ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គ
ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គនៅរដូវស្លឹកឈើជ្រុះសប្តាហ៍នេះ។ ព្រះអង្គបញ្ជាខ្យល់បក់កាត់តាមផ្ទះអ្នកជិតខាងយើង ធ្វើឲ្យដើមឈើរង្គើ និងញ័រដើមជ្រុះស្លឹកងាប់។ ពេលខ្យល់បក់រួចហើយ ខ្ញុំត្រូវតែបោសសម្អាតវាចេញ។ នៅក្នុងជីវិតខ្ញុំផ្ទាល់ ជួនកាលព្រះជាមា្ចស់ធ្វើការស្រដៀងគ្នានេះដែរ។ ព្រះអង្គបញ្ជូន ឬអនុញ្ញាតឲ្យព្យុះភ្លៀងកើតឡើងដើម្បីជម្រុះខ្នែង ឬស្លឹកងាប់ចេញ។ ខ្ញុំមិនចង់ជម្រុះវាចេញទេ ព្រោះខ្ញុំគិតថា វាមិនទាស់អីផង តែតាមពិតទៅ វាលែងបង្កើតផលផ្លែទៀតហើយ។ ជាទូទៅវាជារឿងរ៉ាវមិនល្អ ដូចជាទម្លាប់អាក្រក់ ធ្វើឲ្យខ្ញុំមានចិត្តរឹងរូស ដែលជាឧបសគ្គរាំងស្ទះការរីកចម្រើនថ្មីៗ។ ព្យាការីយ៉ូណាសក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ រកឃើញថាអ្វីៗកើតឡើងដោយសារតែយើងមិនព្រមជម្រុះចរិតរឹងរូសចោល។ ដោយសារតែគាត់ស្អប់អ្នកក្រុងនីនីវេ ជាងស្រឡាញ់ព្រះជាម្ចាស់ ហេតុដូច្នេះហើយបានជាព្រះអង្គធ្វើឲ្យមានព្យុះបោកបក់មកលើទូកគាត់ជិះ ហើយត្រីធំលេបគាត់ចូលក្នុងពោះបីថ្ងៃ(យ៉ូណាស ១:៤,១៧)។ ទោះជាយ៉ាងនេះក្តី ព្រះជាម្ចាស់បានទុកជីវិតគាត់ ហើយផ្តល់ឱកាសឲ្យគាត់ជាលើកទីពីរទៅប្រកាសដំណឹងល្អនៅទីក្រុងនោះ (២:១០ ៣:១-៣)។ មែកណាមិនបង្កើតផលប្រៀបបាននឹងអត្តចរិតរឹងរូស ដែលព្រះជាម្ចាស់ចង់ឲ្យខ្ញុំជម្រុះចោល។ នៅក្នុងសំបុត្រលោកប៉ុលសរសេរទៅកាន់ទីក្រុងអេភេសូរ មានដូចជាសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់(៤:៣១)។ នៅពេលព្រះជាម្ចាស់អង្រួនការទាំងនោះ យើងត្រូវជម្រុះវាចោលទៅ។-Julie Ackerman Link
Read articleនិយាយពីរភាសា
តើ វាអាចទៅរួចទេ នៅក្នុងសង្គមមួយដែលកើនឡើងផ្ទុយគ្នា ពីដំណឹងល្អ គឺការប្រកាសដំណឹងល្អជាមួយអ្នកដែលមិនចេះចែកចាយជំនឿរបស់ខ្លួន? មានវិធីមួយទាក់ទងជាមួយមនុស្សដែលមិនធ្លាប់ឮដំណឹងល្អគឺធ្វើយ៉ាងម៉េចបន្ស៊ីនឹងវប្បធម៌របស់ពួកគេ តាមលក្ខណៈភាសាពីរ។ យើងទាក់ទងតាមរបៀបនេះ មានភាពងាយស្រួលជាង។ ដូចជាយើងត្រូវចេះភ្លេង ពិភាក្សាអំពីភ្លេង កុន កីឡា និងទូរទស្សន៍ជាដើម ឧទាហរណ៍ទាំងនេះគឺជាឱកាសចាប់ផ្តើមទំនាក់ទំនងជាមួយពួកគេ។ ប្រសិនបើអ្នកស្រុកឮយើងនិយាយភាសារបស់ពួកគេ ដោយមិនមាក់ងាយ ឬចំអកប្រព័ន្ធផ្សព្វផ្សាយនោះទេ វាជាឱកាសបើកទ្វារឲ្យយើងចែកចាយដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលគ្មានទីបញ្ចប់។ លោកប៉ុលបានបង្ហាញគំរូនេះ តាមរយៈគម្ពីរកិច្ចការ១៧។ នៅពេលលោកប៉ុលចុះទៅអ៊ើរីយ៉ូស ក្នុងក្រុងអាថែន គាត់បានប្រកាសយ៉ាងមុតមាំ ជាពិសេសទៅកាន់អ្នកមិនជឿ ដោយដកស្រង់សម្តីកវីនិពន្ធក្រិកយោងទៅលើគុណតម្លៃខាងវិញ្ញាណ ដែលពួកគេអាចទំនាក់ទំនងបាន។ លោកប៉ូលមានប្រសាសន៍ថា៖ «ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថាមនុស្សយើងជាពូជព្រះដែរ» (កិច្ចការ ១៧:២៨)។ ដូចជាលោកប៉ុលបានលើកឡើងអំពីការស្គាល់វប្បធម៌របស់ពួកគេ ដែលយើងអាចបញ្ជ្រាបដំណឹងល្អតាមរយៈវប្បធម៌ពួកគេបានដោយងាយ។ តើលោកអ្នកកំពុងតែនាំដំណឹងល្អដល់អ្នកជិតខាង ឬក៏ជាអ្នកបម្រើដំណឹងល្អ? សូមព្យាយាមធ្វើជាអ្នកនិយាយពីរភាសា។-Bill Crowder
Read articleមិត្តសំឡាញ់ជួបគ្នាតាមផ្លូវ
ខ្ញុំ ចូលចិត្តដើរតាមផ្លូវផ្សេងៗពីគ្នា ព្រោះថាមានទេសភាព និងសម្រស់ធម្មជាតិនៅជុំវិញ។ ខ្ញុំតែងតែរំលឹកខ្លួនឯងថា ផ្លូវទាំងនេះជានិមិត្តសញ្ញានៃដំណើរជីវិតខាងវិញ្ញាណ បើគេមើលទៅដំណើរជីវិតធម្មតារបស់គ្រីស្ទបរិស័ទ ដើររួមជាមួយព្រះយេស៊ូវ ដែលជាមិត្តសំឡាញ់ និងអ្នកនាំផ្លូវ ។ ទ្រង់យាងកាត់ទឹកដីប៉ាឡេស្ទីនពីម្ខាងទៅម្ខាងទៀត រួចនាំពួកសិស្សស្រែកប្រកាសថា៖ «ចូរមកតាមខ្ញុំ»(ម៉ាថាយ ៤:១៩)។ ដំណើរជីវិតមិនមែនសុទ្ធតែ ស្រួលរហូតនោះទេ។ ជួនកាលក៏ចង់បោះបង់ចោលស្រួលជាងបន្តដំណើរទៅមុខទៀត ប៉ុន្តែពេលពិបាកដោះស្រាយ យើងអាចសម្រាកយកកម្លំាំងចាំទៅមុខទៀត។ នៅក្នុង Pilgrim’s Progress លោកចន ប៊ុនយ៉ាន បានពិពណ៌នាថា ដើមឈើនៅលើភ្នំជាកន្លែងដែលគ្រីស្ទបរិស័ទឈប់ដកដង្ហើម មុនពេលបន្តដំណើរទៀត។ តម្រារបស់គាត់សម្រាលបន្ទុក និង រំលឹកអំពីវត្តមានព្រះអម្ចាស់ និងព្រះចេស្តារបស់ព្រះអង្គស្ថិតស្ថេរនៅជាដរាប។ ពេលមានខ្យល់ដកដង្ហើមស្រួលហើយ គាត់អាចបន្តដំណើរបានទៀត។ មានតែព្រះអម្ចាស់ទេ ដែលដឹងថានាំយកទៅណា តែព្រះជាម្ចាស់បានអះអាងថា «ខ្ញុំនៅជាមួយអ្នករាល់គ្នាជាដរាបតទៅ» (ម៉ាថាយ ២៨-២០)។ នេះមិនមែនជាការប្រៀបធៀប ឬអួតពីពាក្យពេចន៍នោះឡើយ។ ទ្រង់ពិតជាមិត្តដ៏ល្អមែន។ គ្មានម៉ោងណាមួយ ដែលមិនត្រូវការវត្តមានព្រះអង្គឡើយ សូម្បីតែរត់លើសមួយម៉ាយក៏មិនអាចអត់ទ្រង់ឡើយ។ យើងដឹងថា ទ្រង់គង់ជាមួយយើងធ្វើឲ្យពន្លឺជីវិតបំភ្លឺឡើង ។-David Roper
Read articleចូរប្រយ័ត្ន!
ពេលភ្នាក់ងាររដ្ឋាភិបាលហ្វឹកហ្វឺនបុគ្គលិកធនាគារ ឲ្យចេះកំណត់ប្រាក់ក្លែងក្លាយ នោះពួកគេអាចបញ្ជាក់ថាប្រាក់ណាក្លែងក្លាយ ប្រាក់ណាពិតប្រាកដ។ ដើម្បីលុបបំបាត់ការក្លែងបន្លំក្រដាសប្រាក់ ពួកគេត្រូវស្វែងរកភាពខុសគ្នារវាងក្រដាសប្រាក់ពិតប្រាកដ និងក្រដាសប្រាក់ក្លែងក្លាយ គឺពួកគេមិនស្វែងរកលក្ខណៈស្រដៀងគ្នានោះឡើយ។ នៅក្នុងបទគម្ពីរ១យ៉ូហាន ២ លោកយ៉ូហានជួយអ្នកជឿឲ្យចេះការពារខ្លួនពីពួកបោកបញ្ឆោត ដោយបង្ហាញគំរូរបស់គ្រូបង្រៀន និងគ្រីស្ទបរិស័ទក្លែងក្លាយ។ មានសញ្ញាសម្គាល់មួយនៅសម័យចុងក្រោយនេះ គឺពួកប្រឆាំងព្រះគ្រីស្ទ(១យ៉ូហាន ២:១៨)។ ពួកប្រឆាំងព្រះគ្រីស្ទ គឺអស់អ្នកណាដែលប្រកាសថា មានប្ញទ្ធានុភាព និង សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តែតាមពិតពួកគេមិនមានទេ ឬក៏អស់អ្នកណាដែលបដិសេធ និងប្រឆាំងព្រះគ្រីស្ទ និង សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ។ លោកយ៉ូហានបានបង្ហាញសញ្ញាសម្គាល់៣យ៉ាងរបស់គ្រូក្លែងក្លាយ ដែលគ្រប់គ្រងដោយវិញ្ញាណអាក្រក់ និងពួកប្រឆាំងព្រះគ្រីស្ទ៖ ពួកគេមិនមែនជាគ្នាយើងទេ(ខ.១៩) ពួកគេបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទ (ខ.២២) ពួកគេបោកបញ្ឆោតអ្នកជឿចេញពីព្រះយេស៊ូវ(ខ.២៦)។ លោកយ៉ូហានលើកទឹកចិត្តអ្នកជឿឲ្យចេះការពារខ្លួនប្រឆាំងនឹងវិញ្ញាណនៃពួកប្រឆាំងព្រះគ្រីស្ទ ដោយពឹងផ្អែកលើវត្តមានព្រះវិញ្ញាណបរិសុទ្ធ ស្គាល់សេចក្តីពិត និងនៅជាប់នៅជាមួយព្រះយេស៊ូវ។ យើងអាចការពារខ្លួនពីកំហុស និងការភាន់ច្រឡំទាំងឡាយ ស្វែងយល់កំហុស របស់យើងដោយសេចក្តីពិត គឺជាព្រះយេស៊ូវគ្រីស្ទ។-Marvin Williams
Read articleអាហាររបស់កូនក្មេង
តើ អ្នកធ្លាប់ភ្លក្សអាហាររបស់កូនក្មេងទេ? ខ្ញុំធ្លាប់ វាមានរសជាតិសាប។ ដោយសារកូនក្មេងទើបកើតមកគ្មានធ្មេញ គ្មានអាហារណាផ្សេងទៀតសម្រាប់ក្មេងឡើយ។ កូនក្មេងមិនអាចបរិភោគសាច់បានទេ! គួរឲ្យសោកស្តាយណាស់ ដែលគ្រីស្ទបរិស័ទមួយចំនួនស្កប់ចិត្តនឹងអាហារទន់ខាងវិញ្ញាណ។ ពួកគេសប្បាយចិត្តនឹងរៀនអំពីបឋមសិក្សានៃសេចក្តីពិត ហើយមិនចង់រៀនអ្វីលើសពីមូលដ្ឋានគ្រឹះនៃដំណឹងល្អឡើយ (ហេព្រើរ ៦:១-២)។ ដោយសារតែមិនចង់រៀនឲ្យស៊ីជម្រៅអំពីសេចក្តីពិត និងបទគម្ពីរផ្សេងទៀត ជាហេតុធ្វើឲ្យពួកគេមិនបានយល់ព្រះបន្ទូលនៃសេចក្តីសុចរិត