នំម៉ាណាប្រចាំថ្ងៃ
លះ​បង់​ចោល​ការ​ប្រញាប់​ប្រញាល់

លះ​បង់​ចោល​ការ​ប្រញាប់​ប្រញាល់

ដោយAlistair Begg

March 11, 2026

«ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​សាក​មើល​ហើយ» ។ ទំនុក​ដំកើង ១៨:៣០
ព្រះ​ទ្រង់​មិន​ដែល​ធ្វើ​អ្វី​ទាំង​ប្រញាប់​ប្រញាល់​ទេ​ ។ ព្រះអង្គ​ក៏​មិន​ដែល​យឺត​យ៉ាវ​ដែរ​ ។ ព្រះអង្គ​តែងតែ​កំណត់​ពេល​វេលា​យ៉ាង​ឥត​ខ្ចោះ​ ។ តែ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ពេល​វេលា​នៃ​ជីវិត​មួយ​ភាគ​ធំ ដោយ​ប្រញាប់​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​ការ​ថប់​បារម្ភ​ ចង់​ឲ្យ​អ្វីមួយ​កើត​ឡើង តាម​ការ​គិត​របស់​ខ្លួន​ ។
ចូរ​យើង​ពិចារណា​អំពី​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​នាងអេសធើរ ជំពូក៦​ ។ ជំពូក​មួយ​នេះ មាន​ការ​និយាយ​ច្រើន អំពី​ការ​ប្រញាប់​ប្រញាល់​ ។ មិនមែន​ជា​ការ​ប្រញាប់​ប្រញាល់​របស់​ព្រះអង្គ តែ​មនុស្ស​ទៅវិញ​ទេ ដែល​ប្រញាប់​ប្រញាល់​ ។
លោក ​ហា​ម៉ាន បាន​ក្រោក​ពី​ដំណេក ហើយ​ប្រញាប់​ទៅ​ចូល​គាល់​ស្តេច រឿង​ព្យួរ​ក​លោក ​ម៉ា​ដេកាយ (នាងអេសធើរ ៦:៤) ។ នៅពេល​ដែល​ស្តេច​អ័ហាស៊ូរុស​បង្គាប់​គាត់ ឲ្យ​ប្រញាប់ ទៅ​យក​ព្រះ​ពស្ត្រា​រាជ្យ ដើម្បី​លើក​តម្កើង​មនុស្ស​ដែល​ស្តេច​សព្វ​ព្រះទ័យ​នឹង​ប្រទាន​កិត្តិយស (ខ.១០) គាត់​មិន​មាន​ការ​ទើស​ទាល់​អ្វី​ទេ ដោយ​គាត់​គិត​ស្មានថា អ្នក​ដែល​ត្រូវ​ទទួល​កិត្តិយស​នោះ​គឺជា​ខ្លួន​គាត់​ ។ ក្រោយមក យើង​ឃើញថា លោក ​ហាម៉ាន​មាន​ការ​ប្រញាប់​ម្តង​ទៀត ប៉ុន្តែ លើក​នេះ​គ្រួសារ​របស់​គាត់​ត្រូវ​ទទួល​ភាព​អា​ម៉ាស (ខ.១២) ដោយ​ស្តេច​បង្គាប់​គាត់​ឲ្យ​យក​អាវ​កិត្តិយស​នោះ​ទៅ​បំពាក់​ឲ្យ​លោក ​ម៉ា​ដេកាយ ជា​ខ្មាំង​សត្រូវ​របស់​គាត់​ ។ គាត់​មិន​ចង់​ឲ្យ​នរណា​មើល​ឃើញ​គាត់​ទេ បានជា​គាត់​គ្រប​ក្បាល ដូច​ឧក្រិដ្ឋជន ដែល​គ្រប​ក្បាល មិន​ឲ្យ​អ្នក​កាសែត​ថត​មុខ​របស់​ខ្លួន​អញ្ចឹង​ដែរ​ ។ គាត់​កំពុង​ស្ថិត​ក្នុង​ទិដ្ឋភាព​ដែល​ខក​ចិត្ត និង​ឈឺ​ចាប់​ ។
ទោះជា​យ៉ាងណា​ក៏ដោយ លោក ​ម៉ាដេកាយ មិន​មាន​ការ​ប្រញាប់​ប្រញាល់​ទេ​ ។ គេ​បាន​មើល​រំលង​គាត់​ ។ ការ​ដាស់តឿន​គាត់ អំពី​គម្រោង​ធ្វើឃាត​គាត់ មាន​សារៈសំខាន់​ចំពោះ​គាត់ តែ​ហាក់​ដូចជា​គ្មាន​នរណា​ម្នាក់​ខ្វល់ ហើយ​សូម្បីតែ​ស្តេច​ក៏​មិន​ខ្វល់ ទោះ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ទ្រង់​ក៏ដោយ​ ។ គាត់​មិន​បាន​ទទួល​កិត្តិយស និង​ការ​ទទួល​ស្គាល់ អស់​រយៈ​ពេល​បួន​ប្រាំ​ឆ្នាំ (នាងអេសធើរ ៦:៣) ប៉ុន្តែ គាត់​នៅតែ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​ចិត្ត​អត់​ធ្មត់​ ។ គាត់​បាន​ទុកចិត្ត​ព្រះ និង​ផែនការ​ទ្រង់​ ។ គាត់​ដឹង​ថា «ផ្លូវ​របស់​ទ្រង់​គ្រប់​លក្ខណ៍» ។
