
ថ្វាយបញ្ហារបស់អ្នកក្នុងព្រះហស្តព្រះអង្គ
ដោយAlistair Begg
January 27, 2026
«រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះហាការ
ដូច្នេះ សារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្ដាប់តាម»។ លោកុប្បត្ដិ ១៦:១-២
ជីវិតមានការពិបាក ហើយការរស់នៅជាគ្រីស្ទបរិស័ទ គឺមិនមានន័យថា យើងបានរួចផុតពីទុក្ខលំបាកទាំងនោះទេ។
ពេលណាយើងប្រឈមមុខដាក់ជំងឺ ការបាត់បង់ការងារ ការឈឺក្បាល និងការបែកបាក់ទំនាក់ទំនង និងជួបបញ្ហាផ្សេងទៀត មានសំណួរជាមូលដ្ឋានមួយ ដែលយើងចាំបាច់ត្រូវសួរខ្លួនឯង: តើយើងនឹងដើរតាមផ្លូវនៃសេចក្តីជំនឿ ឬព្យាយាមដោះស្រាយបញ្ហា តាមទំនើងចិត្តរបស់យើងឬ?
លោក អ័ប្រាហាំគឺជាមនុស្សដូចយើងផងដែរ ដោយគាត់បានឆ្លងកាត់ភាពជោគជ័យ ក៏ដូចជាបរាជ័យ ក្នុងការដើរខាងវិញ្ញាណ។ ព្រះទ្រង់បានសន្យាថា នឹងធ្វើឲ្យគ្រួសារគាត់ក្លាយជាជាតិសាសន៍ធំមួយ និងធ្វើជាព្រះពរ ដល់លោកិយទាំងមូល តាមរយៈមនុស្ស នៅក្នុងជាតិសាសន៍នោះ(លោកុប្បត្ដិ ១២:១-៣)។ លោក អ័ប្រាហាំ និងនាង សារ៉ា មានវ័យចាស់ ហើយមិនទាន់មានកូននៅឡើយទេ តែពួកគេនឹងមាន «កូនប្រុសម្នាក់» ដែលនឹងស្នងមរតករបស់ពួកគេ(១៥:៤)។ លោក អ័ប្រាហាំ «ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់»(ខ.៦)។
ប៉ុន្តែ បន្ទាប់ពីពួកគេបានរង់ចាំអស់ជាច្រើនឆ្នាំ សេចក្តីជំនឿរបស់លោក អ័ប្រាហាំមានការរេរា។ តាមការសន្និដ្ឋាន ពីមួយខែទៅមួយខែ សេចក្តីសង្ឃឹមរបស់ពួកគេមានការឡើងចុះៗ ហើយជាច្រើនខែឆ្នាំកន្លងផុតទៅ នាង សារ៉ាមានវ័យកាន់តែចាស់ កាន់តែសោកសៅ និងកាន់តែខ្វះភាពអត់ធ្មត់។ ដូចនេះ ពួកគេក៏បានឈានទៅដល់វិបត្តិនៃសេចក្តីជំនឿ។ ពួកគេដឹងថា ព្រះមានពិតមែន ព្រះទ្រង់មានគ្រប់ចេស្ដា ហើយព្រះអង្គបានសន្យាថា ពួកគេនឹងមានកូនប្រុសម្នាក់ ប៉ុន្តែ ពួកគេក៏ដឹងដែរថា ខ្លួនមិនទាន់មានកូននៅឡើយទេ។ តើពួកគេនឹងបណ្តោយឲ្យសំណួរក្នុងចិត្តបំផ្លាញសេចក្តីជំនឿរបស់ពួកគេ ឬពួកគេអនុញ្ញាតឲ្យជំនឿរបស់ពួកគេលប់បំបាត់សំណួរដែលមានក្នុងចិត្ត?
ខគម្ពីរខាងលើបានពិពណ៌នា អំពីការសម្រេចចិត្តដ៏សោកសៅ ដោយពួកគេបានស្វែងរកដំណោះស្រាយ តាមទំនើងចិត្ត និងតាមសមត្ថភាពរបស់ខ្លួនឯង។ នៅក្នុងការសង្ស័យ និងភាពអស់សង្ឃឹម នាង សារ៉ាក៏បានបង្គាប់លោក អ័ប្រាហាំ ឲ្យទៅរួមដំណេកជាមួយនាង ហាការ ជាស្រីបម្រើ ដោយសង្ឃឹមថា ពួកគេនឹងទទួលបានកូនដែលព្រះទ្រង់បានសន្យា ហើយលោក អ័ប្រាហាំក៏បានធ្វើតាមការសម្រេចចិត្តនេះ។
នេះជាការសម្រេចចិត្តខុស។ ពួកគេសង្ស័យថា ព្រះទ្រង់ប្រហែលមិនគោរពព្រះបន្ទូលសន្យារបស់ទ្រង់ឡើយ បានជាពួកគេបានព្យាយាមធ្វើឲ្យការសន្យានោះក្លាយជាការពិត ដោយទង្វើអសីលធម៌របស់ពួកគេ។ ពួកគេបានធ្វើការសម្រេចចិត្ត ដោយគិតស្មានថា វាមានភាពងាយស្រួល។ ពួកគេមិនសួរថា ទង្វើនេះត្រឹមត្រូវឬអត់ទេ តែពួកគេសួររកតែអ្វីដែលពួកគេអាចធ្វើទៅរួច។ ពួកគេបណ្តោយឲ្យអារម្មណ៍ ដែលផ្តេកផ្តួលតាមទិដ្ឋភាពជាក់ស្តែង ដឹកនាំការសម្រេចចិត្ត ទាស់ប្រឆាំងនឹងជំនឿរបស់ពួកគេ ហើយការធ្វើដូចនេះ នាំឲ្យមានការឈឺចាប់ ទុក្ខវេទនា និងការឈឺក្បាលកាន់តែខ្លាំង សម្រាប់ខ្លួនឯង និងនាង ហាការ។ ពួកគេគិតឃើញថា ការអារកាត់ដោយខ្លួនឯង នឹងនាំមកនូវភាពងាយស្រួលជាង តែផ្ទុយទៅវិញ រឿងស្មុគស្មាញបានកើតឡើង។
ពេលណាយើងទុកសេចក្តីជំនឿចោល ហើយប្រឹងជួយខ្លួនឯង យើងធ្វើឲ្យជីវិតយើងមានភាពស្មុគស្មាញ។ យើងនឹងជួបភាពវឹកវរ និងការឈឺក្បាល ពេលណាយើងព្យាយាមធ្វើអ្វីៗតាមទំនើងចិត្ត ធ្វើផែនការតាមបំណងចិត្តខ្លួនឯង ជាជាងទុកចិត្តថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យា។ ជំនឿ និងការរង់ចាំ ត្រូវដើរទន្ទឹមគ្នា។ ចូរកុំអស់សង្ឃឹម ពេលណាអ្នកកំពុងអង្គុយក្នុងបន្ទប់រង់ចាំនៃជីវិត។ ជានិច្ចជាកាល ការទុកចិត្ត និងការរង់ចាំព្រះអម្ចាស់ គឺជាទង្វើដ៏ត្រឹមត្រូវ។ តើអ្នកចាំបាច់ត្រូវរស់នៅ យ៉ាងដូចនេះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក នៅថ្ងៃនេះ?
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូប ១:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ១៧-១៩ និង ម៉ាកុស ៥:១-២០