ព្រះយេស៊ូវមិនបានទុកឲ្យរាស្រ្តរបស់ព្រះអង្គ រស់នៅដោយមានអាទិភាពមិនច្បាស់លាស់នោះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីអាទិភាពសំខាន់បំផុត ក្នុងជីវិតគ្រីស្ទានគឺ ៖ ចូរស្វែងរកនគរព្រះជាមុនសិន។
អត្ថបទ
“ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង”(ម៉ាថាយ ៦:៣៣)។ បទគម្ពីរនេះជាភាសាក្រិកបានប្រើពាក្យ ប្រូតូ ដែលមានន័យថា “ទី១” ដែលមិនគ្រាន់តែមានន័យថា លេខរៀងទី១ នៅក្នុងលំដាប់លំដោយប៉ុណ្ណោះទេ តែក៏សំខាន់ជាងគេផងដែរ។ ក្នុងបទគម្ពីរនេះ ព្រះយេស៊ូវកំពុងមានបន្ទូលថា អាទិភាពសំខាន់បំផុតរបស់ជីវិតគ្រីស្ទបរិស័ទ គឺត្រូវស្វែងរកនគរព្រះជាមុន ដោយស្វែងរកទីក្រុងរបស់ព្រះ និងចូលរួមយ៉ាងឆេះឆួល នៅក្នុងដំណើរស្វែងរកការអ្វី ដែលព្រះអង្គបានសន្យាថា នឹងប្រទានមកយើង នៅពេលអនាគត។
ឱបងប្អូនស្ងួនភ្ងាអើយ យើងត្រូវដឹងថា សព្វថ្ងៃនេះ យើងកំពុងធ្វើដំណើរឆ្ពោះទៅរកកន្លែងណា។ ហេតុនេះហើយ យើងចាំបាច់ត្រូវមានការយល់ដឹង និងស្គាល់គោលដៅ ដែលព្រះទ្រង់បានដាក់ឲ្យរាស្រ្តព្រះអង្គ។ ចូរឲ្យភ្នែកយើងបន្តផ្ដោតទៅលើទីក្រុងរបស់ព្រះ។ នោះជាកន្លែងដែលយើងត្រូវទៅ។ ជាកន្លែងដែលយើងកំពុងតែឆ្ពោះទៅរក។ ហើយបើយើងដឹងថា នោះជាគោលដៅរបស់យើង យើងនឹងមិនងាយវង្វេងផ្លូវ ហើយដើរវិលវល់គ្រប់ទិសទីនោះទេ តែយើងនឹងបន្តជាប់នៅក្នុងផ្លូវរបស់ព្រះគ្រីស្ទ។