នំម៉ាណាប្រចាំថ្ងៃ
ការ​ដឹង​គុណ​ព្រះ ការ​អធិស្ឋាន និង​ក្តី​អំណរ​កាន់តែ​ខ្លាំង

ការ​ដឹង​គុណ​ព្រះ ការ​អធិស្ឋាន និង​ក្តី​អំណរ​កាន់តែ​ខ្លាំង

ដោយAlistair Begg

January 28, 2026

«ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​។ ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អំណរ​នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំងពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ​។ ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះអង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពេញ​ខ្នាត​ឡើង ទាល់តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ»។ ភីលីព ១:៣-៦
សេចក្តី​អធិស្ឋាន​របស់​យើង មាន​ការ​ឆ្លុះ​បញ្ចាំង​ជា​ច្រើន អំពី​ខ្លួន​យើង និង​មនុស្ស​នៅ​ជុំវិញ​យើង​។ 
សាវ័ក​ប៉ុល និង​អ្នកជឿ​ព្រះ នៅ​ទីក្រុង​ភីលីព មាន​អំណរ នៅ​ក្នុង​ការ​ធ្វើ​ការ​ជា​ដៃ​គូរ ដែល​បាន​ចាក់​ឫស​ក្នុង​ដំណឹង​ល្អ​។ ទំនាក់​ទំនង​របស់​ពួកគេ មិនមែន​ជា​ការ​ប្រកប​ដែល​នៅ​ត្រឹង​មួយ​កន្លែង ដោយ​ពឹង​ផ្អែក​តែ​បន្តិច​បន្តួច ទៅលើ​សេចក្តី​ជំនឿ​រួម​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ពួកគេ​មាន​មិត្តភាព​កាន់តែ​ស៊ី​ជម្រៅ​ដែល​មានផល​ផ្លែ ខណៈ​ពេល​ដែល​ពួកគេ​បន្ត «តតាំង​ជាមួយ​គ្នា ដោយនូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ» ហើយ «បង្ហើយ​សេចក្ដី​សង្គ្រោះ» របស់​ពួកគេ «ដោយ​កោត​ខ្លាច ហើយ​ញាប់ញ័រ» (ភីលីព ១:២៧ ២:១២)។ ការ​រស់នៅ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព មាន​ការ​រីកចម្រើន ទាំង​នៅ​ក្នុង​ទំនាក់​ទំនងជា​មួយ​សាវ័ក​ប៉ុល ដែល​ជា​អ្នក​បម្រើ​របស់​ពួកគេ ក៏​ដូចជា​នៅ​ក្នុង​ទំនាក់​ទំនងជា​មួយ​ព្រះគ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួកគេ​។ ដោយសារ​ភាពជា​ដៃគូ​នេះ សាវ័ក​ប៉ុល​អាច​មាន​ការ​ដឹង​គុណ​ព្រះអម្ចាស់ ការ​អធិស្ឋាន និង​អំណរ​កាន់តែ​ខ្លាំង​ឡើង​។ ដើម្បី​ឲ្យ​ពួក​ជំនុំ​មាន​ការ​ចម្រើន​ឡើង​ខាង​វិញ្ញាណ ទំនាក់​ទំនង​ក្នុង​ចំណោម​សមាជិក ត្រូវតែ​មាន​ការ​ដឹង​គុណ​ព្រះ​ពិត​ប្រាកដ​។ ការ​ដឹង​គុណ​ព្រះ​យ៉ាង​ដូច​នេះ មិន​គួរ​អាស្រ័យ​ទៅលើ​ភាព​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ដទៃ​ឡើយ ព្រោះ​យើង​រាល់​គ្នា​សុទ្ធតែ​នៅ​ឆ្ងាយ​ពី​ភាព​ល្អ​ឥត​ខ្ចោះ​។ ផ្ទុយ​ទៅវិញ ភាព​ខ្វះ​ចន្លោះ​របស់​យើង​គួរតែ​ជំរុញ​ចិត្ត​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក! ជាង​នេះ​ទៅទៀត ការ​ដឹង​គុណ​ព្រះ​អស់ពី​ចិត្ត ជួយ​ឲ្យ​ការងារ​បម្រើ​ព្រះ​ដែល​មានផល​ផ្លែ មាន​ដំណើរ​ការ​ទៅមុខ​។ 
