October 21, 2016

You are here:
ការសរសើរ ដែលមិនសមនឹងទទួល

មុនពេលខ្ញុំមានលុយល្មមនឹងទិញឡដុតនំ ដែលចេះសម្អាតខ្លួនឯងដោយស្វ័យប្រវត្តិ ខ្ញុំក៏បានសម្អាតឡដុតនំរបស់ខ្ញុំ ដោយខ្លួនឯង។ ភ្ញៀវដែលមកញាំបាយនៅផ្ទះខ្ញុំ ក៏បានពោលពាក្យសរសើរថា ខ្ញុំសម្អាតឡដុតនំបានស្អាតណាស់ មើលទៅដូចរបស់ថ្មីអញ្ចឹង។ ខ្ញុំព្រមទទួលការសរសើរនោះ ទោះបីជាខ្ញុំដឹងថា ខ្ញុំមិនសមនឹងទទួលក៏ដោយ។ ឡដុតនំរបស់ខ្ញុំជ្រះស្អាត មិនមែនដោយសារខ្ញុំឧស្សាហ៍សម្អាតវានោះទេ តាមពិតគឺមកពីខ្ញុំមិនសូវប្រើវា។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលការសរសើរ សម្រាប់ភាព “ស្អាតស្អំ” ក្នុងការរស់នៅរបស់ខ្ញុំ ដែលការសរសើរនោះ ខ្ញុំមិនសមនឹងទទួលសោះ? គេងាយនឹងពោលពាក្យសរសើរមនុស្ស សម្រាប់អាកប្បកិរិយ៉ាល្អ ដែលមិនបង្កររឿង ឬធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកដែលមិនចុះសម្រុងនឹងយើង អ្នកដែលមានទស្សនៈខុសពីយើង ឬអ្នកដែលមិនចូលចិត្តយើងទាល់តែសោះ។  សេចក្តីស្រឡាញ់តម្រូវឲ្យយើង   ចូលទៅក្នុងស្ថានភាពដ៏ច្របូកច្របល់នៃជីវិតរបស់អ្នកដទៃ ដើម្បីជួយពួកគេ។  ព្រះយេស៊ូវបានមានបញ្ហាជាមួយពួកអ្នកដឹកនាំសាសនាជាញឹកញាប់ ដោយសារពួកគេគិតតែពីរក្សាកិត្តយសរបស់ខ្លួន ឲ្យនៅតែស្អាតបាត ជាជាងគិតអំពីស្ថានភាពខាងវិញ្ញាណ របស់អ្នកដែលពួកគេត្រូវមើលថែរ។ ពួកគេបានចាត់ទុកព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ  ជាមនុស្សមិនស្អាត  ដោយសារព្រះអង្គអង្គុយជាមួយមនុស្សមានបាប ដែលតាមពិតព្រះអង្គ និងពួកសិស្សកំពុងព្យាយាមជួយសង្រ្គោះពួកអ្នកទាំងនោះ ឲ្យរួចពីផ្លូវនៃជីវិតដ៏ហិនវិនាស(លូកា ៥:៣០-៣១)។ សិស្សដ៏ពិតរបស់ព្រះយេស៊ូវហ៊ានប្រឈមមុខនឹងការបាត់បង់កិត្តិយស ដើម្បីជួយអ្នកដទៃ ឲ្យរួចពីចំណងនៃអំពើបាប។-Julie Ackerman Link

Read article