ពួកអ៊ីស្រាអែល និងពួកភីលីស្ទីនសុទ្ធតែមានការយល់ច្រឡំ អំពីហិបសញ្ញា(គឺហិបក្នុងរោងឧបោសថ ដែលជាតំណាងឲ្យបល្ល័ង្កព្រះ)។ បន្ទាប់ពីពួកអ៊ីស្រាអែលបានទទួលបរាជ័យ នៅក្នុងចម្បាំងជាមួយពួកភីលីស្ទីន ពួកគេក៏បានចាត់អ្នកនាំសារម្នាក់ ឲ្យទៅក្រុងស៊ីឡូរ ដើម្បីសុំឲ្យគេសែងហិបសញ្ញា មកអេបើន-អេស៊ើរ ដែលជាកន្លែងបោះជំរុំទ័ពរបស់ពួកគេ។
ពេលដែលគេសែងហិបសញ្ញាមកដល់ ពួកអ៊ីស្រាអែលក៏បាននាំគ្នាស្រែកឡើងយ៉ាងរំពង បានជាពួកខ្មាំងសត្រូវក៏បានស្តាប់ឮ ពីតំបន់អាផែក។ ការមកដល់នៃហិបសញ្ញា បានធ្វើឲ្យពួកភីលីស្ទីនមានការភ័យខ្លាច ហើយពួកអ៊ីស្រាអែលក៏មានចិត្តក្លាហានឡើង។
ពួកគេសុទ្ធតែមានការយល់ខុសអំពីហិបសញ្ញា។ ពួកអ៊ីស្រាអែលបានយកហិបសញ្ញាចូលក្នុងសមរភូមិ ហើយក៏បានចាញ់ពួកភីលីស្ទីនយ៉ាងធ្ងន់ធ្ងរ ហើយពួកភីលីស្ទីនក៏ ដណ្តើមយកហិបសញ្ញាទៅបាត់ ដែលនោះជាការប្រព្រឹត្តខុសមួយទៀត ក្នុងសម័យសង្រ្គាមនោះ។ ពួកភីលីស្ទីនក៏មានជម្ងឺ ហើយរូបព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវបានបំផ្លាញ។
យើងអាចយល់អំពីកំហុសដែលពួកភីលីស្ទីនមាន នៅក្នុងការដណ្តើមយកហិបសញ្ញា ព្រោះពួកគេជាពួកថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ពួកអ៊ីស្រាអែលគួរតែមានការយល់ដឹងច្បាស់ជាង តែបែរជាបានប្រើហិបសញ្ញា ដោយមិនបានប្រឹក្សាជាមួយព្រះជាមុន។ ពួកអ៊ីស្រាអែលបានដឹងថា កាលពីសម័យមុន គេបានសែងហិបសញ្ញាចូលក្នុងសមរភូមិ(យ៉ូស្វែ ៦) តែពួកគេមិនបានយល់ទេថា ពួកអ៊ីស្រាអែលអាចដណ្តើមយកក្រុងយេរីខូបាន ដោយសារតែផែនការណ៍របស់ព្រះ គឺមិនមែនដោយសារហិបសញ្ញានោះទេ។
ទោះបីជាយើងមានធនធានច្រើនប៉ុណ្ណាក៏ដោយ ក៏យើងនៅតែទទួលបរាជ័យដដែល បើសិនជាយើងមិនបានប្រើវាតាមផែនការណ៍របស់ព្រះទេនោះ។ សូមយើងសិក្សាព្រះបន្ទូលព្រះ អធិស្ឋានសូមឲ្យទ្រង់បង្ហាញផ្លូវ ហើយមានការជឿជាក់លើការដឹកនាំរបស់ទ្រង់(ទំនុកតម្កើង ៩១:២) មុនពេលយើងបោះជំហានចេញ ទៅឆ្លងកាត់ការលំបាកដោយជំនឿ។-Dave Branon