បើសិនជាអ្នកត្រូវការជំនួយ នៅពេលកណ្តាលអាធ្រាត តើមាននរណាម្នាក់ ដែលអ្នកអាចស្រែកហៅឲ្យជួយឬទេ? លោករេយ ព្រីតឆាត(Ray Pritchard)ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានហៅអ្នកទាំងនោះថា “មិត្តសម្លាញ់នៅម៉ោង២ រំលងអាធ្រាត”។ បើសិនជាអ្នកមានការបន្ទាន់ មិត្រសម្លាញ់ប្រភេទនេះ នឹងសួរអ្នកនូវសំណួរពីរគឺ “តើអ្នកនៅឯណា?” និង “តើអ្នកត្រូវការអ្វី?”
ការមានមិត្តសម្លាញ់ដូចនេះ គឺពិតជាចាំបាច់ណាស់ នៅ ពេលដែលយើងជួបការលំបាក ។ ដាវីឌមានមិត្តសម្លាញ់ដូចនេះម្នាក់ដែរ គឺយ៉ូណាថាន ។ បិតារបស់យ៉ូណាថាន គឺស្តេចសូល មានការច្រណែននឹងប្រជាប្រិយភាពរបស់ដាវីឌ និងព្រះពរដែលព្រះប្រទានដល់គាត់ ហើយក៏បានព្យាយាមសម្លាប់គាត់(១សាំ-យ៉ូអែល ១៩:៩-១០)។ ដាវីឌក៏បានគេចខ្លួន ហើយសុំឲ្យមិត្តសម្លាញ់រូបនេះជួយ(ជំពូក ២០)។ នៅពេលដាវីឌកំពុងលាក់ខ្លួននៅទីវាល យ៉ូណាថានកំពុងអង្គុយសោយអាហារជាមួយព្រះបិតាទ្រង់ ហើយភ្លាមនោះក៏បានដឹងថា ស្តេចសូលគឺពិតជាចង់សម្លាប់ដាវីឌមែន(ខ.២៤-៣៤)។
យ៉ូណាថាន “មានការឈឺឆ្អាលចំពោះដាវីឌ”(ខ.៣៤) ដោយសារមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេ ។ ទ្រង់បានដាស់តឿនដាវីឌ អំពីផែនការរបស់បិតាទ្រង់ ហើយទ្រង់បានប្រាប់ឲ្យគាត់ចាកចេញទៅ(ខ.៤១-៤២)។ ដាវីឌក៏បានដឹងថា យ៉ូណាថានគឺជាមិត្តសម្លាញ់ដ៏ល្អ ។ ព្រះគម្ពីរបានចែងថា ពួកគេទាំងពីរបានយំទាំងពីរនាក់ “ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង”(ខ.៤១)។ វិញ្ញាណរបស់ពួកគេបាន“ដេរ ភ្ជាប់”គ្នា ។
តើអ្នកមានមិត្តសម្លាញ់ជាគ្រីស្ទបរិស័ទ ដែលអ្នកអាចពឹងពាក់បាន នៅពេលមានវិបត្តិឬទេ? តើអ្នកជាមនុស្ស ដែលមិត្តភ័ក្ររបស់អ្នកបានហៅថា “មិត្តសម្លាញ់នៅម៉ោង២រំលងអាធ្រាត”ឬទេ? – Anne Cetas