និងជំនឿដ៏ត្រឹមត្រូវឡើយ(៥:១៣)។ ពួកគេជឿព្រះអង្គយូរឆ្នាំហើយ តែសមត្ថភាពខាងវិញ្ញាណរបស់ពួកគេមិនបានអភិវឌ្ឍសោះ ព្រោះពួកគេនៅតែជាកូនខ្ចី។ កាលណាកុមាររីកលូតលាស់ខាងរូបកាយ ពួកគេរៀនបរិភោគអាហាររឹង ដែលផ្តល់កម្លាំង និងជីវិត។ ដូចគ្នានេះដែរ អ្នកជឿព្រះអង្គគ្រប់រូបគួរតែបរិភោគអាហាររឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នកនឹងទន់ខ្សោយ ហើយក៏មិនរីកលូតលាស់ឡើយ។ អ្នកអាចប៉ាន់ប្រមាណអាយុរបស់បុគ្គលណាម្នាក់បាន ដោយសារតែសម្លឹងមើលរាងកាយពួកគេ។ អាយុកាលខាងវិញ្ញាណនឹងសម្តែងចេញមកក្រៅតាមរយៈសមត្ថភាព ញែកការល្អចេញពីការអាក្រក់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ តើអ្នកមានសមត្ថភាពស្វែងយល់ខាងវិញ្ញាណហើយឬនៅ? ឬក៏អ្នកនៅតែត្រូវការអាហារទន់ៗខាងវិញ្ញាណនៅឡើយ?។-C.P. Hia
Read articleរឿងសោកសង្រេងតាំងពីដើមដល់ចប់
ក្រុងយេរូសាឡឹមហ៊ុំព័ទ្ធជុំវិញដោយអណ្តាតភ្លើង រួចព្យាការីយេរេមាទួញយំសោក។ ទំនាយរបស់គាត់ថ្លែងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់។ ឥឡូវនេះ ទំនាយរបស់លោកបានសម្រេចហើយ។ កណ្ឌគម្ពីរបរិទេវដ៏ខ្លីនេះ បានកត់ត្រានូវសោកសង្រេងអំពីការបំផ្លាញក្រុងយេរូសាឡឹម។ លោកយេរេមាបានសរសេរកណ្ឌគម្ពីរនេះ ដោយប្រើអក្សរហេព្រើរចំនួនប្រហែល២២ប៉ុណ្ណោះ គឺជាវិធីសាស្រ្តមួយដែលធ្វើឲ្យអ្នកអាន ងាយចងចាំសាច់រឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះមិនបានបង្រួញទុក្ខសោករបស់គាត់ឡើយ។ លោកបានចំណាយពេលសញ្ជឹងគិត និងឆ្លុះបញ្ចាំងអំពីខ្លួនគាត់ ដូចជាសរសេរពីការឈឺចាប់របស់គាត់។ អ្នកអាចគិតថា លោកកំពុងតែរៀនរងទុក្ខលំបាកពីដើមរហូតដល់ចប់។ នៅចំកណ្តាលទុក្ខវេទនានោះ គាត់បានទទួលការសម្រាលទុក្ខមកពីព្រះជាម្ចាស់។ ដោយការរំលឹកអំពីអធិបតេយ្យភាព និងការល្អរបស់ព្រះជាម្ចាស់បានផ្តល់ក្តីសង្ឃឹម ដែលគាត់ត្រូវប្រឈមមុខនៅពេលអនាគត។ «ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ»(បរិទេវ ៣:៣១-៣២)។ បើអ្នកឆ្លងកាត់បទពិសោធន៍ឈឺចាប់ណាមួយនៅពេលថ្មីៗនេះ ចូរប្រើប្រាស់ពេលវេលាឈឺចាប់របស់អ្នក ឆ្លុះបញ្ចាំងពីការល្អរបស់ព្រះជាម្ចាស់វិញ។ រួចមក អ្នកនឹងទទួលបានបទពិសោធន៍នៃការសម្រាលទុក្ខ និងក្តីសង្ឃឹមនាពេលអនាគត។-Dennis Fisher
Read article