ព្រះគម្ពីរច្រើនតែអបអរសាទរជ័យជម្នះរបស់ព្រះអម្ចាស់ ដោយបទចម្រៀង។ តែគេមិនទាន់ច្រៀងទំនុកសរសើរមួយ ក្នុងចំណោមទំនុកអបអរជ័យជម្នះទាំងនោះនៅឡើយទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមចែកចាយ អំពីបទចម្រៀងនៃពួកដែលព្រះបានលោះ ក្នុងកណ្ឌគម្ពីរវិវរណៈ ដោយអបអរជ័យជម្នះរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងចំណុចខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ។
អត្ថបទ
យើងចាំបាច់ត្រូវផ្តល់ការចាប់អារម្មណ៍មកលើបទចម្រៀងក្នុងព្រះគម្ពីរ។ ព្រះគម្ពីរមិនមែនជាសៀវភៅចម្រៀងនោះទេ តែយើងសង្កេតឃើញថា នៅក្រៅកណ្ឌគម្ពីរទំនុកដំកើង និងកណ្ឌគម្ពីរបទចម្រៀងផ្សេងទៀត ជួនកាល កណ្ឌគម្ពីរខ្លះក៏បានចែង ឬនិយាយអំពីបទចម្រៀងផងដែរ។ បើយើងមើលព្រះគម្ពីរសញ្ញាចាស់ យើងឃើញបទចម្រៀងនៃផ្លែដាវរបស់លោកឡាមេក ជាប្រភេទបទចម្រៀងទុច្ចរិត។ តែបន្ទាប់មក យើងឃើញបទចម្រៀងរបស់លោកម៉ូសេ និងនាងម៉ារាមអំពី “សត្វសេះ និងអ្នកជិះសេះ ដែលបានបោះចូលទៅក្នុងសមុទ្រ” ឬបទចម្រៀងរបស់អ្នកស្រីដេបូរ៉ា ដែលជាចៅហ្វាយស្រី ដែលបានដឹកនាំពួកអ៊ីស្រាអែលទាស់ប្រឆាំងនឹងខ្មាំងសត្រូវ ដែលដឹកនាំដោយស៊ីសេរ៉ា ហើយពេលនោះស៊ីសេរ៉ាក៏បានពោលថា “ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ”។
ហើយក្នុងបទគម្ពីរសញ្ញាចាស់ទាំងមូល អ្នកនឹងឃើញថា គេបានច្រៀងទំនុកសរសើរនៅក្នុងពេលដ៏ជាក់លាក់ណាមួយ។ ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល បទចម្រៀងដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺមានកត់ទុក ក្នុងដើមដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជាបទចម្រៀងរបស់នាងអេលីហ្សាបិត បទចម្រៀងរបស់លោកសាការី បទចម្រៀងរបស់លោកស៊ីម្មាន បទចម្រៀងរបស់នាងម៉ារា ជាបទលើកដំកើងព្រះ។ អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបទចម្រៀងទាំងនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាងគេ? ព្រោះ ក្នុងទឹកដីអ៊ីស្រាអែល តួនាទីរបស់បទចម្រៀងទាំងនេះ គឺដើម្បីអបអរជ័យជម្នះរបស់ព្រះអម្ចាស់ ក្នុងពេលណាមួយនៃប្រវត្តិសាស្រ្ត។
ហើយក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហានបានបង្ហាញឲ្យយើងដឹងថា យើងច្រៀងបទចម្រៀង យើងនឹកចាំទំនុកបរិសុទ្ធ ហើយយើងច្រៀងបទចម្រៀង ដែលបាននិពន្ធរាប់សតវត្សរ៍ហើយ តែថ្ងៃមួយ ព្រះអម្ចាស់នឹងប្រទានបទចម្រៀងថ្មីដល់រាស្រ្តព្រះអង្គ។ ក្នុងពេលនៃជ័យជម្នះជាលើកចុងក្រោយ យើងនឹងមានបទចម្រៀងថ្មីមួយ។
ហើយព្រះទ្រង់អនុញ្ញាតឲ្យយើងដឹងជាមុន តាមរយៈព្រះបន្ទូលព្រះអង្គ អំពីព្រឹត្តិការណ៍នៅពេលអនាគត។ ព្រះអង្គឲ្យលោកយ៉ូហាន ក៏ដូចយើងរាល់គ្នា ដឹងជាមុន អំពីជ័យជម្នះចុងក្រោយ និងបានស្គាល់បទចម្រៀងនោះជាមុនផងដែរ។ ហើយពួកគេនឹងច្រៀងបទថ្មីនោះថា “ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:៩-១០)។
ទំនុកច្រៀងនេះមិនមែនមានតែប៉ុណ្ណេះទេ តែជាសេចក្តីផ្តើមនៃបទចម្រៀង ព្រោះខបន្ទាប់លោកយ៉ូហានប្រាប់យើងថា “នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់”។
បទចម្រៀងនេះក៏បានបន្ទរថា “កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ”។ គ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា “សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ”។ យើងបម្រើព្រះគ្រីស្ទ ហើយថ្វាយបង្គំ និងស្រឡាញ់ព្រះអង្គ ដោយការដឹងគុណ និងក្តីស្រឡាញ់ តែដែលសំខាន់បំផុតនោះ គឺដោយសារព្រះអង្គសក្តិសមនឹងឲ្យយើងថ្វាយបង្គំ។