សេចក្តីស្មោះត្រង់នៅពេលអនាគត

អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ។ យេរេមា ៣២:៤២

ម្តាយ​របស់​សារ៉ា​បាន​លាចាក​លោក កាល​សារ៉ា​មាន​អាយុ​តែ១៤ឆ្នាំ។ នាង និង​បងប្អូន​បង្កើត​របស់​នាង ក៏បាន​បាត់បង់​ផ្ទះ​សម្បែង ហើយក៏​បាន​ក្លាយជា​ក្មេង​អនាថា។ ប៉ុន្មាន​ឆ្នាំក្រោយ​មក សារ៉ា​ចង់​ទុក​កេរមរតក ឲ្យ​កូន ដែល​នាង​នឹង​មាននៅ​ពេល​អនាគត ដែល​អាច​បន្ត​ផ្ទេរ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ទៀត។ នាង​ក៏បាន​ខិតខំ​ធ្វើការងារ ដើម្បី​ទិញ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង ដោយ​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​នាង​នូវ​ទីលំនៅ​ពិតប្រាកដ ដែល​នាង​មិនដែល​មាន។

ការ​ខិតខំ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ គឺជា​សកម្មភាព​ដែល​ធ្វើ​ដោយ​ជំនឿ ចំពោះ​ពេល​អនាគត​ដែល​យើង​មិនទាន់​បានឃើញ។ ព្រះ​ទ្រង់​បាន​បង្គាប់​ហោរា​យេរេមា ឲ្យ​ទិញ​ដី​មួយ​កន្លែង មុន​ពេល​ទីក្រុង​យេ​រូ​សាឡិម​ត្រូវ​កង​ទ័ព​ចក្រភព​បាប៊ីឡូន​ឡោមព័ទ្ធ(យេរេមា ៣២:៦-១២)។ លោក​ហោរា​មិនសូវ​យល់​សេចក្តី​បង្គាប់​របស់​ព្រះអង្គ​ឡើយ។ មិនយូរ​ប៉ុន្មាន ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សត្រូវ​រឹបអូស​យក​ទាំងអស់។

ប៉ុន្តែ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សន្យាចំពោះ​​លោក​យេរេមា​ថា “អញ​បាន​នាំ​អស់ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជនជាតិ​នេះ​យ៉ាងណា អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ”(ខ.៤២)។ ការដែល​ព្រះអង្គ​បង្គាប់​ហោរា​យេរេមា​ឲ្យ​ទិញ​ដី​នោះ គឺជា​និមិត្តសញ្ញា​បង្ហាញ​អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ក្នុង​ការ​ស្អាង​ពួក​អ៊ីស្រាអែល​ឡើង​វិញ នៅ​លើទឹក​ដី​របស់​ពួក​គេ។ សូម្បីតែ​នៅក្នុង​ពេល​ដែល​មានការ​វាយប្រហារ​ដ៏​អាក្រក់ ព្រះអង្គ​បាន​សន្យា​រាស្រ្ត​ព្រះអង្គ​ថា សេចក្តី​សុខសាន្ត​នឹង​កើតមាន​ជាថ្មី ដោយ​ពួក​គេ​អាច​ទិញ និង​លក់​ផ្ទះ និង​ដី​ឡើងវិញ(ខ.៤៣-៤៤)។

ថ្ងៃនេះ យើង​អាច​សម្រេចចិត្ត​ដាក់​សេចក្តី​ជំនឿ​របស់​យើង ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ។ ទោះ​យើង​មិនបាន​ឃើញ​ការ​ស្អាង​ឡើងវិញ ក្នុង​គ្រប់​ផ្នែក​ទាំងអស់ នៅ​លើ​ផែនដី​ក៏ដោយ ក៏​យើង​នៅតែ​មានការ​ធានា​ថា ថ្ងៃណាមួយ ព្រះអង្គ​នឹង​ស្អាង​អ្វី​ៗ​គ្រប់​យ៉ាង​ឡើងវិញ។—KAREN PIMPO

តើមាន​កត្តា​អ្វី​ដែល​ធ្វើឲ្យ​អ្នក​មិនបាន​នឹក​ចាំ​អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ទុកចិត្ត​ព្រះបន្ទូល​របស់​ព្រះអង្គ ដែល​បាន​សន្យា​ថា​នឹង​ស្អាង​ឡើងវិញ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​លើ​ការរៀបចំ​របស់​ព្រះអង្គ ដោយ​ព្រះទ័យ​ស្មោះត្រង់ សម្រាប់​ពេល​អនាគត ដែល​ទូលបង្គំ​មិនទាន់​មើលឃើញ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles