មិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់

ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​សេចក្តី​ហិន​វិនាស​របស់​មនុស្ស​អាក្រក់​នោះ​ទេ។ តែ​ដោយសារ​ព្រះអង្គ​ល្អ នោះ​ព្រះអម្ចាស់​ធានា​ថា ព្រះអង្គ​នឹង​កាត់ទោស​មនុស្ស​ដោយ​យុត្តិធម៌។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស​ចំពោះ​មនុស្ស​មាន​បាប​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​មិនដែល​បន្ថែមបន្ថយ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។

អត្ថបទ

ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​ការ​ស្លាប់​របស់​មនុស្ស​អាក្រក់​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​មិន​សប្បាយ​ព្រះទ័យ តែ​ព្រះអង្គ​នៅតែ​កំណត់​ឲ្យ​ពួក​គេ​ស្លាប់។ ដូចនេះ ចំណុច​ដែល​យើង​ត្រូវ​ចងចាំ​នោះ​គឺ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស ក៏​ព្រះអង្គ​មិនបាន​កាត់បន្ថយ​សេចក្តី​សុចរិត ឬ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ ហើយ​ព្រះអង្គ​នៅតែ​កាត់ទោស​មនុស្ស​អាក្រក់ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​ល្អ ចំពោះ​ពួក​គេ តាំងពី​ដើម​មក​ក៏ដោយ។ ខ្ញុំ​ចូលចិត្ត​ប្រៀបប្រដូច​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ ទៅ​នឹង​ការ​ជំនុំជម្រះ​របស់​ចៅក្រម មក​លើ​កូនប្រុស​គាត់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​កំរិត​ធ្ងន់ ហើយ​ត្រូវ​ជំនុំជម្រះ​ទោស​ក្នុង​តុលាការ។ ចៅក្រម​ដឹង​ថា​កូន​គាត់​មានទោស ដោយមាន​ភស្តុតាង​នឹង​សាក្សី​គ្រប់គ្រាន់។ ដូចនេះ ចៅក្រម​ត្រូវ​សម្រេច​ទោស​ភាគី​ដែល​មាន​ទោស តាម​ការ​តម្រូវ​របស់​ច្បាប់ មិន​អាច​យល់ញាតិ​ឃ្លាត​ច្បាប់​បាន​ឡើយ។

ក្នុង​កាលៈទេសៈ​នេះ ចៅក្រម​ដ៏​យុត្តិធម៌ នឹង​ដាក់ទោស​ដោយ​យុត្តិធម៌ ទោះ​ជន់​ជាប់ចោទ​ជា​កូនប្រុស​គាត់​ក៏ដោយ។ ទោះ​គាត់​មានការ​ព្រួយបារម្ភ មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូនប្រុស​គាត់ ក៏​គាត់​នឹង​កាត់ទោស​កូនប្រុស​គាត់​ឲ្យ​ជាប់គុក ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ច្បាប់ សេចក្តី​សុចរិត និង​យុត្តិធម៌។ គាត់​ប្រហែលជា​សម្រេច​ទោស​កូន​គាត់​ទាំង​ទឹកភ្នែក តែ​ទោះជាយ៉ាងណា​ក៏ដោយ ដោយសារ​ចៅក្រម​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​សេចក្តី​សុចរិត និង​យុត្តិធម៌ នោះ​គាត់​នឹង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ។

 

 

More articles