នំម៉ាណាប្រចាំថ្ងៃ
គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​តែមួយ

គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​តែមួយ

ដោយAlistair Begg

August 10, 2026

«នោះ​មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ជំនួញ​ល័ខ​ពណ៌ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធា​ទេរ៉ា ជា​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ នាង​ប្រុង​ស្ដាប់ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុកដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់លោក​យល់​ឃើញថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំខាន នាង​ក៏​បង្ខំ​ដល់​យើង» ។ កិច្ចការ ១៦:១៤-១៥
ពេលណា​ព្រះ​ទ្រង់​ប្រោស​លោះ​មនុស្ស​ម្នាក់ ព្រះអង្គ​នាំ​គាត់ ចូល​ទៅ​ក្នុង​ទំនាក់​ទំនង មិន​គ្រាន់តែ​ជាមួយ​អង្គ​ទ្រង់ តែ​ក៏​ជាមួយ​អ្នក​ដទៃ​ទៀត ដែល​បាន​ហៅ​ព្រះ​អង្គ​ថា ព្រះអម្ចាស់​ ។ តើ​ព្រះអង្គ​នាំ​គាត់​ចូល​ក្នុង​ទំនាក់​ទំនង​នោះ ដោយ​របៀបណា? សូម​យើង​មើល​គំរូ​របស់​អ្នក​ស្រី​លីឌា ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១៦​ ។
អ្នក​ស្រី​លីឌា មាន​លក្ខណៈ​ជា​ស្ត្រី​​​​ឆ្នើម​ម្នាក់​ ។ ក្នុង​នាម​គាត់​ជា «អ្នក​ថ្វាយបង្គំ​ព្រះ» គាត់​មាន​ចំណាប់​អារម្មណ៍​ផ្នែក​ជំនឿ​សាសនា ហើយ​ក្នុង​នាម​គាត់​ជា​អ្នក​លក់​ក្រ​ណាត់​ពណ៌ស្វាយ គាត់​គឺជា​អ្នក​ជំនួញ​ឈាន​មុន​ផង​ដែរ​ ។ ជីវិត​របស់​គាត់ ទំនងជា​សុខ​សប្បាយ​ជា​ធម្មតា​ ។ ប៉ុន្តែ នៅពេល​ដែល​គាត់​បានឮ​ដំណឹង​ល្អ គាត់​បាន​ផ្លាស់​ប្តូរ ពី​ការ​មាន​ចំណាប់​អារម្មណ៍​ខាង​សាសនា ទៅជា​ការ​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ដែល​បណ្តាល​ចិត្ត​គាត់​ឲ្យ​ប្រើ​ធនធាន​គាត់ ដោយ​ក្តី​ស្រឡាញ់ ជា​ប្រយោជន៍​ដល់​គ្រួសារ​ខាង​វិញ្ញាណ​ថ្មី​របស់​គាត់​ ។
ជីវិត​របស់​គាត់​បាន​ដល់​ចំណុច​ផ្លាស់​ប្រែ នៅពេល​ដែល «ព្រះ​អម្ចាស់​ទ្រង់​បើក​ចិត្ត​គាត់ ឲ្យ​យក​ចិត្ត​ទុកដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ» ។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​បើក​ចំហ​​ចិត្ត​គាត់​ឲ្យ​ជឿ ហើយ​គាត់​ក៏​បាន​ជឿ​ ។ នៅពេល​នោះ អ្នក​ស្រី​លីឌា​ក៏បាន​ចូល​ទៅ​ក្នុង​គ្រួសារ​របស់​ព្រះ​ ។ ហើយ​ជាង​នេះ​ទៅទៀត ភ្លាមៗ​នោះ គាត់​ក៏បាន​ចាប់​ផ្តើម​បម្រើ​បង​ប្អូន​ប្រុស​ស្រី​របស់​គាត់ ក្នុង​ព្រះគ្រីស្ទ ដោយ​បើក​ចំហ​​ទ្វារ​ផ្ទះ​ស្វាគមន៍​ពួកគេ​ ។