លោក​គ្រូ ដេរេក ឃីដន័រ (Derek Kidner) បាន​សរសេរ​ថា «រាល់​ការ​ពន្យារ​ពេល​របស់​ព្រះ គឺ​កំពុងតែ​ធ្វើ​ឲ្យ​មាន​ភាព​ពេញវ័យ​ដល់​ពេល​វេលា ... ឬ​មនុស្ស» ។24 អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា «កាល​មុន​ដែល​ទូល​បង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូល​បង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូល​បង្គំ​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ» (ទំនុក​ដំកើង ១១៩:៦៧) ។ តាម​និស្ស័យ​សាច់ឈាម​របស់​យើង យើង​ចង់​ធ្វើ​អ្វីៗ​តាម​ចិត្ត​របស់​យើង ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​យើង គឺ​មិន​ខុស​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ទេ​ ។ ប៉ុន្តែ នៅពេល​ដែល​ផែនការ​របស់​ព្រះ ធ្វើ​ឲ្យ​យើង​រង់​ចាំ​យូរ​លើស​ការ​រំពឹង​ចង់​បាន​របស់​យើង ឬ​យើង​ថែម​ទាំង​មាន​ការ​ខក​ចិត្ត ការ​ឈឺ​ចាប់ និង​ការ​ឈឺ​ក្បាល នោះ​គឺជា​ឱកាស​សម្រាប់​ឲ្យ​យើង​ចាប់​អារម្មណ៍​មក​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​សម្រេច​ផែនការ​យ៉ាង​ឥត​ខ្ចោះ​ ។
ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​ជឿ​ថា ផ្លូវ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ ហើយ​ព្រះបន្ទូល​ទ្រង់​ពិត មិន​គ្រាន់តែ​នៅពេល​ដែល​យើង​ឃើញ​ថា ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​យើង តែ​ក៏​នៅពេល​ដែល​យើង​ជួប​បរាជ័យ និង​គេ​មើល​រំលង​ការ​ល្អ​ដែល​យើង​បាន​ធ្វើ ដែល​សមនឹង​ទទួល​កិត្តិយស និង​ការ​សរសើរ​ ។ តើ​អ្នកជឿ​ដូច​នេះ​ទេ ? ចូរ​ចាំ​ថា សូម្បីតែ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ជា​ផែនការ​ធំ​បំផុត​ក៏​មិន​តម្រូវ​ឲ្យ​មាន​ការ​ប្រញាប់​ប្រញាល់​ដែរ «ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស» (រ៉ូម ៥:៦) ។ ផ្លូវ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ ហើយ​ការ​កំណត់​ពេល​វេលា​របស់​ព្រះអង្គ​ក៏​ឥត​ខ្ចោះ​ ។ ដូច​នេះ ចូរ​យើង​ឈប់​ប្រញាប់​ប្រញាល់ ហើយ​លះ​បង់​ចោល​ការ​ថប់​បារម្ភ ដោយ​រៀន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ការ​ទ្រង់ តាម​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ សុភាសិត ៣:៥-១២
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ១៧-១៩ និង ១កូរិនថូស ៧:១-១៩

ប្រភេទ