យើង​អាច​មើល​ឃើញ​ភាពជា​ដៃគូ​របស់​សាវ័ក​ប៉ុល នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា «ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អំណរ​នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច»។ គាត់​មិន​គ្រាន់តែ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​សុខ​សប្បាយ ឬ​អ្នក​ដែល​នៅ​ក្បែរ​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​អធិស្ឋាន​ឲ្យ​គេ​រាល់​គ្នា​។ យើង​ក៏​ចាំបាច់​ត្រូវ​ធ្វើ​ដូច​គាត់​ផង​ដែរ! ជា​ការ​ពិត​ណាស់ បើ​យើង​អធិស្ឋាន​ឲ្យ​មនុស្ស​ដែល​យើង​ច្រើនតែ​ពិបាក​អធិស្ឋាន​ឲ្យ​ជាងគេ យើង​នឹង​បាន​ដឹង​ថា ពួកគេ​ពិតជា​អាច​ក្លាយ​ជា​ដៃគូ​ល្អ​បំផុត​របស់​យើង​។ យើង​ថែម​ទាំង​អាច​គិតថា ពួកគេ​បាន​ផ្លាស់​ប្រែ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ដឹង​ផង​ដែរ​ថា យើង​បាន​ផ្លាស់​ប្រែ​ ព្រោះ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​យើង បាន​ទទួល​ការ​បណ្តាល​ពី​ការ​ដឹង​គុណ​ព្រះអង្គ​។
អំណរ​ដ៏​ពោរ​ពេញ​កើត​មាន ពេលណា​យើង​ធ្វើ​ការ​ជា​ដៃ​គូរ ក្នុង​ការ​អធិស្ឋាន​ជាមួយ​គ្នា​។ ការ​អធិស្ឋាន​ខ្លះ​មាន​ការ​ឈឺ​ចាប់ ដោយ​ជៀស​មិន​រួច​។ យើង​ឈឺ​ចិត្ត ពេល​ដែល​យើង​ជួយ​រំលែក​បន្ទុក​បង​ប្អូន​ប្រុស​ស្រី​របស់​យើង ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយសារ​កូន ទំនាក់​ទំនង​ប្តី​ប្រពន្ធ ការ​បាត់បង់​ការងារ ជំងឺ ឬ​ការ​កាន់​ទុក្ខ​របស់​ពួកគេ​។ ប៉ុន្តែ នៅពេល​ផ្សេង​ទៀត ការ​អធិស្ឋាន​មិន​មាន​លក្ខណៈ​ដូច​ការ​ហែល​បញ្ច្រាស​ខ្សែ​ទឹក​នោះ​ទេ តែ​ការ​អធិស្ឋាន​អាច​ដូច​ទឹក​ជ្រោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ទាំង​អស់​គ្នា​។ ពេលណា​យើង​រួម​គ្នា​អធិស្ឋាន​ទូល​ថ្វាយ​អំពី​ស្ថានភាព តម្រូវការ និង​ជ័យ​ជម្នះ​របស់​យើង នៅ​ពីមុន​បល្ល័ង្ក​នៃ​ព្រះគុណ ការ​ប្រកប​គ្នា​នឹង​នាំមក​នូវ​អំណរ​។ នេះ​ជា​អារម្មណ៍​ដែល​សាវ័ក​ប៉ុល​មាន ចំពោះ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​។ គាត់​បាន​អធិស្ឋាន ដោយ​ចិត្ត​សោកសៅ និង​ដោយ​ក្តី​សង្ឃឹម ក៏​ដូចជា​អធិស្ឋាន​ដោយ​អំណរ ដោយសារ​ពួកគេ​បាន​ធ្វើ​ជា​ដៃ​គូរ​ដំណឹង​ល្អជា​មួយ​គាត់​។
យើង​អាច​រៀន​សូត្រ​ពី​សាវ័ក​ប៉ុល​។ គាត់​ដឹង​ថា ការ​ប្រកប​គ្នា​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត អាច​នាំមក​នូវ​ការ​ដឹង​គុណ​ព្រះ ការ​អធិស្ឋាន​កាន់តែ​ខ្ជាប់ខ្ជួន និង​អំណរ​។ តើ​ការ​អធិស្ឋាន​របស់​អ្នក សម្រាប់​ដៃ​គូរ​ដំណឹង​ល្អ​របស់​អ្នក បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​អធិស្ឋាន​របស់​សាវ័ក​ប៉ុល សម្រាប់​ដៃ​គូរ​ដំណឹង​ល្អ​របស់​គាត់​យ៉ាងណា​ខ្លះ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ១:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ២០-២២ និង ម៉ាកុស ៥:២១-៤៣

ប្រភេទ