នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង។ យ៉ូហាន ១៧:៣
ក្នុងសៀវភៅរឿងមានចំណងជើងថា លោកថាក់ មានជីវិតអមតៈ លោកអូគូស ថាក់(Angus Tuck)បានប្រាប់កញ្ញាវីនី(Winnie)ថា “កុំខ្លាចសេចក្តីស្លាប់អី តែត្រូវខ្លាចជីវិតដែលគ្មានន័យវិញ”។ ក្រោយមក គេក៏បានយកសៀវភៅរឿងនេះមកផលិតជាខ្សែភាពយន្ត។ តែសម្រង់សម្តីខាងលើនេះ មានចំណុចគួរឲ្យចាប់អារម្មណ៍នៅត្រង់ថា វាជាសម្តីរបស់តួអង្គម្នាក់ ដែលមានជីវិតអមតៈ។ ក្នុងរឿងនេះ គ្រួសាររបស់លោកថាក់បានក្លាយជាមនុស្សអមតៈ។ យុវជន ចេមន៍ ថាក់(James Tuck) បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់កញ្ញាវីនី ហើយក៏បានអង្វរនាងឲ្យស្វែងរកជីវិតអមតៈផងដែរ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយគ្នាជារៀងរហូត។ តែលោកអ៊ូគូស ជាមនុស្សមានប្រាជ្ញា។ គាត់ក៏ដឹងផងដែរថា ការមានជីវិតអមតៈ មិនអាចនាំឲ្យចិត្តស្កប់ស្កល់បានទេ។
វប្បធម៌របស់យើងបានប្រាប់យើងថា បើយើងអាចមានសុខភាពល្អ មានវ័យក្មេង និងមានកម្លាំងជារៀងរហូត យើងនឹងមានសុភមង្គល ជាប្រាកដ។ តែយើងមិនអាចរកឃើញការស្កប់ចិត្ត នៅក្នុងរបស់ទាំងអស់នេះបានទេ។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ព្រះអង្គបានអធិស្ឋានឲ្យសិស្សរបស់ព្រះអង្គ និងអធិស្ឋានឲ្យអ្នកជឿនៅពេលអនាគត យ៉ាងដូចនេះថា “នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង”(យ៉ូហាន ១៧:៣)។ ភាពស្កប់ស្កល់ ក្នុងជីវិតរបស់យើង កើតចេញពីទំនាក់ទំនងជាមួយព្រះ តាមរយៈជំនឿលើព្រះគ្រីស្ទ។ ព្រះអង្គជាក្តីសង្ឃឹមសម្រាប់ពេលអនាគត និងក្តីអំណរ សម្រាប់ពេលបច្ចុប្បន្នផងដែរ។
ព្រះយេស៊ូវបានអធិស្ឋានសូមឲ្យពួកសិស្សរបស់ព្រះអង្គ មានការរស់នៅបែបថ្មី ដែលស្តាប់បង្គាប់ព្រះ(ខ.៦) ជឿថា ព្រះវរបិតាបានចាត់ព្រះយេស៊ូវឲ្យយាងចុះមក(ខ.៨) ហើយមានការរួបរួមគ្នាតែមួយ(ខ.១១)។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ យើងមើលទៅជីវិតអស់កល្បនៅពេលអនាគត ដែលយើងនឹងរស់នៅជាមួយព្រះអង្គ។ តែក្នុងអំឡុងពេលដែលយើងនៅមានជីវិតលើផែនដីនៅឡើយ យើងអាចរស់នៅក្នុងជីវិតពេញបរិបូរ និងស្កប់ស្កល់(១០:១០) ដែលព្រះអង្គបានសន្យាថា យើងនឹងមាននៅពេលបច្ចុប្បន្ន។—KAREN PIMPO
តើអ្នករកឃើញក្តីអំណរ និងការស្កប់ចិត្តពិតប្រាកដ ក្នុងជីវិតនេះ នៅកន្លែងណា? តើអ្នកបង្ហាញឲ្យគេឃើញជីវិតថ្មីរបស់អ្នកក្នុងព្រះគ្រីស្ទ ដោយរបៀបណា?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យប្រកាន់ខ្ជាប់នូវជីវិតពេញបរិបូរ ដែលព្រះអង្គបានប្រទានទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១ពង្សាវតាក្សត្រ ១២-១៣ និង លូកា ២២:១-២០