នំម៉ាណាប្រចាំថ្ងៃ
មាន​ជំនឿ​ពិត​ប្រាកដ

មាន​ជំនឿ​ពិត​ប្រាកដ

ដោយAlistair Begg

June 10, 2026

«អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រងទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេង​‍ៗ​ក៏​ដោយ ។ ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍ឈ្មោះ នឹង​សិរី​ល្អ ក្នុង​កាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក» ។ ១​ពេត្រុស ១:៦-៧
នៅ​ក្នុង​រឿង​ខ្លះ មាន​តែ​ពេល​វេលា​ទេ ដែល​អាច​ប្រាប់​យើង​ថា ការសម្រេចចិត្ត​នោះ​ត្រូវ​ឬ​អត់ ។
បើ​អ្នក​ចង់​ទិញ​ទូ​ខោអាវ ឬ​ទូ​ដាក់​ឥវ៉ាន់​មួយ ក្នុង​តម្លៃ​សមរម្យ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​អ្នក​គួរ​តែ​ទិញ​ទូ​មួយទឹក ដែល​មាន​តម្លៃ​ស្ទើរ​តែ​ស្មើ​ទូ​ថ្មី ដែល​គេ​លក់​បញ្ចុះ​តម្លៃ​ឬ​ទេ ។ គុណ​វិបត្តិ​ស្ថិត​នៅ​ត្រង់​ថា អ្នក​នឹង​ដឹង​ថា ទូរ​នោះ​ល្អ​ឬ​អត់ នៅ​ពេល​ដែល​អ្នក​បាន​ប្រើ​វា​មួយ​រយៈ​ពេល ហើយ​ឃើញ​ថា ថត ឬ​ទ្វារ​របស់​វា​បិទ​បើក​មិន​ស្រួល ។ មិន​យូរ​ប៉ុន្មាន​គ្រឿង​សង្ហារិម​មួយ​នេះ​ប្រែ​ជា​មាន​ភាព​រញ៉េរញ៉ៃ ។ វា​ប្រហែល​ជា​ល្អ​តែ​សម្បក​ក្រៅ ពេល​ដែល​អ្នកពិនិត្យ​មើល​ពី​ដំបូង ប៉ុន្តែ អ្នក​ដឹង​អំពី​បញ្ហា​ពិត​របស់​វា ពេល​ដែល​អ្នក​ប្រើ​វា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ពេល​វេលា ក៏​បាន​ធ្វើ​តេស្ដ​លើ​វា បង្ហាញ​ឲ្យ​យើង​ដឹងការ​ពិត​ថា យើង​មាន​ផលិត​ផល​ពិត ឬ​ក្លែងបន្លំ ។
តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ដឹង​ថា យើង​មាន​ជំនឿ​ពិត​ឬ​អត់? ចម្លើយ​នោះ​គឺ យ៉ាង​ហោច​ណាស់ យើង​អាច​ដឹង​ថា ជំនឿ​យើង​ពិត​ឬ​អត់ នៅ​ក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ ដែល​ក្នុង​នោះ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក នៅ​ចំពោះមុខ​យើង ។
អ្នក​ខ្លះ​លើក​ឡើង​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មានជ័យ​ជម្នះ មិន​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត​ឡើយ បាន​សេចក្តី​ថា បើ​យើង​ជា​បុរស និង​ស្ត្រី​នៃ​សេចក្តី​ជំនឿ យើង​នឹង​មិន​ជួប​ទុក្ខ​លំបាក​ទេ ។ សាវ័ក ​ពេត្រុស​បាន​និយាយ​ផ្ទុយ​ពី​នេះ​ថា ទុក្ខ​លំបាក និង​ការ​ល្បងល​ក្នុង​ជីវិត​គ្រីស្ទាន មិន​មែន​ជា​រឿង​ចម្លែក ខុស​ពី​ធម្មតា ឬ​មិន​មាន​ប្រយោជន៍ ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​នោះ​​ឡើយ តែ​វា​បាន​កើត​ឡើង តាម​ផែនការ​ព្រះ ។
