May 8, 2022

You are here:
ព្រះនៃយើងទ្រង់ធំប្រសើរ!

អស់​ទាំង​ស្នាដៃ​នៃ​ព្រះយេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម។ ទំនុកដំកើង ១១១:២ គេ​បាន​ប្រើ​ស្នាម​ម្រាមដៃ ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ គេ​ក៏​អាច​ធ្វើ​ស្នាម​ម្រាម​ដៃ​ក្លែង​ក្លាយ ដោយ​ចម្លង​ស្នាម​ម្រាម​ដៃ​ពិត។ ស្រដៀង​គ្នា​នេះ​ដែរ គំរូ​ខុស​គ្នា​នៅ​ក្នុង​ប្រស្រី​ភ្នែក​មនុស្ស​ម្នាក់​ៗ ជា​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស ប៉ុន្តែ ក្រោយ​មក មាន​គេ​ចម្លង​គំរូ​នៅ​ក្នុង​ប្រស្រី​ភ្នែក យក​ទៅ​ដាក់​នៅ​លើ​កញ្ចក់​សម្រាប់​ពាក់​ពី​លើ​កែវ​ភ្នែក ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ​ផង​ដែរ។ ការ​ប្រើ​រូបភាព ឬ​ស្លាក​ស្នាម​នៅ​លើ​រូបកាយ​មនុស្ស ដើម្បី​កំណត់​អត្ត​សញ្ញាណ​របស់​មនុស្ស អាច​បរាជ័យ។ ដូចនេះ តើ​មនុស្ស​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​គេ​អាច​កំណត់​អត្តសញ្ញាណ​បាន? ទីបំផុត គេ​ក៏​បាន​រក​ឃើញ​ថា គំរូ​នៃ​រូបរាង​របស់​សរសៃ​ឈាម​របស់​មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​ពិសេស​ខុស​ៗ​គ្នា ហើយ​គេ​មិន​អាច​ក្លែង​បន្លំ​បាន​ទេ។ សរសៃ​ឈាម​ដែល​រត់​ខ្វាត់​ខ្វែង​ដូច​ផែនទី ពេញ​រូបកាយ​របស់​អ្នក គឺ​ជា​កត្តា​កំណត់​អត្ត​សញ្ញាណ​ដ៏​ពិសេស ដែល​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ដទៃ នៅ​លើ​ផែន​ដី​នេះ ដោយ​មិន​អាច​ក្លែង​បន្លំ​បាន។ ពេល​ណា​យើង​ពិចារណា អំពី​ភាព​ចាក់​ស្រេះ​នៃ​សរីរាង្គ​មនុស្ស យើង​ប្រហែល​ជា​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ចង់​ថ្វាយ​បង្គំ និង​កោត​ស្ញប់​ស្ញែង​ព្រះ​អាទិករ ដែល​បាន​បង្កើត​យើង​មក។ ស្តេច​ដាវីឌ​បាន​រំឭក​យើង ដោយ​មាន​បន្ទូល​ថា “​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះ​អាទិករ​សក្ដិសម​នឹង​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​មក​លើ​ព្រះអង្គ លើស​ស្នា​ព្រះហស្ត​ព្រះអង្គ​ទៅ​ទៀត។ ខណៈ​ពេល​ដែល​យើង​សរសើរ​ដំកើង​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ យើង​ក៏​ត្រូវ​តែ​សរសើរ​ដំកើង​ព្រះ​អង្គ​ផង​ដែរ! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​អស្ចារ្យ…

Read article