ក្នុងអំឡុងពេលសង្រ្គាមបូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មានជនស៊ីវិល និងទាហានជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ក្នុងទីក្រុងសារ៉ាជេវ៉ូ ខណៈពេលដែលមានការបាញ់កំាភ្លើង និងការបាញ់ផ្លោងសន្ធប់ ចេញពីភ្នំដែលនៅតំបន់ជិតខាង។ លោកស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏បាននិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា អ្នកលេងវីយូឡុងធំ នៃទីក្រុងសារ៉ាជេវ៉ូ ដែលក្នុងនោះ គាត់បានពិពណ៌នាអំពីសង្រ្គាមនៅតំបន់នោះ ក្នុងអំឡុងពេលនៃការឡោមព័ទ្ធរដ្ឋធានី ដែលមានរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្តនៃសង្រ្គាមសម័យទំនើប។
រឿងប្រលោមលោកនេះ មានតួអង្គប្រឌិតសំខាន់ៗ បីនាក់ ដែលត្រូវសម្រេចចិត្តថា តើត្រូវគិតពីខ្លួនឯងជាទីមួយ ក្នុងការតស៊ូ ដើម្បីឲ្យរួចជីវិតក្នុងសង្រ្គាម ឬត្រូវជម្នះកាលៈទេសៈដ៏គ្រោះថ្នាក់ ដើម្បីគិតពីអ្នកដទៃ ក្នុងអំឡុងគ្រាដ៏វេទនា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានសរសេរសំបុត្រនៅក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម ផ្ញើទៅកាន់គ្រីស្ទបរិស័ទនៅក្រុងភីលីព ដោយបង្រៀនពួកគេថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។ សាវ័កប៉ុលបានលើកឡើង អំពីគំរូដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដែលបានផ្តោតទៅលើអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ខ្លួនឯង គឺដូចមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ … ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ … នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៥-៨)។
ព្រះយេស៊ូវមិនបានស្វែងរកការអាណិតពីអ្នកដទៃទេ ផ្ទុយទៅវិញ ទ្រង់បានលះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មាន ដើម្បីរំដោះយើង ឲ្យរួចពីចំណងនៃអំពើបាប។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវមើលទៅអ្នកដទៃ តាមគំរូព្រះយេស៊ូវ ហើយឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អ្នកដទៃ ដោយពឹងផ្អែកលើកម្លាំងរបស់ទ្រង់ ទោះយើងកំពុងស្ថិតក្នុងពេលដ៏ពិបាកក៏ដោយ។-David McCasland