យើង និង​មនុស្ស​ដែល​កំពុង​មើល​យើង នឹង​បាន​ដឹង​ថា ជំនឿ​របស់​យើង​ពិត​ប្រាកដ​ឬ​អត់ ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម ហើយ​បដិសេធ​មិន​ព្រម​រត់គេច តែ​ផ្ទុយ​ទៅ​វិញ យើង​បន្ត​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​របស់​ព្រះ​គ្រីស្ទ ទោះ​ផ្លូវ​ដែល​ព្រះ​អង្គ​ដឹក​នាំ​យើង​ដើរ​មាន​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ។ ពេល​ណា​ទុក្ខ​លំបាក​មក​ដល់ ហើយ​អ្វីៗ​មិន​មាន​ដំណើរ​ការ​ល្អ យើង​ដឹង​ថា យើង​មាន​ជំនឿ​ពិត​ឬ​អត់ ក្នុង​ទីបន្ទាល់​នៃ​ការ​រស់​នៅ និង​ការប្រកាស​សេចក្តី​ជំនឿ​របស់​យើង អំពី​ព្រះ​គុណ សន្តិភាព និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ ។
លោកគ្រូ ឆាល ស្ព័រជិន​ (Charles Spurgeon) បាន​សរសេរ​ក្នុង​សៀវភៅ​ដែល​គាត់​បាន​និពន្ធ​យ៉ាង​ដូច​នេះ​ថា «អ្នក​ដែល​ចង់​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ជា​ច្រើន ។ គ្មាន​នរណា​អាច​មាន​កិត្តិយស​នៅ​ចំពោះ​ព្រះ ដោយ​មិន​បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​នោះ​ឡើយ ។ ដូច​នេះ បើ​ជីវិត​អ្នក​មាន​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក និង​ការ​ល្បងល​ជា​ច្រើន ចូរ​អរសប្បាយ​ឡើង ព្រោះ​ទុក្ខ​លំបាក​ទាំង​នោះ​ផ្តល់​ឱកាស​ឲ្យ​អ្នក​បង្ហាញ​ថា ព្រះ​គុណ​ព្រះ​មាន​ភាព​គ្រប់គ្រាន់​យ៉ាង​ពេញលេញ​យ៉ាង​ណា ។ ចូរ​កុំ​គិត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត ចូរ​កុំ​គិត​ដូច​នេះ​ឡើយ ។ ព្រះ​ដែល​បាន​ជួយ​អ្នក​មក​ដល់​ចំណុច​នេះ នឹង​បន្ត​ស្មោះត្រង់​ចំពោះ​អ្នក​រហូត​ដល់​ទី​បញ្ចប់» ។48 
តើ​បញ្ហា​ប្រឈម​ធំ​បំផុត​នៃ​ជីវិត នឹង​បង្ហាញ​ថា អ្នក​មាន​ជំនឿ​ពិត​ប្រាកដ​ឬ​ទេ? ជំនឿ​យើង​អាច​ពិត​ប្រាកដ​បាន ទាល់​តែ​យើង​ពឹងផ្អែក​ទៅ​លើ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ព្រះ​គុណ​ព្រះ​ក៏​ផ្តល់​ឲ្យ​យើង​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ ពេល​ដែល​អ្នក​ទុក​ចិត្ត​លើ​ព្រះ​គុណ​ព្រះ​អង្គ អ្នក​នឹង​រក​ឃើញ​ថា អ្នក​អាច​អរសប្បាយ ព្រោះ​សុភមង្គល​របស់​អ្នក​មិន​ផ្តេក​ផ្តួល​ទៅ​លើ​កាលៈទេសៈ​នោះ​ទេ តែ​អ្នក​អាច​រក​ឃើញ​សុភមង្គល នៅ​ក្នុង​ការ​ស៊ូទ្រាំ ក្នុង​សេចក្តី​ជំនឿ ដោយ​ស្គាល់​ភាព​គ្រប់គ្រាន់​នៃ​ព្រះ​គ្រីស្ទ ក្នុង​កាលៈទេសៈ ដែល​អ្នក​មិន​ចង់​ជួប ហើយ​នៅ​ក្នុង​ការ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​លេច​មក ។

ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ាកុប ៥:៧-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យេរេមា ១៥-១៧ និង ម៉ាថាយ ២៣:១-២២

48 Morning and Evening, revised and updated by Alistair Begg (Crossway, 2003), March 4 morning reading.