
ការស្កប់ចិត្ត ដោយមិនលោភចង់បានទ្រព្យអ្នកដទៃ
ដោយAlistair Begg
March 7, 2026
«កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្ដី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ» ។ និក្ខមនំ ២០:១៧
ក្រឹត្យវិន័យទី១០ ដែលជាក្រឹត្យវិន័យចុងក្រោយ មិនបានបន្ធូរដៃឲ្យយើងឡើយ ។ ក្រឹត្យវិន័យ៤ប្រការ មុនក្រឹត្យវិន័យទី១០ បានផ្ដោតជាចម្បងទៅលើសកម្មភាពរបស់យើង (ទោះក្រឹត្យវិន័យនេះក៏បានផ្ដោតទៅលើផ្នែកផ្សេងទៀតក៏ដោយ) ។ ក្រឹត្យវិន័យនេះបានផ្ដោតទៅលើបំណងចិត្ត និងអាកប្បកិរិយារបស់យើងវិញ ។ កាលព្រះទ្រង់ហាមយើង មិនឲ្យមានចិត្តលោភចង់បានរបស់ទ្រព្យអ្នកដទៃ គឺព្រះអង្គកំពុងហាមយើង មិនឲ្យមានចិត្តចង់បានរបស់ព្រះ ដែលព្រះទ្រង់សម្រេចព្រះទ័យប្រទានដល់អ្នកដទៃ ដែលនេះជាបញ្ហាដែលហាក់ដូចជាមានលក្ខណៈសកល ។ កម្មបទនៃការច្រណែនរបស់យើង អាចមានទម្រង់ជាច្រើន ដូចជា ឥទ្ធិពល មុខតំណែង និងទ្រព្យសម្បត្តិជាដើម ។ សាវ័កយ៉ូហានបានដឹងថា ចិត្តរបស់យើងងាយនឹងធ្លាក់ចូលទៅក្នុងការលោភចង់បានទ្រព្យអ្នកដទៃ បានជាគាត់ដាស់តឿនយើងថា «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ ... ដ្បិតអស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ» (១យ៉ូហាន ២:១៥-១៧) ។
យើងត្រូវដឹងថា យើងពិតជាងាយនឹងជួបការល្បួងឲ្យលោភចង់បានទ្រព្យអ្នកដទៃ តែជាងនេះទៅទៀត យើងក៏ចាំបាច់ត្រូវទទួលស្គាល់ផលវិបាកដ៏ហិនហោច នៃការលោភចង់បានទ្រព្យអ្នកដទៃផងដែរ ។ វាធ្វើឲ្យខូចទំនាក់ទំនង ហើយនាំឲ្យមានការមិនចុះសម្រុងជាច្រើន ព្រោះយើងមិនអាចស្រឡាញ់នរណាម្នាក់បានទេ នៅពេលដែលយើងលោភចង់បានទ្រព្យរបស់គាត់នោះ ។ វាធ្វើឲ្យយើងមានចិត្តអាត្មានិយម ។ ហើយវាធ្វើឲ្យយើងផ្ដោតចិត្តទៅលើរបស់ទ្រព្យ ។
ព្រះយេស៊ូវបានមានបន្ទូលអំពីផលវិបាកទាំងនេះ កាលព្រះអង្គដាស់តឿនយើង មិនឲ្យលោភចង់បានទ្រព្យអ្នកដទៃ ។ កាលបុរសម្នាក់បានចូលមករកព្រះអង្គ ដោយការព្រួយបារម្ភអំពីកេរមរតករបស់គាត់ ព្រះអង្គក៏បានមានបន្ទូលចូលទៅដល់ឫសគល់នៃបញ្ហារបស់គាត់ យ៉ាងដូចនេះថា «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ» (លូកា ១២:១៥) ។ នេះជាការដាស់តឿនសម្រាប់ចិត្តដែលលោភចង់បានទ្រព្យអ្នកដទៃ ។ យើងពិតជាងាយនឹងភ្លេចសេចក្តីពិតនេះណាស់ ដោយជឿថា យើងនឹងមានអំណរពិតប្រាកដ និងស្ថិតស្ថេរ បើសិនជាយើងអាចមានលុយ មានកេរ្តិ៍ឈ្មោះ ឬមានពេលទំនេរតែបន្តិចទៀត ឬមួយមានអ្វីក៏ដោយដែលយើងឃើញអ្នកដទៃមាន ហើយលោភចង់បានរបស់ទ្រព្យទាំងនោះ ។
ដូចនេះ តើយើងអាចតយុទ្ធនឹងអំពើបាបដ៏គ្រោះថ្នាក់នេះ ដោយរបៀបណា ? បើការលោភចង់បានទ្រព្យអ្នកដទៃ គឺជាភាពឥតរបៀបនៃបំណងចិត្តរបស់យើង នោះយើងត្រូវតែខិតខំបង្កើតឲ្យមានបំណងចិត្តដ៏ត្រឹមត្រូវ ។ តាមរយៈការអានព្រះគម្ពីរប៊ីប និងការអធិស្ឋាន តាមរយៈការថ្វាយបង្គំ និងការប្រកបគ្នា យើងអាចបង្កើនការស្រេកឃ្លានរកការអ្វីគោរពប្រតិបត្តិព្រះ ហើយទន្ទឹមនឹងនោះ កាត់បន្ថយការស្រេកឃ្លានខាងឯលោកិយ ដោយការតាំងចិត្ត ។ ការមានទម្លាប់ប្រភេទនេះនឹងនាំឲ្យជីវិតយើងមានការស្កប់ចិត្ត ដើម្បីឲ្យយើងអាចបន្លឺសម្លេងឡើង ជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា «ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ» (ទំនុកដំកើង ៧៣:២៥-២៦) ។
តើអ្នកចង់មានការស្កប់ចិត្តឬទេ ? តើអ្នកចង់ការពារខ្លួនឲ្យរួចផុតពីការលោភចង់បានទ្រព្យអ្នកដទៃឬទេ ? បើដូច្នោះមែន នោះចូរស្វែងរកការស្កប់ចិត្តក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ ។ នៅពេលក្រោយ បើអ្នកមានអារម្មណ៍អាណិតខ្លួនឯង ជាជាងអរសប្បាយនឹងអ្នកដទៃ ដោយសារពួកគេមានព្រះពរដែលអ្នកមិនមាន ចូរទូលសូមព្រះអម្ចាស់ជួយអ្នកឲ្យអាចនិយាយមកកាន់ខ្លួនឯង ដោយជំនឿថា «ក្នុងលោកិយនេះ គ្មានអ្វីសំខាន់ជាងការស្គាល់ព្រះឡើយ ។ គ្មានព្រះពរនៅផែនដីណា ដែលអាចស្ថិតស្ថេរអស់កល្បឡើយ ។ ដូចនេះ ខ្ញុំនឹងស្កប់ចិត្តក្នុងព្រះអង្គ គឺព្រះអង្គតែប៉ុណ្ណោះ» ។
ខគម្ពីរជញ្ជឹងគិត៖ ភីលីព ៤:៨-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៥-៧ និង ១កូរិនថូស ៣