ការពារចិត្តរបស់អ្នក

ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក។ សុភាសិត ៤:២៣

លោក​អ័ប្រា​ហាំ វ៉ល​ដ៍(Abraham Wald) ជា​អ្នកជំនាញ​ផ្នែក​គណិតវិទ្យា មានកំណើត​នៅ​ប្រទេស​ហុងគ្រី។ គាត់​បាន​ប្រើ​ជំនាញ​គាត់ ជា​ប្រយោជន៍​ដល់​កិច្ចប្រឹងប្រែង ក្នុង​សង្គ្រាម​លោក​លើក​ទី២ បន្ទាប់ពី​គាត់​បាន​ផ្លាស់មក​រស់នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ១៩៣៨។ កងទ័ព​អាមេរិក​បាន​ស្វែង​រក​វិធីការ​ពារ​យន្តហោះ​ចម្បាំង​របស់​ខ្លួន ពី​ការ​បាញ់ប្រហារ​របស់​កងទ័ព​សត្រូវ ដូចនេះ គេ​ក៏បាន​ឲ្យ​លោ​កវ៉ល និង​មិត្ត​រួមការ​ងារ​របស់​គាត់ ក្នុង​ក្រុម​ស្រាវជ្រាវ​ស្ថិតិ រិះរក​វិធី​សាស្រ្ត​ការពារ​យន្តហោះ​របស់​កងទ័ព​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព។ ពួក​គេ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ ដើម្បី​រកមើល​ចំណុច​ដែល​ខូចខាត​ខ្លាំង​ជាងគេ នៅ​លើ​យន្តហោះ។ តែ​គេ​ក៏បាន​សរសើរ​លោក​វ៉ល ដែល​បាន​រក​ឃើញថា ចំណុច​ខូចខាត​របស់​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ គ្រាន់តែ​បាន​តំណាង​ឲ្យ​ផ្នែក​របស់​យន្តហោះ​ដែល​សត្រូវ​បាញ់ត្រូវ តែ​មិន​បាន​ធ្វើឲ្យ​យន្តហោះ​ធ្លាក់។ គាត់​ក៏បាន​ដឹង​ថា គេ​ត្រូវ​រកមើល​ផ្នែក​ដែល​ត្រូវការ​ការពារ​បន្ថែម នៅ​លើ​យន្តហោះ​ដែល​សត្រូវ​បាន​បាញ់ធ្លាក់។ យន្តហោះ​ដែលគេ​បាញ់ត្រូវ​ចំ​ម៉ាស៊ីន ដែល​ជាផ្នែក​ងាយ​រងគ្រោះ​បំផុត បាន​ធ្លាក់​បាត់​ហើយ ដូចនេះ គេ​មិន​អាច​យក​ពួកវា​មក​ពិនិត្យ​បាន​ទេ។

ស្តេច​សាឡូម៉ូន​បាន​បង្រៀន​យើង អំពី​របៀបការ​ពារ​ចិត្ត​របស់​យើង ជាផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត។ គឺ​ដូចដែល​ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​រក្សា ឬ​ការពារ​ចិត្ត ឲ្យអស់​ពី​ព្យាយាម ព្រោះ “អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក”(សុភាសិត ៤:២៣)។ សេចក្តី​បង្រៀន​របស់​ព្រះ ដឹកនាំ​យើង ក្នុង​ការរស់នៅ ដោយ​បញ្ចៀស​យើង មិន​ឲ្យ​សម្រេចចិត្ត​ខុស និង​បង្រៀន​យើង​ឲ្យ​ផ្ដោត​ចិត្ត​ទៅលើ​អ្វី​ដែល​ត្រឹមត្រូវ។

បើ​យើង​ការពារ​ចិត្ត​យើង ដោយ​ស្តាប់​តាម​ការ​បង្រៀន​ព្រះអង្គ ជើង​យើង​នឹង​ចៀសចេញ​ពី​សេចក្តី​អាក្រក់ ហើយ​មាន​ភាព​ខ្ជាប់ខ្ជួន ក្នុង​ការ​ធ្វើដំណើរ​ជាមួយ​ព្រះអង្គ(ខ.២៧)។ យើង​ដើរចូល​ទៅ​ក្នុងទឹក​ដី​របស់​ខ្មាំងសត្រូវ​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ តែ​ដោយសារ​ប្រាជ្ញា​របស់​ព្រះ ការពារ​ចិត្តគំនិត​យើង នោះ​យើង​អាច​បន្ត​ផ្តោត​ទៅលើ​បេសកកម្ម​របស់​យើង ដើម្បីឲ្យ​យើង​រស់នៅ ឲ្យបាន​ល្អ ថ្វាយ​សិរីល្អ​ដល់​ព្រះ។—KIRSTEN HOLMBERG

តើ​ចិត្ត​របស់​អ្នក​ងាយ​រងគ្រោះ ដោយសារអ្វី​ខ្លះ នៅពេល​នេះ? តើ​ប្រាជ្ញា​មក​ពី​ព្រះ អាច​ការពារ​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ការពារ​ចិត្ត​ទូលបង្គំ ឲ្យ​រួចផុត​ពី​សេចក្តី​អាក្រក់។ ទូលបង្គំ​សូម​ចូល​ជ្រកកោន ក្នុង​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១-៣ និង ម៉ាកុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles