
មានភាពស្វិតស្វាញដោយអំណរ
ដោយMarvin Williams
December 29, 2025
ហាបាគុក ៣:១៦-១៩
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨
អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សា អំពីការតស៊ូដ៏ស្វិតស្វាញនៃសង្គមក្នុង១៦តំបន់ផ្សេងគ្នា នៅទូទាំងពិភពលោក ដែលរាប់បញ្ចូលទាំងតំបន់យូកុននៅប្រទេសកាណាដា និងតំបន់វាលរហោស្ថាននៅប្រទេសអូស្ត្រាលី។ ពួកគេបានធ្វើការវិភាគទៅលើកំណត់ត្រាបុរេប្រវត្តិរាប់ពាន់ឆ្នាំ ដែលបានតាមដានផលប៉ះពាល់នៃគ្រោះអត់ឃ្លាន សង្គ្រាម និងអាកាសធាតុ។ ភាពញឹកញាប់នៃការអន់ថយរបស់សង្គម គឺជាកត្តាដែលលេចធ្លោជាងគេ។ អ្នកខ្លះប្រហែលជាគិតថា ភាពអន់ថយធ្វើឲ្យសង្គមមានការចុះខ្សោយ ប៉ុន្តែ អ្នកស្រាវជ្រាវបានរកឃើញលទ្ធផលដែលផ្ទុយពីនេះវិញ។ ពួកគេបានរកឃើញថា សង្គមដែលជួបគ្រោះមហន្តរាយជាញឹកញាប់បានបង្កើតឲ្យមានការតស៊ូដ៏ស្វិតស្វាញ ដែលជួយឲ្យពួកគេអាចងើបឡើងវិញបានឆាប់រហ័ស ចេញពីបញ្ហាប្រឈមនៅពេលអនាគត។ ដូចនេះ ភាពតានតឹងហាក់ដូចជាបង្កើតឲ្យមានការតស៊ូដ៏ស្វិតស្វាញ។
ហោរាហាបាគុក បានយល់អំពីការតស៊ូដ៏ស្វិតស្វាញនេះ។ កាលគាត់ពិចារណា អំពីសេចក្តីហិនវិនាសដែលនគរយូដានឹងទទួលរង គាត់ក៏បានពិពណ៌នាយ៉ាងច្បាស់ អំពីដំណាំដែលមិនបង្កើតផលផ្លែ ហ្វូងចៀម និងហ្វូងគោដែលបាត់ពីក្រោល ហើយដីស្រែមិនបង្កើតបានអាហារ(៣:១៧)។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសន្តិសុខនៃស្បៀងអាហារបានរលាយបាត់ លោកហោរាក៏បានប្រកាសថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ខ.១៨)។ ក្តីអំណររបស់គាត់មិនអាស្រ័យទៅលើកាលៈទេសៈ និងការសប្បាយនៅលើផែនដីនោះទេ តែបានបោះយុថ្កាជាប់នៅក្នុងចារិកលក្ខណៈរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល និងនៅក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ ក្នុងរដូវកាលដែលពិបាកបំផុត លោកហោរាបានសម្រេចចិត្តជ្រើសរើសយកក្តីអំណរ និងមានការតស៊ូកាន់តែស្វិតស្វាញ។
ភាពអត់ធន់ខាងវិញ្ញាណរបស់យើងមានការចម្រើនឡើង តាមរយៈទុក្ខលំបាកដែលកើតឡើងម្តងហើយម្តងទៀត គឺមិនខុសពីហោរាហាបាគុក និងសង្គមទាំងនោះដែលមានការតស៊ូដ៏ស្វិតស្វាញ។ ពេលណាយើងប្រឈមមុខដាក់រដូវកាលដ៏ពិបាកក្នុងជីវិត ចូរយើងតោងឲ្យជាប់ក្តីសង្ឃឹមក្នុងព្រះអម្ចាស់ ហើយនឹកចាំថា ព្រះអង្គគង់នៅជាមួយយើង ដោយប្រើបញ្ហាប្រឈម ដើម្បីជួយឲ្យយើងមានអំណរកាន់តែខ្លាំងឡើង និងមានសេចក្តីជំនឿដ៏ស្វិតស្វាញ។—Marvin Williams
តើអ្នកអាចរកឃើញក្តីសង្ឃឹមនៅក្នុងព្រះអម្ចាស់ ដោយរបៀបណា?
ក្នុងពេលដែលមានទុក្ខលំបាក តើអ្នកអាចថ្វាយការអធិស្ឋានដោយអំណរ ដល់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំនឹងរកឃើញក្តីសង្ឃឹមក្នុងព្រះអង្គ ពេលណាជីវិតទូលបង្គំមានភាពរាំងស្ងួត និងខ្វះចន្លោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៩-១២ និង វិវរណៈ ២០