
ផលវិបាកនៃភាពខ្ជិលច្រអូស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 5, 2026
«បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ ។ មានគេដែលលោភលន់រាល់តែថ្ងៃជានិច្ច តែឯមនុស្សសុចរិត គេចែកចាយវិញ ឥតសំចៃទុកអ្វីឡើយ»។ សុភាសិត ២១:២៥-២៦
កណ្ឌគម្ពីរសុភាសិត គឺជាសៀវភៅដែលនិយាយស៊ីជម្រៅយ៉ាងខ្លាំង អំពីរឿងដែលយើងអាចមើលឃើញជាក់ស្តែង។ កណ្ឌគម្ពីរនេះបានក្រើនរំឭកយើងថា ជីវិតដែលគោរពប្រតិបត្តិព្រះ មានការស្តាប់បង្គាប់តាមព្រះបន្ទូល ក្នុងសកម្មភាពធម្មតាជាប្រចាំ។ គឺដូចដែលលោកគ្រូ ដេរ៉េក ឃីដន័រ(Derek Kidner) បានសរសេរថា «តួនាទីរបស់កណ្ឌគម្ពីរសុភាសិត ក្នុងព្រះគម្ពីរប៊ីប គឺដើម្បីដណ្តប់កាយយើង ដោយការគោរពប្រតិបត្តិព្រះ»។ 3 សំណេររបស់ស្តេចសាឡូម៉ូនមានលក្ខណៈជាច្រើន ដែលធ្វើឲ្យយើងមានអារម្មណ៍ថា យើងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនសន្ធឹកពីសុភាសិតរបស់ទ្រង់ ហើយក៏មានអារម្មណ៍ថា ពិបាកទទួលយកផងដែរ។
កណ្ឌគម្ពីរសុភាសិតបានបង្រៀនយើង អំពីផលវិបាកនៃភាពខ្ជិលច្រអូស។ បទគម្ពីរបានប្រើពាក្យ «មនុស្សខ្ជិលច្រអូស» ដើម្បីពិពណ៌នា អំពីមនុស្សដែលមានទម្លាប់អសកម្ម និងខ្ជិល ហើយមិនចង់ធ្វើអ្វីដែលមានប្រយោជន៍។
មនុស្សខ្ជិលនោះដេកជាប់នៅលើគ្រែ(សុភាសិត ២៦:១៤)។ អាចមានន័យថា អ្នកនោះងើបពីគ្រែ ក្រោយអាហារថ្ងៃត្រង់ ឬគ្រាន់តែមានការរីកចម្រើនតិចតួច ក្នុងការងារប្រចាំថ្ងៃ។ ពួកគេមិនចង់ឲ្យអ្នកដទៃមកជួបពួកគេដោយផ្ទាល់ ឬប្រើពួកគេឲ្យទទួលខុសត្រូវលើអ្វីមួយនោះទេ។ ពេលគេសួរគាត់ថា «តើអ្នកនឹងធ្វើកិច្ចការនេះទេ?» ពួកគេមិនសប្បាយចិត្ត នៅពេលដែលគេសួរសំណួរបន្ទាប់ថា «តើអ្នកមានគម្រោងធ្វើវា នៅពេលណា?» ឬមិនពេញចិត្តនឹងបទគម្ពីរសុភាសិត ៦:៩ ដែលបានសួរថា «ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់?» ពួកគេមិនដែលបដិសេធមិនព្រមធ្វើកិច្ចការអ្វីមួយសោះនោះទេ ប៉ុន្តែ ពួកគេធ្វើការងារម្តងបន្តិចៗ។ ពួកគេបោកបញ្ឆោតខ្លួនឯង ឲ្យគិតថា ពួកគេនឹង «សម្រេចកិច្ចការនោះ» តែពីមួយនាទីទៅមួយនាទីទៀត ពួកគេបានបណ្តោយឲ្យឱកាសកន្លងផងទៅ ដោយមិនដឹងខ្លួន។
ក្នុងបទគម្ពីរសុភាសិត ១២:២៧ ស្តេចសាឡូម៉ូនក៏បានមានបន្ទូលប្រាប់យើងថា «មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៏រាប់ជាវិសេសវិញ»។ បានសេចក្តីថា មនុស្សខ្ជិលមិនបញ្ចប់កិច្ចការដែលពួកគេចាប់ផ្តើមទេ។ ប៉ុន្តែ យើងដែលជាអ្នកដើរតាមព្រះគ្រីស្ទ ព្រះអង្គបានត្រាស់ហៅឲ្យយើងមានការស៊ូទ្រាំមួយប្រភេទ ដែលនាំឲ្យយើងច្រូតកាត់បានផល តាមរដូវកាល បើសិនជាយើងមិនបោះបង់ចោលការតស៊ូ ក្នុងការធ្វើការថ្វាយព្រះ(កាឡាទី ៦:៩)។ ខណៈពេលដែលយើងនៅតែមានការទទួលខុសត្រូវ ក្នុងសហគមន៍គ្រីស្ទបរិស័ទ យើងអាចជួយគ្នាទៅវិញទៅមក ឲ្យមើលឃើញចំណុចដែលយើងមើលរំលង ដើម្បីកុំឲ្យអាកប្បកិរិយានៃការយកលេសដោយភាពខ្ជិលច្រអូស ប្រែក្លាយជាបញ្ហាកាន់តែធំ ដោយសារការផ្គាប់ចិត្តខ្លួនឯងនោះឡើយ។
ជីវិតខ្ជិលច្រអូស នាំមកនូវភាពសោកសៅយ៉ាងពិតប្រាកដ ព្រោះភាពខ្ជិលច្រអូសមិនមែនជាភាពកម្សោយរបស់យើងទេ តែជាអំពើបាប។ វប្បធម៌នៅសម័យបច្ចុប្បន្ន បានជំរុញចិត្តមនុស្សជាច្រើន ឲ្យស្វែងរកការសម្រាកលំហែលើសលប់។ ប៉ុន្តែ អ្នកជឿអាចធ្វើជាគំរូ ដែលខុសប្លែកយ៉ាងខ្លាំងពីលោកិយ។ ព្រះទ្រង់បានបង្កើតយើងមកឲ្យធ្វើការ ដោយមានគោលបំណង ដើម្បីឲ្យពន្លឺរបស់យើងចែងចាំ ពីមុខអ្នកដទៃ ដើម្បីឲ្យពួកគេអាចមើលឃើញការល្អរបស់យើង ហើយថ្វាយសិរីល្អដល់ព្រះដែលគង់នៅស្ថានសួគ៌(ម៉ាថាយ ៥:១៦)។ អ្នកអាចរកឃើញការធ្វើដំណើរល្អបំផុត នៅតាមផ្លូវនៃសេចក្តីល្អ និងការបំពេញភារកិច្ច។ រង្វាន់ធំបំផុត មិនមាននៅក្នុងការសម្រាកលំហែ និងភាពស្រណុកស្រួល ឬការគេចវេសនោះទេ តែនៅក្នុងការលះបង់ និងការចែករំលែក ដោយមិនស្ទាក់ស្ទើរ ឬមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ តើអ្នកនឹងមានការផ្លាស់ប្តូរយ៉ាងណា ក្នុងការរស់នៅប្រចាំថ្ងៃ និងការធ្វើការងារ នៅថ្ងៃនេះ?
ព្រះគម្ពីរសញ្ជឹងគិត៖ សុភាសិត ៦:៦-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៣-១៥ និង រ៉ូម ៥