រឿង​របស់​អ្នក​ស្រី​លីឌា​បាន​ក្រើន​រំឭក​យើង​ថា ការ​ចាប់​ផ្តើម ដោយ​ការ​ត្រាស់ហៅ​ឲ្យ​ទទួល​ជឿ​ព្រះ គួរតែ​បន្ត​មួយ​ដំណាក់​កាល​ទៀត ចូល​ទៅ​ក្នុង​ការ​ចូល​រួម​ក្នុង​គ្រួសារ​របស់​ព្រះ​ ។ បទ​គម្ពីរ​រ៉ូម ៨:១៥-១៦ បាន​ចង្អុល​បង្ហាញថា ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម​យើង ពេល​ដែល​យើង​ទទួល​ជឿ​ព្រះអង្គ តែ​ក៏​បាន​កត់​សំ​គាល់​ផង​ដែរ​ថា យើង​រាល់​គ្នា «យើង​ជា​កូន​របស់​ព្រះ» ។ ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​គ្នា បាន​កើត​ចេញពី​ការ​ពិត​ដែល​ថា យើង​មាន​ទំនាក់​ទំនងជា​មួយ​ព្រះយេស៊ូវ ហើយ​ទំនាក់​ទំនងជា​មួយ​ព្រះយេស៊ូវ ក៏បាន​នាំ​ឲ្យ​យើង​មាន​ទំនាក់​ទំនងជា​មួយ​គ្នា​ផង​ដែរ​ ។
យើង​មិន​អាច​ជ្រើសរើស​ឲ្យ​នរណា​ធ្វើ​ជា​បង​ប្អូន​បង្កើត ក្នុង​គ្រួសារ​ខាង​សាច់ឈាម​របស់​យើង​ ។ ហេតុ​នេះ​ហើយ យើង​ក៏​មិន​អាច​ជ្រើសរើស​ឲ្យ​នរណា​ម្នាក់​ធ្វើ​ជា​បង​ប្អូន​ខាង​វិញ្ញាណ​របស់​យើង​ដែរ​ ។ (បើ​យើង​និយាយ​ដោយ​ស្មោះ​ត្រង់ យើង​ប្រហែល​ជា​ចង់​ដក​នរណា​ម្នាក់​ចេញ ហើយ​ជ្រើសរើស​អ្នក​ផ្សេង​វិញ ហើយ​ពួក​គេ​ក៏​ប្រហែល​ជា​គិត​ចង់​ធ្វើ​ចំពោះ​យើង​ដូច​នេះ​ដែរ) ។ សមាជិក​ពួក​ជំនុំ​របស់​អ្នក គឺជា​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ ។ យើង​ងាយ​នឹង​ផ្ដោត​ទៅលើ​ភាព​ខុស​គ្នា​ដែល​មនុស្ស​ម្នាក់ៗ​មាន ប៉ុន្តែ ផ្នែក​សំខាន់​បំផុត​របស់​គ្រួសារ​របស់​ព្រះ មិនមែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ខុសពី​គ្នា​នោះ​ទេ តែ​ជា​អ្វី​ដែល​យើង​មាន​ជា​រួម ត្រង់​ចំណុច​ដែល​ថា ព្រះ​ទ្រង់​បើក​ចិត្ត​យើង ឲ្យ​ទទួល​ដំណឹង​ល្អ ហើយ​ឥឡូវ​នេះ បាន​ត្រាស់ហៅ​យើង​ឲ្យ​ទទួល​ដំណឹង​ល្អ ​ថ្វាយបង្គំ និង​ដើរ​តាម​ព្រះអង្គ​ជាមួយ​គ្នា​ ។
បើ​ព្រះ​អម្ចាស់​បើក​ចំហ​​ចិត្ត​អ្នក នោះ​អ្នក​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ថ្មី​របស់​អ្នក​ហើយ​ ។ គ្រួសារ​នោះ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​ទេ នៅតែ​មាន​ជម្លោះ និង​បញ្ហា​កើត​ឡើង​ ។ ប៉ុន្តែ ព្រះយេស៊ូវ​នៅតែ​ត្រាស់ហៅ​អ្នក ឲ្យ​ស្រឡាញ់​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក ទោះ​អ្នក​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាងណា​ឡើយ​ ។ និយាយ​រួម ព្រះអង្គ​ស្រឡាញ់​ពួកគេ​យ៉ាង​ខ្លាំង បានជា​ព្រះអង្គ​សុគត​ដើម្បី​ពួកគេ​ ។ ហើយ​ព្រះអង្គ​ក៏​ត្រាស់ហៅ​អ្នក ឲ្យ​ដាក់​អ្វី​ដែល​អ្នក​មាន និង​អត្ត​សញ្ញាណ​របស់​អ្នក នៅ​ក្នុង​ការ​បម្រើ​គ្រួសារ​នេះ​ ។ តើ​អ្នក​នឹង​ប្រើ​ពេល​វេលា ផ្ទះ និង​ធនធាន​របស់​អ្នក​ដូច​ម្តេច​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក ប្រែ​ក្លាយ​ជា​ចារិក​លក្ខណៈ​គ្រួសារ នៃ​ពួក​ជំនុំ​របស់​អ្នក? 


ខគម្ពីរ​ជញ្ជឹង​គិត ៖ ១យ៉ូហាន ៣:១១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៧៩-៨០ និង កិច្ចការ ២៨

ប្រភេទ