នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ភាព​ផុយ​ស្រួយ​របស់​ជីវិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភាព​ផុយ​ស្រួយ​របស់​ជីវិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 27, 2025

«ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​នឹង​នៅ​ស្រុក​នោះ​អស់​១ឆ្នាំ ដើម្បី​នឹង​រកស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១ភ្លែត រួច​បាត់​ទៅ។ គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ» (យ៉ាកុប ៤:១៣-១៥)។
ព្រះ​គម្ពីរ​មិន​បាន​ថ្កោល​ទោស​មក​លើ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​ជំនួញ ឬ​ការ​ធ្វើ​ផែនការ​សម្រាប់​ពេល​អនាគត​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​ថ្កោល​ទោស​នោះ គឺ​របៀប​នៃ​ការ​គិត​ដែល​មាន​អំនួត និង​អាត្មា​និយម ទោះ​ដោយ​ចេតនា​ឬ​អចេតនា​ក្ដី ដោយ​ដក​ព្រះ​ចេញ​ពី​ការ​សម្រេច​ចិត្ត និង​ផែនការ​របស់​យើង​ជា​ផ្នត់​គំនិត​ដែល​សន្មត​អំពី​អ្វី​មួយ​ដែល​ព្រះ​ទ្រង់​មិន​ដែល​បាន​សន្យា​ថា នឹង​ប្រទាន​យើង​ឡើយ។ 
សាវ័ក យ៉ាកុប បង្រៀន​យើង​យ៉ាង​ច្បាស់​អំពី​ធាតុ​ពិត​នៃ​ចំណេះ​ដឹង និង​ការ​យល់​ដឹង​របស់​យើង​ដែល​មាន​ដែន​កំណត់។ ជា​ការ​ពិត​ណាស់ គាត់​បាន​រំឭក​យើង​ថា យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា មាន​រឿង​ជា​ច្រើន​ដែល​យើង​មិន​ដឹង។ តើ​យើង​ចង់​មាន​លទ្ធ​ភាព​រៀប​ផែនការ​ទុក​ជា​មុន​ឲ្យ​បាន​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​ឬ​ទេ? ជា​ការ​ពិត​ណាស់ យើង​ចង់! ប៉ុន្តែ សាវ័ក យ៉ាកុប បាន​ចង្អុល​បង្ហាញ​ថា យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ។ សេចក្តី​អំនួត​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា យើង​នឹង​បន្ត​ដក​ដង្ហើម​នៅ​ថ្ងៃ​ស្អែក​ទៀត​ដោយ​គ្មាន​អ្វី​អាច​បញ្ឈប់​យើង​បាន។ បន្ទាប់​មក គាត់​ក៏​បាន​ក្រើន​រំឭក​យើង​អំពី​ភាព​ផុយ​ស្រួយ​នៃ​ជីវិត​របស់​យើង។ តាម​ពិត «ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១ភ្លែត រួច​បាត់​ទៅ»។ ជីវិត​យើង​មិន​ខុស​ពី​អ័ព្ទ​នៅ​ពេល​ព្រឹក​ព្រលឹម ដែល​អណ្ដែត​នៅ​លើ​ស្មៅ ហើយក៏​រលាយ​បាត់​ទៅវិញ នៅ​ពេល​វា​ត្រូវ​ពន្លឺ​ថ្ងៃ។ ជីវិត​យើង​ខ្លី​ណាស់ នៅ​ទី​បំផុត វា​នឹង​រលាយ​បាត់ ហើយ​មនុស្ស​ជា​ច្រើន​មិន​ទាំង​បាន​បន្សល់​ទុក​ដាន ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ឃើញ​ផង។
នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​ភាព​ផុយ​ស្រួយ និង​ដែន​កំណត់​របស់​ជីវិត​យើង​ហើយ តែ​យើង​ត្រូវ​គិត​អំពី​ពេល​អនាគត​របស់​យើង​ដូច​ម្ដេច​ខ្លះ? សាវ័ក យ៉ាកុប មិន​គ្រាន់​តែ​បាន​លើក​ឡើង​អំពី​កំហុស​នៃ​ការ​គិត និង​ធ្វើ​ផែនការ​ដោយ​ការ​សន្និដ្ឋាន​ខុស​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ផ្តល់​ឲ្យ​យើង​នូវ​ថ្នាំ​បន្សាប​ផង​ដែរ។ យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​ធ្វើ​ផែនការ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ថែរក្សា និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ។ ក្នុង​ចក្រវាល​ទាំង​មូល​គ្មាន​អ្វី​ដែល​មាន​វត្ត​មាន ឲ្យ​បាន​១វិនាទី ដោយ​គ្មាន​ព្រះ​អម្ចាស់​បាន​ទេ។ គឺ​ដូច​ដែល​លោក អាឡេច ម៉ូតយ័រ (Alec Motyer)បាន​សរសេរ​ថា «យើង​រស់​បាន​មួយ​ថ្ងៃ​ទៀត មិន​មែន​ដោយ​សារ​យើង​មាន​ភាព​ចាំ​បាច់​ក្នុង​ធម្មជាតិ ឬ​ដោយ​សារ​ច្បាប់​មេកានិច​ណា​មួយ ឬ​មួយ​យើង​មាន​សិទ្ធិ​ទាមទារ​ពេល​វេលា​សម្រាប់​រស់​មួយ​ថ្ងៃ​ទៀត ឬ​មួយ​ដោយ​សារ​ធម្មជាតិ​អំណោយ​ផល​ចំពោះ​យើង តែ​ដោយ​សារ​តែ​សេចក្តី​មេត្តា​ដែល​ព្រះ​ទ្រង់​ប្រទាន​តាម​សេចក្តី​សញ្ញា»។142
យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ។ យើង​ប្រហែល​ជា​មាន​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក តែ​យើង​មិន​អាច​សន្និដ្ឋាន​ថា យើង​អាច​គ្រប់​គ្រង​វា​បាន​ទេ។ មាន​តែ​សេចក្តី​មេត្តា​របស់​ព្រះ​ទេ ដែល​បាន​ជួយ​យើង​ឲ្យ​អាច​ភ្ញាក់​ពី​ដំណេក​នៅ​ថ្ងៃ​ស្អែក។ យើង​ដឹង​ថា ការ​សន្និដ្ឋាន​ទុក​ជា​មុន គឺ​ជា​អំពើ​បាប​ដ៏​ល្ងង់​ខ្លៅ នៅ​ពេល​ដែល​យើង​ដឹង​ថា ជីវិត​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​ទ្រទ្រង់​ជីវិត ដែល​ទ្រង់​បាន​ប្រទាន​ជា​អំណោយ។ 
យើង​មិន​អាច​ធ្វើ​ជា​មិន​ខ្វល់​អំពី​ដែន​កំណត់ និង​ភាព​រួញ​ខ្លី​នៃ​ជីវិត​បាន​ទេ តែ​យើង​អាច​កែ​ប្រែ​ចិត្ត​គំនិត និង​របៀប​ដែល​យើង​សម្រេច​ចិត្ត ផ្អែក​ទៅ​លើ​ការ​ពិត​នេះ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ ដូច​នេះ ចូរ​ពិចារណា​អំពី​ផែនការ​ដែល​អ្នក​មាន​សម្រាប់​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ឆ្នាំ​ក្រោយ និង​អស់​មួយ​ជីវិត។ តើ​អ្នក​បាន​អធិស្ឋាន​អំពី​ផែនការ​ទាំង​អស់​នេះ​ទេ? តើ​អ្នក​បាន​ទទួល​ស្គាល់​ថា ផែន​ការ​របស់​ព្រះ​អង្គ​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង ហើយ​ផែនការ​របស់​អ្នក​ត្រូវ​ពឹង​ផ្អែក​លើ​ផែនការ​របស់​ព្រះ​អង្គ​ដែរ​ឬ​ទេ? ចូរ​ថ្វាយ​ផែនការ​របស់​អ្នក​ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​នៅ​ពេល​ឥឡូវ​នេះ។ អ្នក​មិន​អាច​គ្រប់​គ្រង​ពេល​អនាគត​បាន​ទេ។ តែ​អ្នក​មិន​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​វា​ទេ ព្រោះ​អ្នក​បាន​ដឹង​ហើយ​ថា នរណា​គ្រប់​គ្រង់​វា។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ៦:២៥-៣៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សាការី ១-៤ និង​លូកា ២២:៤៧-៧១

ប្រភេទ