ឱព្រះយេហូវ៉ាអើយ តើដល់កាលណា? ទំនុកដំកើង ៦:៣
យើងទៅដល់ហើយឬនៅ? មិនទាន់ដល់ទេ ពេលណា បានទៅដល់? នេះសំណួរដែលយើងសួរគ្នា ដូចល្បែងកម្សាន្ត នៅក្នុងអំឡុងពេលយើងធ្វើដំណើរជាលើកដំបូង(ហើយមិនមែនជាលើកចុងក្រោយ) មានរយៈពេល១៦ម៉ោង ពីរដ្ឋខូឡូរ៉ាដូ វិលត្រឡប់មកផ្ទះវិញ នៅរដ្ឋអាខានសាស់ កាលកូនយើងនៅក្មេង។ កូនយើងពីរនាក់ដែលជាកូនច្បង បានធ្វើឲ្យល្បែងកម្សាន្តនេះ ចេះតែបន្តទៅមុខ មានរយៈពេលយូរ ហើយបើខ្ញុំទទួលបានលុយ១ដុល្លា រៀងរាល់ពេលពួកគេសួរសំណួរនេះ នោះខ្ញុំនឹងមានលុយមួយគំនរមិនខាន។ វាជាសំណួរដែលកូនៗខ្ញុំបានសួរមិនចេះខ្ជិល តែខ្ញុំ(ដែលជាអ្នកបើកឡាន) ក៏ចង់ដឹងដូចពួកគេផងដែរថា តើពេលណា បានទៅដល់? ហើយចម្លើយគឺ មិនទាន់ដល់ទេ ប៉ុន្តែ មិនយូរទេ យើងនឹងទៅដល់ហើយ។
ជាការពិតណាស់ មនុស្សពេញវ័យភាគច្រើនបានសួរសំណួរនេះ តាមរបៀបផ្សេងៗគ្នា ទោះយើងប្រហែលជាគ្រាន់តែសួរ តែក្នុងចិត្តក៏ដោយ។ តែយើងសួរសំណួរនេះ ដោយសារមូលហេតុដូចគ្នា គឺដោយសារយើងអស់កម្លាំង ហើយភ្នែកយើងបាន “ស្រវាំងទៅ”(ទំនុកដំកើង ៦:៧)។ យើង “អស់កម្លាំង ដោយសារការទួញថ្ងូរ”(ខ.៦) អំពីបញ្ហាផ្សេងៗ ដែលកើតមានប្រចាំថ្ងៃ ក៏ដូចជាបញ្ហាសុខភាពមិនចេះចប់ ឬបញ្ហាទំនាក់ទំនង ។ល។ យើងស្រែករកព្រះថា : “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវលំបាកដល់កាលណាទៀត?”
ស្តេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានជ្រាបច្បាស់ អំពីការហត់នឿយនេះ បានជាទ្រង់ទូលសួរសំណួរនេះ ដល់ព្រះអម្ចាស់។ ទ្រង់ស្តាប់ឮសម្លេងទួញយំរបស់ស្តេចដាវីឌ ហើយព្រះអង្គក៏បានទទួលពាក្យទូលអង្វររបស់ទ្រង់ ដោយសេចក្តីមេត្តា(ខ.៩)។ ការទូលសួរព្រះអង្គដូចនេះ មិនមែនជាទង្វើដ៏គួរឲ្យខ្មាសអៀននោះទេ។ យើងក៏អាចចូលទៅរកព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដោយចិត្តក្លាហាន ហើយទូលសួរព្រះអង្គថា “ឱព្រះអម្ចាស់អើយ តើដល់កាលណា?” ហើយព្រះអង្គនឹងទទួលពាក្យទូលអង្វរយើង ហើយឆ្លើយតប តាមបំណងព្រះទ័យព្រះអង្គ។—John Blasé
តើអ្នកកំពុងមានការនឿយព្រួយ ហើយឆ្ងល់ថា ឱព្រះអម្ចាស់អើយ តើដល់កាលណា ដែរឬទេ? តើហេតុអ្វីអ្នកយល់ឃើញថា ព្រះទ្រង់មានលក្ខណៈដែលអាចឲ្យអ្នកទុកចិត្តបាន?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ បន្ទុកក្នុងលោកិយនេះ បានធ្វើឲ្យទូលបង្គំទូលសួរថា “តើដល់កាលណា?” ទូលបង្គំសូមអរព្រះគុណ សម្រាប់ការទទួលពាក្យទូលអង្វររបស់ទូលបង្គំ សូមព្រះអង្គប្រទានកម្លាំង ឲ្យទូលបង្គំទុកចិត្តព្រះអង្គ ក្នុងដំណើរជីវិតនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