែលត្រូវមកដល់។ ដង្វាយទាំងនោះរាប់បញ្ចូលទាំងការសម្លាប់សត្វ ដែលត្រូវយកទៅដាក់នៅលើអាសនា។ ពួកវាគ្មានជម្រើស នៅក្នុងរឿងនេះទេ គឺគ្រាន់តែត្រូវមនុស្សដឹកយកទៅថ្វាយ។ ប៉ុន្តែ មុនពេលព្រះអង្គឆ្លងកាត់ការរស់នៅជាមនុស្ស ព្រះអង្គបានជ្រាបថា តួនាទីរបស់ព្រះអង្គធ្វើជាដង្វាយលោះបាប នឹងមានលក្ខណៈខុសពីសត្វទាំងនោះ។ ព្រះអង្គបានធ្វើដោយស្ម័គ្រព្រះទ័យ។ ក្នុងទម្រង់ដែលមានការបន្ទាបខ្លួនទាបបំផុត និងក្នុងរបៀបដែលគេមិននឹកស្មានដល់ ព្រះរាជបុត្រាបានទទួលយកព្រះកាយ ដែលបានត្រៀមទុកសម្រាប់ទ្រង់ ដើម្បីធ្វើជា «ថ្លៃលោះមនុស្សជាច្រើន» (ម៉ាថាយ ២០:២៨)។ ព្រះអង្គទតមើលលោកីយ៍ដែលប្រេះបែក និងមនុស្សដែលមានបាប ហើយព្រះអង្គមានបន្ទូលទៅព្រះវរបិតាថា ទូលបង្គំនឹងទៅទីនោះ ទូលបង្គំនឹងរស់នៅជាមនុស្សក្នុងចំណោមពួកគេ ហើយនឹងស្លាប់ដើម្បីពួកគេ។
សាវ័ក ពេត្រុស បានយល់អំពីទម្ងន់នៃការសុគតរបស់ព្រះគ្រីស្ទ បានជាគាត់បង្រៀនថា «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ដែលអ្នករាល់គ្នាបានជា» (១ពេត្រុស ២:២៤)។ ក្នុងលក្ខណៈព្រះយេស៊ូវជាព្រះទាំងស្រុង និងមនុស្សទាំងស្រុង ព្រះអង្គបានយាងចូលក្នុងលោកីយ៍ ដើម្បីថ្វាយព្រះកាយទ្រង់ជាដង្វាយលោះបាប ជាអ្វីដែលគេមិនអាចធ្វើបានដោយប្រើដង្វាយជាសត្វ គឺព្រះអង្គបានទទួលទោសរបស់យើង សម្អាតបញ្ញាចិត្តយើងឲ្យជ្រះថ្លា ហើយប្រទានសេចក្តីមេត្តារបស់ព្រះ។ ព្រះអង្គសម្រេចកិច្ចការទាំងអស់នេះដែលមានភាពចាំបាច់ ដើម្បីឲ្យមនុស្សទាំងអស់អាចចូលក្នុងការប្រកបជាមួយព្រះ។
ការនេះខុសប្លែកយ៉ាងខ្លាំងពីការសន្យារបស់សាសនាទាំងឡាយដែលមានក្រឹត្យវិន័យ និងការខំប្រព្រឹត្តល្អ ជាយន្តការដែលមិនអាចជួយពួកគេឡើងកាំជណ្តើរចូលទៅក្នុងស្ថានសួគ៌បាន។ ផ្ទុយទៅវិញ ព្រះរាជសារអំពីព្រះរាជកំណើតរបស់ព្រះគ្រីស្ទបានបង្ហាញសេចក្តីមេត្តាដែលជួយរំដោះមនុស្សឲ្យរួចពីបាប។ ព្រះទ្រង់បានផ្តួចផ្ដើមគំនិត និងយាងមកសង្គ្រោះយើងតាមរយៈព្រះយេស៊ូវ។ យើងមិនចាំបាច់ត្រូវធ្វើដំណើរវែងឆ្ងាយ ដើម្បីស្វែងរកព្រះអម្ចាស់ឡើយ ព្រោះព្រះគ្រីស្ទជាក្សត្រដែលបានប្រសូតមកទ្រង់ស្គាល់តួនាទីរបស់ទ្រង់។ តើយើងត្រូវឆ្លើយតបឲ្យបានត្រឹមត្រូវយ៉ាងដូចម្ដេច? គឺដោយគ្រាន់តែឱនក្រាបនៅចំពោះព្រះអង្គដោយបន្ទាបខ្លួន និងសរសើរតម្កើងព្រះអង្គអស់ពីចិត្ត ហើយរង់ចាំព្រះអង្គយាងមកវិញដោយចិត្តរំពឹង ពេញមួយជីវិត។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៤០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ មីកា ៦-៧ និងលូកា ២២:២១-៤៦