នំម៉ាណាប្រចាំថ្ងៃ
តើ​ខ្ញុំ​មាន​តួនាទី​អ្វី?

តើ​ខ្ញុំ​មាន​តួនាទី​អ្វី?

ដោយAlistair Begg

January 18, 2026

«ដ្បិត​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះអង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយសារ​សិរី​ល្អ នឹង​សគុណ​របស់​ទ្រង់​។ ដែល​ដោយសារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយសារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួចពី​សេចក្ដី​ពុក​រលួយ​នៅ​ក្នុង​លោកីយ​នេះ ដែល​កើត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​។ ហើយ​ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀត​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ»។ ២ពេត្រុស ១:៣-៥
សំណួរ​មួយ​ច្រើន​តែ​ផុស​ឡើង ក្នុង​គំនិត​គ្រីស្ទបរិស័ទ នៅពេល​ដែល​យើង​លូត​លាស់​ក្នុង​ព្រះគ្រីស្ទ : តើ​ព្រះ​ទ្រង់​មាន​តួនាទី​អ្វី ហើយ​យើង​មាន​តួនាទី​អ្វី? សំណួរ​នេះ​អាច​ពិបាក​ឆ្លើយ នៅពេល​ដែល​យើង​មើល​ព្រះ​គម្ពីរប៊ីប ឃើញ​កន្លែង​ផ្សេង​គ្នា​មាន​ព្រះរាជសារ​ពីរ​ផ្សេង​គ្នា ដែល​ហាក់​ដូច​ជា​ប៉ះទង្គិច​គ្នា : ទីមួយ យើង​ត្រូវ​ខិតខំ​ធ្វើ​ការងារ ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ ហើយ​ទីពីរ ព្រះ​ទ្រង់​ជា​អ្នក​ផ្តល់​ឲ្យ​នូវ​ធនធាន សម្រាប់​ការងារ​នោះ​។
ខ​គម្ពីរ​នេះ ជា​ឧទាហរណ៍​មួយ ដែល​និយាយ​អំពី​សំណួរ​ដែល​ហាក់​ដូចជា​ពិបាក​ឆ្លើយ​។ ពី​ដំបូង សាវ័ក​ពេត្រុស​សរសេរ​ថា «ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ»។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះអង្គ​បាន​ប្រទាន​ឲ្យ​យើង​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​។ ប៉ុន្តែ ពីរបី​បន្ទាត់​ក្រោយមក គាត់​ក៏​បាន​បង្គាប់​អ្នក​អាន​របស់​គាត់​ឲ្យ «បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍»។ ព្រះអង្គ​បាន​ផ្គត់ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ ប៉ុន្តែ យើង​ត្រូវតែ​មាន​ការ​ប្រឹង​ប្រែង​។
ក្នុង​បទ​គម្ពីរ កូល៉ុស ១:២៩ សាវ័ក​ប៉ុល​ក៏បាន​ពិពណ៌នា​ស្រដៀង​នេះ​ដែរ​ថា ការងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ មាន «ការ​ខិតខំ» និង «ខំ​ត​យុទ្ធ»។ យើង​មិន​ពិបាក​ឆ្ងល់​ទេ​ថា សាវ័ក​ប៉ុល​ពិតជា​បាន​ខិតខំ​ធ្វើ​ការ ដើម្បី​បុព្វ​ហេតុ​ព្រះគ្រីស្ទ​។ ប៉ុន្តែ តើ​គាត់​បាន​ខិតខំ​យ៉ាង​ដូច​ម្តេច​ខ្លះ? គាត់​ប្រាប់​យើង​ថា គាត់​បាន​ខិតខំ និង​ត​យុទ្ធ «តាម​ឫទ្ធិ​បារមី​ទ្រង់ ដែល​បណ្ដាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ​ចេស្ដា»។ ការ​ប្រឹង​ប្រែង​របស់​សាវ័ក​ប៉ុល​មាន​ភាព​ច្បាស់​លាស់ ហើយ​បាន​ទទួល​ការ​បណ្តាល​មកពី​ព្រះគ្រីស្ទ​។ 
ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​បទ​គម្ពីរ​ភីលីព ២:១២ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា «ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា»។ នេះ​ជា​ការ​ត្រាស់ហៅ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ពិត​ប្រាកដ ឲ្យ​បន្ត​ដើរ​តាម​ផ្លូវ​ចង្អៀត​។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​និយាយ​ទៀត​ថា «ដ្បិត​គឺជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា»។
បើ​យើង​ចង់​ថ្វាយ​ព្រះ​កិត្តិនាម និង​ស្តាប់​តាម​ការ​ត្រាស់ហៅ ឲ្យ​មាន​ការ​ខិតខំ តាម​បទ​គម្ពីរ​នេះ យើង​ត្រូវតែ​ចាំ​ថា ព្រះ​ទ្រង់​បាន​សម្រេច​បាន​សេចក្តី​សង្គ្រោះ​សម្រាប់​យើង ហើយ​សព្វថ្ងៃ​នេះ ជាជាង​ទុក​យើង​ចោល​ឲ្យ​ខិតខំ​តែឯង ព្រះអង្គ​បាន​បន្ត​ធ្វើ​ការ​ជា​ប្រចាំ​នៅ​ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​យើង​មាន​បំណង​ចិត្ត និង​លទ្ធ​ភាព​ធ្វើ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​។ 
យើង​គួរ​តែ​ជៀស​វាង​ការ​គិត​ខុស និង​ឆ្លើយតប​ចំពោះ​ខ​គម្ពីរ​ដូច​នេះ ដោយ​សន្និដ្ឋាន​ថា យើង​បាន​រួម​ចំណែក​អ្វីមួយ នៅ​ក្នុង​សេចក្តី​សង្គ្រោះ​របស់​យើង ឬថា យើង​មិន​ចាំបាច់​ត្រូវ​ខិតខំ ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ផ្ទះ​នៅ​ស្ថាន​សួគ៌​នោះ​ឡើយ​។ ផ្ទុយ​ទៅវិញ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា យើង​មិន​បាន​រួម​ចំណែក​អ្វី​នៅ​ក្នុង​សេចក្តី​សង្គ្រោះ​ឡើយ ក្រៅពី​មាន​បាប ដែល​យើង​ចាំបាច់​ត្រូវ​ឲ្យ​ព្រះ​អង្គ​សង្គ្រោះ​យើង ហើយ​ទន្ទឹម​នឹង​នោះ យើង​ឱប​ក្រសោប​សេចក្តី​ពិត​ដែល​ថា ការ​ដែល​យើង​ដើរ​ជាមួយ​ព្រះគ្រីស្ទ ត្រូវ​តែ​ធ្វើ​ជា​ផ្នែក​ដែល​សំខាន់​បំផុត ក្នុង​ជីវិត​យើង​។
ដូច​នេះ តើ​យើង​ត្រូវ​ឆ្លើយតប​ដោយ​ស្មោះ​ត្រង់ ចំពោះ​ការ​ត្រាស់ហៅ​ដូច​នេះ​ក្នុង​ព្រះ​គម្ពីរ ដោយ​របៀបណា? គឺ​ដោយ​ខិតខំ​មាន​សេចក្តី​បរិសុទ្ធ និង​អធិស្ឋាន​សូម​ការ​រីក​លូត​លាស់ និង​ដោយ​ដើរ​តាម​ព្រះគ្រីស្ទ ហើយ​ពេលណា​យើង​ជំពប់​ដួល ហើយ​ប្រព្រឹត្ត​បាប យើង​ត្រូវ​សារ​ភាព​បាប និង​ប្រែ​ចិត្ត ហើយ​បន្ត​ដំណើរ​ទៅមុខ​ទៀត​។ អ្នក​ត្រូវតែ​ខិតខំ បើ​អ្នក​ចង់​ក្លាយ​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌ ដែល​កើតជា​ថ្មី ប៉ុន្តែ អ្នក​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ព្រោះ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ផ្តល់​ឲ្យ​អ្នក នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ឲ្យ​អ្នក​អាច​ប្រឹង​ប្រែង​។ នៅពេល​ដែល​អ្នក​បាន​ឈរ​ជាមួយ​ព្រះយេស៊ូវ អ្នក​នឹង​មិន​និយាយ​ថា «ខ្ញុំ​បាន​រស់នៅ​ជា​មនុស្ស​ល្អ​ណាស់!» តែ​អ្នក​នឹង​ប្រកាស​ថា «ព្រះ​ដែល​ខ្ញុំ​បម្រើ ពិតជា​ធំ​ប្រសើរ និង​មាន​ចេស្តា​ណាស់!» 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូល៉ុស ១:២៤-២:៣ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៤៣-៤៥ និង រ៉ូម ១៥:១-១៣

ប្រភេទ