ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ

គ្រូ​ពេទ្យ​មិន​បាន​ចង​ចញ្ចើម​ទេ ពេល​ដែល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​ស្វាមី​ខ្ញុំ អំពី​ការ​ពិនិត្យ​មើល​ជម្ងឺ​មហារីក​របស់​គាត់។ គាត់​បាន​ញញឹម ហើយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​នីមួយ​ៗ ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យ៉ាង​ហោច​ណាស់ យើង​គួរ​តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បី​យ៉ាង។ ស្វាមី​ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​យោបល់​របស់​គាត់ ដោយ​ដឹង​ថា ការ​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​ចិត្ត​យើង​បើក​ចំហរ ដើម្បី​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ។ ដូច​នេះ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ថ្ងៃ​នី​មួយ​ៗ ដោយ​ការ​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់​ថា ព្រះអង្គ​អើយ សូម​អរ​ព្រះ​គុណ សម្រាប់​ការ​គេង​លក់ស្រួល កាល​ពី​យប់​មិញ។ សូម​អរ​ព្រះ​គុណ សម្រាប់​គ្រែ​គេង​ដែល​សម្អាត​បាន​ស្អាត។ សូម​អរ​ព្រះ​គុណ សម្រាប់​ថ្ងៃ​រះ។ សូម​អរ​ព្រះ​គុណ សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​លើ​តុ។ សូម​អរ​ព្រះ​គុណ សម្រាប់​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់​ទូល​បង្គំ។

ពាក្យ​នីមួយ​ៗ គឺ​បាន​និយាយ​ចេញ​ពី​ចិត្ត។ ប៉ុន្តែ តើ​ពាក្យ​ទាំង​នោះ អាច​ក្លាយ​ជា​អសារ​ឥត​ការ​ដែរ​ទេ? តើ​ការ​សរសើរ​ដំកើង ​សម្រាប់​រឿង​លម្អិត​ដ៏​តូច សំខាន់​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​មាន​គ្រប់​ចេស្តា​ឬ​ទេ? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៥០ លោក ​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ភ្លេង​របស់​ស្តេច​ដាវីឌ បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ច្បាស់​លាស់​មួយ សម្រាប់​សំណួរ​នេះ។ គាត់​ថា ព្រះ​ជា​ម្ចាស់ “អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ”(ខ.៩)។ កាល​ពី​សម័យ​មុន ​គោឈ្មោល និង​ពពែ​ឈ្មោល គឺ​ជា​ដង្វាយ​អរ​ព្រះ​គុណ ដែល​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់។ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​ថ្វាយ​ចិត្ត និង​ជីវិត​របស់​ពួក​គេ​ដល់​ទ្រង់ ដោយ​ការ​ដឹង​គុណ​ទ្រង់ ជា​ជាង​ថ្វាយ​ដង្វាយ​ទាំង​នោះ(ខ.១៤,២៣)។​

តាម​បទ​ពិសោធន៍​របស់​ស្វាមី​ខ្ញុំ គាត់​បាន​ដឹង​ថា ការ​អរ​ព្រះ​គុណ​អស់​ពី​ចិត្ត ជួយ​វិញ្ញាណ​យើង ឲ្យ​មាន​ការ​ចម្រើន​ឡើង។ ពេល​យើង​អំពាវ​នាវ​ដល់​ព្រះ​អម្ចាស់ ​“នៅ​ថ្ងៃ​មាន​សេចក្តី​ទុក្ខ​លំបាក” ព្រះ​អង្គ​ “នឹង​ជួយ​រំដោះ​យើង​ឲ្យ​រួច” ពី​ទុក្ខ​(ខ.១៥)។ តើ​ការ​នេះ​មាន​ន័យ​ថា ស្វាមី​ខ្ញុំ​នឹង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ខាង​វិញ្ញាណ និង​រូប​កាយ ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យា​បាល​រយៈ​ពេល​ពីរ​ឆ្នាំ​? ឬ​គាត់​នឹង​បាន​ជា បន្ទាប់​ពី​គាត់​បាន​លាចាក​លោក​ទៅ? យើង​មិន​ដឹង​ទេ។ ប៉ុន្តែ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្វាមី​របស់​ខ្ញុំ​កំពុង​តែ​អរ​សប្បាយ នៅ​ក្នុង​ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​អរ​ព្រះ​គុណ ដ្បិតព្រះ​អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ ព្រះ​ដ៏​ប្រោស​ឲ្យ​ជា និង​ជា​មិត្ត​សំឡាញ់។ ហើយ​ព្រះ​អង្គ​សប្បាយ​ព្រះ​ទ័យ ពេល​ទ្រង់​ឮ​យើងពោល​ពាក្យ​ដ៏​ពិរោះ​ថា​ “ទូល​បង្គំ​សូម​អរ​ព្រះ​គុណ”។—PATRICIA RAYBON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles