ព្រះបរមងាររបស់ព្រះគ្រីស្ទ

បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​ជា​នរណា ចូរ​ផ្តោត​អារម្មណ៍​ទៅលើ​ព្រះ​បរម​ងារ ដែល​ព្រះអង្គ​មាន ក្នុង​ព្រះ​គម្ពីរប៊ីប​ចុះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ​អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​នូវ​ភាព​ស្ញប់ស្ញែង ចំពោះ​ព្រះគ្រីស្ទ​ដែល​គ្មានអ្វី​អាច​ប្រៀប​នឹង​ព្រះអង្គ​បាន។

អត្ថបទ

បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ច្បាស់ អំពី​ព្រះយេស៊ូវ​ ចូរ​គិត​អំពី​ព្រះ​បរម​ងារ​របស់​ព្រះអង្គ​ចុះ។ ខ្ញុំ​ចាំ​ថា ប៉ុន្មាន​ឆ្នាំមុន មាន​សាលា​ព្រះគម្ពីរ​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​បាន​គ្រោង​ធ្វើ​សន្និសិត​មួយ ក្នុង​បរិវេណ​សាលា គឺ​ការ​ជួបជុំ​សិក្សា​មួយ ហើយ​ពួក​គេ​បាន​អញ្ជើញ​ទេវវិទូ​ដ៏​ល្បីល្បាញ ឲ្យ​មក​ចែកចាយ​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ។

ហើយ​គ្រូ​នេះ​មានការ​រៀន​សូ​ត្រ​ខ្ពង់ខ្ពស់​ណាស់ ដោយ​ការ​ទទួលស្គាល់​ពីសា​លា​នានា។ ហើយ​អ្នក​ត្រូវ​ដឹង​ថា នៅ​សកលវិទ្យាល័យ ឬ​ស្ថាប័ន​អប់រំ សន្និសិត​នេះ​មិនមែន​ជា​ការ​ជួបជុំ​ធម្មតា​ទេ ហើយក៏​មិនមែន​ជា​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ដែរ។ ហើយ​គាត់​បាន​ធ្វើឲ្យ​គេ​រាល់គ្នា​មានការ​ភ្ញាក់ផ្អើល ព្រោះ​គាត់​បាន​ឡើងឈរ​នៅចំពោះមុខ​អ្នកចូលរួម​ទាំងអស់ ហើយ​និយាយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​រៀន អំពី​ព្រះយេស៊ូវ​នៅ​ថ្ងៃនេះ”។ ហើយ​គាត់​មិនបាន​លើកឡើង​នូវ​ការវិភាគ​អំពី​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ​នោះ​ទេ តែ​ផ្ទុយទៅវិញ គាត់​បាន​ចំណាយពេល​ឈរ​នៅ​ទីនោះ​អស់៥៤នាទី ហើយ​បាន​អាន​ព្រះ​បរម​ងារ​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប។ គាត់​មិនបាន​បញ្ចេញ​យោបល់​អ្វី​ទេ ក៏​មិនបាន​ធ្វើការវិភាគ ឬ​ការ​កាត់​ស្រាយ​អ្វី​ដែរ គឺ​គ្រាន់តែ​ឈរ​និយាយ​ថា “ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ព្រះអម្ចាស់ ព្រះរាជបុត្រា​នៃ​ស្តេច​ដាវីឌ ព្រះរាជបុត្រា​នៃ​ព្រះ សត្វ​សឹង្ហ​នៃ​ពូជអំបូរ​យូដា កូនចៀម​នៃ​ព្រះ ជា​សេចក្តី​សុចរិត​របស់​យើង ជា​ព្រះអម្ចាស់​នៃ​សន្តិភាព អ្នកបម្រើ​ដែល​បាន​រងទុក្ខ ព្រះអង្គ​សង្គ្រោះ ព្រះអម្ចាស់ ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សា​រ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រកភ្នំ ជាស​ម្តេច​សង្ឃ​ដ៏​ធំ​ប្រសើរ​របស់​យើង ជា​បល្ល័ង្ក​នៃ​សេចក្តី​មេត្តា”។

ហើយ​គាត់​បាន​បន្ត​អាន​ដូចនេះ អស់​រយៈពេល៤៥នាទី ដោយ​មិនបាន​បញ្ចេញ​យោបល់​បែប​ទេវសាស្ត្រ​ឡើយ។ ពេល​គាត់​អាន​ចប់ សហគមន៍​ទេវ​សាស្រ្ត​ទាំងមូល​នៅ​សាលា​ព្រះគម្ពីរ​នោះ បាន​ស្តាប់​ឮ​គាត់​អាន​ព្រះ​បរម​ងារ​របស់​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ ដូច​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ នេះ​ជា​បទពិសោធន៍​ដ៏​ល្អ ដែល​ពួក​គេ​បាន​ទទួល​ក្នុង​ពេល​ដ៏​ខ្លី។ ដូចនេះ ពេលណា​យើង​និយាយ​អំពី​ព្រះយេស៊ូវ​ យើង​ត្រូវតែ​និយាយ​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ​ ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។

More articles