កាលពីក្មេង ខ្ញុំបានរៀនអធិស្ឋានជាលើកដំបូងថា “ពេលនេះ ទូលបង្គំចូលគេង សូមព្រះអម្ចាស់ថែរក្សាព្រលឹងរបស់ទូលបង្គំ . . .”។ ឪពុកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះអធិស្ឋានដូចនេះ ហើយក្រោយមក ខ្ញុំក៏បានបង្រៀនកូនៗរបស់ខ្ញុំ តាំងពីពួកគេនៅតូចផងដែរ។ កាលខ្ញុំនៅក្មេង ខ្ញុំពិតជាបានទទួល នូវការកម្សាន្តចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានថ្វាយខ្លួន ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដោយការអធិស្ឋានយ៉ាងដូចនេះ មុនពេលចូលដំណេក។
ការអធិស្ឋានរបស់ខ្ញុំ មានលក្ខណៈស្រដៀង នឹងការអធិស្ឋាន ដែលបានកត់ទុក នៅក្នុង “កណ្ឌនៃការអធិស្ឋាន” ក្នុងព្រះគម្ពីរបរិសុទ្ធ គឺកណ្ឌគម្ពីរទំនុកដំកើង។ អ្នកប្រាជ្ញផ្នែកព្រះគម្ពីរខ្លះ បានលើកឡើងថា ឃ្លាដែលថ្លែងថា «ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់» គឺជាការអធិស្ឋាន ពេលចូលដំណេក សម្រាប់ក្មេងៗ ដែលគេបានបង្រៀននៅជំនាន់ព្រះយេស៊ូវ។
អ្នកប្រហែលនៅចាំការអធិស្ឋានចុងក្រោយរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូវបានបន្ថែមពាក្យ “ព្រះវរបិតា” (លូកា ២៣:៤៦) នៅក្នុងការអធិស្ឋាននេះ។ កាលដែលព្រះយេស៊ូវបានអធិស្ឋាន ជាពាក្យទាំងនោះ មុនពេលដែលទ្រង់សុគត គឺទ្រង់បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយព្រះវរបិតា ហើយក៏បានបញ្ជាក់ដល់ពួកអ្នកជឿទ្រង់ថា ពួកគេនឹងបានទៅឯដំណាក់នៃព្រះវរបិតា ជាមួយនឹងទ្រង់ដែរ (យ៉ូហាន ១៤:៣)។
ព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង ដើម្បីឲ្យយើងបានរស់នៅ ក្នុងភាពអស្ចារ្យនៃការប្រកបទាក់ទង ជាមួយព្រះ ដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌។ យើងមានការកម្សាន្តចិត្តខ្លាំងណាស់ ពេលដែលបានដឹងថា យើងរាល់គ្នា បានសម្រាកនៅក្នុងការថែរក្សារបស់ទ្រង់ ក្នុងនាមជាកូនស្ងួនភ្ងារបស់ទ្រង់ ដោយសារការលៈបង់របស់ទ្រង់ ដោយសេចក្តីស្រឡាញ់ សម្រាប់យើងរាល់គ្នា! យើងរាល់គ្នា អាចបិទភ្នែកគេង ដោយមិនចាំបាច់ភ័យខ្លាចអ្វីឡើយ ព្រោះព្រះវរបិតានៃយើងរាល់គ្នា ទ្រង់តែងតែទតមើលយើងរាល់គ្នា ព្រមទាំងបានសន្យាថា ទ្រង់នឹងដាស់យើងឲ្យភ្ញាក់ឡើងវិញ ដើម្បីឲ្យបានរស់នៅជាមួយទ្រង់ ជាបន្តទៀតផងដែរ (១ថែស្សាឡូនីច ៤:១៤)។—James Banks