ផ្តោតការយកចិត្តទុកដាក់
ខ្ញុំចូលចិត្តលែងវាយកូនហ្គោល ដូច្នេះ យូរៗម្តង ខ្ញុំមើលវីដេអូគេបង្រៀនពីរបៀបលេង។ ទោះជាយ៉ាងក៏ដោយ មានវីដេអូមួយ ពេលមើលទៅខ្ញុំអត់សប្បាយចិត្តសោះ លោកគ្រូបង្រៀនបង្ហាញពីរបៀបវាយដែលមាន៨ចំនុច និងមានចំនុចតូចៗផេ្សងទៀត។ គេបង្រៀនច្រើនពេកហើយ។ ទោះជាខ្ញុំមិនមែនជាអ្នកលេងល្អក៏ដោយ តែក្រោយពេលលេងច្រើនឆ្នាំមកខ្ញុំដឹងថា៖ មុនពេលអ្នកវាយ បើអ្នកគិតច្រើនពេក អ្នកទំនងជាវាយមិនសូវចំគោលដៅល្អទេ។ អ្នកត្រូវតែបង្រួមគំនិតអោយតូច ហើយវាយអោយចំគោលដៅចង់បាន ដោយសម្លឹងមើលកូនបាល់។ គ្រូបង្វឹកភាគច្រើនវាយចំគោលដៅបានល្អ។ នៅក្នុងកីឡាវាយកូនហ្គោល និងជីវិតយើង យើងត្រូវផ្តោតលើអ្វីដែលសំខាន់ជាងគេ។ នៅក្នុងគម្ពីរភីលីពជំពូក៣ លោកប៉ូលពិព៌ណនាពីរបៀបយើងទាក់ទងជាមួយគ្រិស្តបរិស័ទ។ យើងគួរផ្តោតលើអ្វីដែលសំខាន់ជាងរឿងកំប៉ិកកំប៉ុក។ លោកប៉ូលមានប្រសាសន៍ថា៖ «តែមានសេចក្តីមួយនេះគឺថា ខ្ញុំបំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទីដើម្បីអោយបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ»។(ភីលីព ៣:១៣-១៤)។ «មានសេចក្តីតែមួយ»។ នៅក្នុងពិភពលោកពេញដោយការអាក្រក់នេះ ជាការសំខាន់ណាស់សម្រាប់កូនព្រះអង្គគ្រប់រូបផ្តោតការយកចិត្តទុកដាក់ ហើយគ្មានអ្វីដែលយើងគួរយកចិត្តទុកដាក់ជាងព្រះយេស៊ូគ្រិស្តនោះឡើយ។ តើទ្រង់សំខាន់សម្រាប់អ្នកដែរឬទេ? Bill Crowder
Read articleទ្រព្យសម្បត្តិដ៏ពិតប្រាកដ
ប្រាក់ជាអំណាចមួយ ។ យើងខំធ្វើការរកប្រាក់ សន្សំប្រាក់ ចំណាយប្រាក់ និងប្រើវាបំពេញសេចក្តីត្រូវការនៅផែនដីនេះ រួចយើងប្រាថ្នាចង់បាន ហើយចង់បានទៀតមិនចេះចប់។ ព្រះយេស៊ូបង្រៀនយើងអោយយល់ដឹង ពីប្រាក់ជាងរឿងអ្វីផ្សេងទៀត។ នោះយើងនឹងដឹងថា ទ្រង់មិនបានស្វែងរកប្រាក់ដើម្បីប្រយោជន៍ខ្លួនឯងឡើយ។ ច្បាស់ណាស់ថា ទ្រង់មិនបានបង្រៀនដើម្បីរកប្រាក់ដាក់ហោប៉ៅទ្រង់ឡើយ។ ព្រះយេស៊ូព្រមានថា ការទុកចិត្តទ្រព្យសម្បត្តិ និងប្រើវាដើម្បីអំណាចខ្លួនឯង នឹងធ្វើឲ្យរាំងស្ទះការអភិវឌ្ឍន៍ខាងវិញ្ញណជាងអ្វីផ្សេងទៀត។ ព្រះយេស៊ូនិទានរឿងអំពី«អ្នកមានឆោតល្ងង់ម្នាក់» ហើយទ្រង់អោយគេស្វែងរកសម្បត្តិសួគ៌វិញ (លូកា ១២:១៣-២១) ដោយបញ្ជាក់ថា ទ្រង់អោយនិយមន័យទ្រព្យសម្បត្តិច្រើនជាងយើងគិតដល់។ តើសម្បត្តិសួគ៌មានន័យយ៉ាងដូចម្តេច? លោកប៉ូលប្រាប់ថា កុំអោយអ្នកនៅលោកីយ៍នេះអួតពីទ្រព្យគេ ដែលមិនទៀងនោះឡើយ (១ធីម៉ូថេ ៦:១៧) តែចូរបង្គាប់អោយគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រយ័ត្ននឹងជួយគេផង (១ធីម៉ូថេ ៦:១៨)។ តើគួរអោយចាប់អារម្មណ៍ទេ? ព្រះជាម្ចាស់វាល់ទ្រព្យសម្បត្តិយើង ដោយគុណភាពនៃជីវិត និងការចែកទានរបស់យើង ដើម្បីអោយពរដល់អ្នកដទៃ មិនមែនដោយបទដ្ឋាននៃហិរញ្ញវត្ថុយើងឡើយ តែជាដំបូន្មានដ៏ល្អសម្រាប់អ្នកណាដែលគិតថា សន្តិសុខ និង កេរ្តិ៍ឈ្មោះយើងផ្សាភ្ជាប់ជាមួយនឹងគណនីធនាគារយើង ។ Joe Stowell
Read articleយើងបានសង្រ្គោះហើយ
ក្រោយពីការរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញប្រទេសហៃទី បានបញ្ចប់កាលពីខែមករាឆ្នាំ២០១០ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងចំនួនមនុស្សបាត់បង់ជីវិត ត្រូវបានស្តែងចេញពីការទាញមនុស្សទាំងរស់ ពីកំទេចថ្ម ទោះបីជាអ្វីៗហាក់បីដូចជាគ្មានសង្ឃឹមក្តី។ ជំនួយលាយនឹងទឹកភ្នែកបានសម្តែងពីការដឹងគុណយ៉ាងជ្រាលជ្រៅ អស់អ្នកដែលធ្វើការ២៤ម៉ោង ទោះជាត្រូវប្រថុយជីវិតខ្លួនឯងក៏ដោយ គឺធ្វើយ៉ាងណាផ្តល់ឱកាស អោយអ្នកដទៃមានឱកាសរស់រានមានជីវិត។ តើអ្នកគិតយ៉ាងណា បើវាកើតឡើងចំពោះរូបអ្នកផ្ទាល់? តើមានគេធ្លាប់ជួយសង្រ្គោះអ្នកដែរឬទេ? នៅក្នុងគម្ពីរកូល៉ុស ជំពូក១ លោកប៉ូលបានសរសេរទៅកាន់អ្នកជឿព្រះយេស៊ូគ្រិស្ត ហើយពួកគេរស់នៅដោយបង្ហាញពីភ័ស្តុតាងនៃជំនឿរបស់ពួកគេ។ គាត់បានអធិស្ឋានអោយពួកគេស្គាល់បំណងព្រះហប្ញទ័យព្រះជាម្ចាស់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ បន្ទាប់មកលោកប៉ូលបានប្រើរូបភាពដ៏មានអំណាចមួយក្នុងការពិព៌ណនានូវអ្វី ដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេ «ទ្រង់បានប្រោសយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់។ យើងរាល់គ្នាបានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូល៉ុស ១:១៣-១៤)។ ដោយសារលោហិតព្រះគ្រិស្ត យើងបានសង្រ្គោះ! ទ្រង់បានរំដោះយើងពីគ្រោះថ្នាក់ ដាក់យើងនៅកន្លែងមានសុវត្ថិភាព រំដោះពីអំណាចអារក្ស ស្ថិតក្រោមអំណាចទ្រង់វិញ និង ពីសេចក្តីស្លាប់នំាទៅរកជីវិត។ បើមនុស្សទាំងអស់គិតពីសេចក្តីសង្រ្គោះរបស់ទ្រង់ ពិតជាមានតម្លៃណាស់ កាលណាយើងចេះអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់ព្រះគុណ និងព្រះចេស្តាមកយើង ។ David McCasland
Read articleតើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ
តើខ្ញុំត្រូវតែអានគម្ពីរលេវីវិន័យដែរឬទេ? នាយកប្រតិបត្តិវ័យក្មេងម្នាក់សួរខ្ញុំនូវសំណួរនេះ ចេញពីចិត្ត ខណៈពេលពួកយើងពិភាក្សាគ្នា អំពីតម្លៃនៃការចំណាយពេលអានព្រះគម្ពីរ។ គាត់មានប្រសាសន៍ថា៖ «គម្ពីរសញ្ញាចាស់ពិបាកអាន និងគួរអោយធុញទ្រាន់ណាស់»។ មានគ្រិស្តបរិស័ទជាច្រើនក៏មានអារម្មណ៍បែបនេះដែរ។ តាមពិតទៅ គម្ពីរសញ្ញាចាស់រួមទាំងគម្ពីរលេវីវិន័យផងដែរ បានប្រាប់យើងពីពង្សាវតា ពិសេសផ្ទុយពីអ្វីដែលមានក្នុងគម្ពីរសញ្ញាថ្មី។ តែលោកអេសាយដាស់តឿនយើង អោយស្វែងរកព្រះជាម្ចាស់ (អេសាយ ៥៥:៦) ហើយលោកក៏បានសន្យាថា ព្រះបន្ទូលព្រះជាម្ចាស់នឹងសំរេច តាមសេចក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់(ខ១១) ហើយមានប្រយោជន៍សម្រាប់បង្រៀន ការរំព្ញកអោយដឹងខ្លួន និងការប្រដៅដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះបន្ទូលព្រះជាម្ចាស់មិនដែលវិលមកវិញ ឥតកើតផលនោះឡើយ(អេសាយ ៥៥:៨-១១) តែជួនកាលព្រះបន្ទូលមិនទាន់កើតផល ដរាបណាចូលមកក្នុងចិត្តយើង ពេលយើងត្រូវការ។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រើសេចក្តីពិត ដែលយើងចងចាំពីការអានព្រះបន្ទូល ហើយទ្រង់នឹងជួយអោយយើងយកទៅអនុវត្តចំពេលត្រូវការ។ ឧទាហរណ៍ គម្ពីរលេវីវិន័យ ១៩:១០-១១ និយាយអំពីការប្រកួតប្រជែងក្នុងមុខជំនួញ និងការយកចិត្តទុកដាក់ដល់ទុគ៌តជន។ ព្រះវិញ្ញាណអាចក្រើនរំព្ញកយើងអំពីគំនិតទាំងអស់នេះ យើងនឹងចេះប្រើព្រះបន្ទូលនេះ បើយើងចំណាយពេលអានព្រះបន្ទូលព្រះ។ ការអានព្រះបន្ទូលផ្លាស់ប្តូរគំនិតយើងអោយចេះរក្សាទុកព្រះបន្ទូល ហើយព្រះវិញ្ញាណនឹងធ្វើការ។ នេះជាហេតុផលល្អជាងគេ សម្រាប់អោយយើងអានគម្ពីរលេវីវិន័យ និងគម្ពីរ៦៥កណ្ឌទៀត Randy Kilgore ។
Read articleនៅក្រោមបង្គាប់របស់ព្រះជាម្ចាស់
គ្រប់ឪពុកម្តាយទាំងអស់ ដឹងពីភាពខុសគ្នារវាងច្បាប់ទម្លាប់តាក់តែងឡើងមានគោលបំណងសម្រាប់ប្រយោជន៍ឪពុកម្តាយ និងប្រយោជន៍របស់កូន។ ចំពោះបញ្ញត្តរបស់ព្រះជាម្ចាស់វិញបែងចែកតាមរបៀបដូចខាងក្រោមនេះ។ ព្រះអាទិករឈ្វេងយល់អំពីរបៀបប្រព្រឹត្តទៅនៃសង្គមនីមួយៗ។ យើងចាប់ផ្តើមពិនិត្យមើលបញ្ញត្ត១០ប្រការជាមុនសិន។ ច្បាប់នេះតាក់តែងឡើងសម្រាប់ប្រយោជន៍របស់យើង។ ព្រះយេស៊ូគូសបញ្ជាក់ពីគោលការណ៍នេះ ដោយមានបន្ទូលថា៖ «ថ្ងៃឈប់សម្រាកបានតាំងសម្រាប់អោយមនុស្ស មិនមែនជាមនុស្សសម្រាប់ថ្ងៃឈប់សម្រាកទេ» (ម៉ាកុស ២:២៧)។ ព្រះគម្ពីរជាសៀវភៅដែលជាក់លាក់ជាងគេ។ ព្រោះវាអាចប៉ាន់ប្រមាណថា មនុស្សលោកត្រូវរងការល្បួងលោភចង់បានទ្រព្យអ្នកដទៃ ត្រូវធ្វើការដោយលំបាក បញ្ចេញកំហឹងដាក់មនុស្សធ្វើខុសនឹងខ្លួន។ ហើយមនុស្សលោកនឹងបង្កភាពគ្មានសណ្តាប់ធ្នាប់ដល់កន្លែងណាគេទៅដល់។ បញ្ញត្តនីមួយៗនៅក្នុងបញ្ញត្តដប់ប្រការជាខែលការពារអោយមានសណ្តាប់ធ្នាប់។ យើងអាចបដិសេធថាទេ ចំពោះអំពើបាបទាំងឡាយបាន។ បើធ្វើដូច្នេះមែន យើងជៀសវាងបានការឈឺចាប់ណាមួយ។ បញ្ញត្តដប់ប្រការត្បាញជីវិតមនុស្សរស់នៅលើផែនដីអោយកាន់តែមានន័យ ផ្គុំគ្នាបានជារចនាសម្ព័ន្ធពេញលេញ ជាប្រយោជន៍អោយយើងរស់នៅប្រកបដោយសុខសន្តិភាព និងមានសុខភាពល្អក្រោមបង្គាប់ព្រះជាម្ចាស់ ។ Philip Yancey
Read articleបំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក
បំពង់បង្ហូរឧស្ម័នត្រនអាឡាស្កា លាតសន្ធឹងប្រវែង៨០០ម៉ាយ កាត់តាមរដ្ឋអាឡាស្កា ហើយដោយសារតែគេសង់វា កាត់តាមតំបន់មានរញ្ជួយដី វិស្វករត្រូវតែប្រាកដថា បំពង់នេះអាចទប់ទល់នឹងការរញ្ជួយបាន។ ពួកគេត្រូវសង់បណ្តាញរំអិលថេឡុនដើម្បីកាត់បន្ថយរំញ័រ ពេលមានការរញ្ជួយនៅក្រោមបំពង់។ វិស្វករសប្បាយចិត្តណាស់ ពេលធ្វើការសាកល្បងលើកទីមួយបានជោគជ័យ។ កាលពីឆ្នាំ២០០២ មានការរញ្ជួយដីធំមួយកើតឡើង បណ្តាលអោយស្រទាប់ដីញែក១៨ហ្វ៊ីត។ ពេលនោះបណ្តាញរំអិលធ្វើចលនាយឺតៗ សម្របតាមការរញ្ជួយ ដោយមិនបណ្តាលអោយមានការខូចខាតដល់បំពង់ឡើយ។ ចំនុចពិសេសរបស់វា គឺការបត់បែន។ បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នកជឿដែលនាំទៅរកស្ថានសួគ៌ បានសង់គ្រឹះយ៉ាងមាំនៅលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ បើយើងចេះបត់បែនតាមរបៀបដែលព្រះជាម្ចាស់ធ្វើការ យើងអាចឆ្លងកាត់បញ្ហាបាន។ នៅពេលមានវិបត្តិកើតឡើង យើងយល់ច្រឡំដោយផ្លាស់ប្តូរពីការទុកចិត្តលើព្រះជាម្ចាស់ មកមើលកាលៈទេសៈឈឺចាប់វិញ ។ យើងគួរតែអធិស្ឋានបែបនេះវិញ៖ «ព្រះអង្គអើយ ខ្ញុំមិនយល់សោះថាតើហេតុអ្វីបានជាមានការឈឺចាប់កើតឡើង ចំពោះរូបខ្ញុំ តែខ្ញុំទុកចិត្តថា ទ្រង់អាចរំដោះខ្ញុំចេញពីបញ្ហាបាន ទោះជាបញ្ហានៅជុំជិតខ្ញុំក៏ដោយ»។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានសរសេរថា៖ «ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់…ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ»(ទំនុកដំកើង ៥៧:១)។ ពេលផែនដីរំកិលនៅក្រោមយើង ចូរយើងចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែចូរទុកចិត្តលើសេចក្តីស្រឡាញ់ និងការថែទាំដែលគ្មានការប្រែប្រួលរបស់ព្រះជាម្ចាស់វិញ Dennis Fisher ។
Read article