ពេលដែលកូនរបស់យើង គឺស្ទីហ្វិន នៅក្មេង វាបានធ្វើដំណើរឆ្ងាយ ទៅចូលរួមកម្មវិធីបោះជំរុំរដូវក្តៅរបស់គ្រីស្ទបរិស័ទ។ ក្រោយមក នៅក្នុងសប្តាហ៍នោះ យើងក៏បានទទួលសំបុត្រមួយច្បាប់របស់វា ដែលសរសេរថា “ជូនចំពោះអ្នកម៉ាក់ និងលោកប៉ា ក្រោឌ័រ(Crowder)” ហើយវាគ្រាន់តែសរសេរយ៉ាងខ្លីថា “សូមមកទទួលយកខ្ញុំទៅផ្ទះវិញ នៅថ្ងៃនេះ”។ ជាការពិតណាស់ អ្វីដែលក្មេងម្នាក់នេះមិនបានគិតដល់នោះ គឺសំបុត្រនេះត្រូវបានផ្ញើមកអស់រយៈពេលជាច្រើនថ្ងៃ ទំរាំតែធ្លាក់មកដល់យើង ហើយយើងក៏ត្រូវចំណាយពេលជាច្រើនទៀត ដើម្បីធ្វើដំណើរទៅទទួលវា។ នៅក្នុងចិត្តរបស់វាដែលនៅក្មេងនៅឡើយ គឺវាប្រាថ្នាចង់ត្រឡប់មកផ្ទះវិញ និងចង់នៅជាម៉ាក់ និងប៉ាវា ហើយការនោះអាចជាការលំបាកសម្រាប់ក្មេងៗទាំងឡាយ។
ជួនកាល ពេលយើងពិចារណាអំពីលោកិយនេះ យើងអាចមានអារម្មណ៍ដូចស្ទីហ្វិនដែរ។ គឺយើងងាយនឹងគិតប្រាថ្នាចង់ទៅនៅជាមួយព្រះយេស៊ូវ ហើយប្រាថ្នាចង់ទៅនៅផ្ទះដ៏អស់កល្បជានិច្ចរបស់យើង ក្នុងពេលឥឡូវនេះ(សាស្តា ១២:៥) ដែលនៅទីនោះ យើងបាន“នៅជាមួយព្រះគ្រីស្ទ”(ភីលីព ១:២៣)។ ក្នុងនាមជាកូនព្រះ(យ៉ូហាន ១:២) យើងដឹងថា លោកិយនេះនឹងមែនជាផ្ទះពិតប្រាកដរបស់យើងទេ។ ជាពិសេស នៅពេលការតស៊ូនៅក្នុងជីវិតរបស់យើង មានការពិបាក យើងក៏មានអារម្មណ៍បែបនោះដែរ គឺមិនខុសពីសាវ័កប៉ុលទេ។ ពេលសាវ័កប៉ុលកំពុងរង់ចាំការកាត់ទោស នៅក្រុងរ៉ូម គាត់បានសរសេរនៅក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង”(ភីលីព ១:២៣)។ គាត់ស្រឡាញ់ការងារបម្រើព្រះ ប៉ុន្តែ នៅក្នុងចិត្តរបស់គាត់មួយផ្នែកទៀត គឺចង់ទៅនៅជាមួយព្រះអង្គសង្រ្គោះ។
យើងមានការកម្សាន្តចិត្ត នៅពេលយើងអាចដឹងជាមុនថា យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ គឺនៅក្នុងផ្ទះដែលល្អប្រសើរជាងផ្ទះនៅក្នុងលោកិយនេះ។ -Bill Crowder