ព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់

បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ចាញ់​ល្បួង​របស់​សាតាំង ព្រះ​ទ្រង់​មាន​សិទ្ធិ​គ្រប់យ៉ាង ដើម្បី​បំផ្លាញ​មនុស្សជាតិ។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ ដែល​នឹង​កិន​ក្បាល​របស់​អារក្ស ហើយ​រំដោះ​រាស្រ្ត​ព្រះអង្គ ឲ្យ​រួចពី​ការ​ជំនុំជម្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល នឹង​ធ្វើការ​បកស្រាយ អំពី​ព្រះបន្ទូល​សន្យា​ទីមួយ នៃ​ដំណឹងល្អ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ លោកុប្បត្ដិ ៣:១៥។

អត្ថបទ

សូម​ចាំ​ថា ជំពូក​ទី៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ បាន​ពិពណ៌នា អំពី​ការ​ធ្លាក់ចុះ​របស់​មនុស្សជាតិ ចូល​ទៅ​ក្នុង​អំពើបាប។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​ការ​ល្បួង និង​អំពើបាប របស់​អ័ដាម និង​នាង​អេវ៉ា។ អ្នក​ប្រហែលជា​រំពឹង​ថា ប្រវត្តិ​សាស្រ្ត​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​ព្រះ និង​មនុស្សជាតិ​បាន​ចាប់ផ្តើម​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ១:១ ដែល​បាន​ចែងថា “កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ​និង​ផែនដី” ហើយ​ទំនាក់ទំនង​នោះ​ក៏បាន​ចប់​ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ៣:១៤ តែ​បទ​គម្ពីរ​នេះ​មិនបាន​ចែង​ទេ​ថា “ហើយ​ព្រះ​ទ្រង់​ក៏បាន​បំផ្លាញ​ផ្ទៃមេឃ និង​ផែនដី និង​របស់​សព្វសារពើ ពេល​ដែល​មនុស្សជាតិ​បាន​ទាស់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះអង្គ​ជា​ព្រះ”។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​ទុកជីវិត សង្គ្រោះ ប្រោស​លោះ និង​សង្គ្រោះ​ស្នា​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​ធ្លាក់​ចូល​អំពើបាប។

សូម​យើង​មើល​ជំពូក​៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ។ បទ​គម្ពីរ​នេះ​បាន​កត់ទុក​អំពី​បណ្តាសា​ដែល​ព្រះអង្គ​ទម្លាក់​មក​លើ​សត្វ​ពស់ ដែល​បាន​ល្បួង​អ័​ដាំ​ម និង​នាង​អេវ៉ា។ “ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅក្នុង​អស់ទាំង​ពួក​សត្វស្រុក សត្វព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់១ជីវិត” ព្រះអង្គ​ក៏បាន​សន្យា​ថា “អញ​នឹង​ធ្វើឲ្យ​ឯង ហើយនិង​ស្ត្រី គឺ​ទាំងពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹងគ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ”(ខ.១៤-១៥)។

នេះ​ក៏​ជា​បទ​ទំនាយ​ផង​ដែរ។ ព្រះ​ទ្រង់​កំពុង​មាន​បន្ទូល​អំពី​ពេល​អនាគត ដែល​ពូជ​នាង​នឹង​កិន​ក្បាល​ពស់ ជា​ការ​ប៉ះទង្គិច រវាង​ពូជ​របស់​នាង​អេវ៉ា និង​សត្វ​ពស់ ជា​សង្រ្គាម​ខ្លាំង​បំផុត​រវាង​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់ ព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ថា “អញ​នឹង​ធ្វើឲ្យ​ឯង ហើយនិង​ស្ត្រី គឺ​ទាំងពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹងគ្នា” ដែល​ជា​ការ​ស្អប់គ្នា ការ​ដាច់​ចេញពី​គ្នា។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មាន​បន្ទូល​អំពី​ពូជ​របស់​ស្ត្រី ដែល​នាង​កិន​ក្បាល​ពស់ នៅ​លើ​ដី​ទាល់តែ​វា​ស្លាប់។

តែ​នៅក្នុង​ដំណើរការ​នៃ​ការបំផ្លាញ​អារក្ស ពូជ​របស់​ស្រ្តី​នឹង​ត្រូវរបួស។ ទ្រង់​ប្រើ​ព្រះបាទ​ទ្រង់​ជាន់​ក្បាល​ពស់ ដូចនេះ កែង​ព្រះបាទ​ទ្រង់​ក៏​ត្រូវ​ពស់​ចឹក​ឲ្យ​របួស។ ព្រះគម្ពីរ​សញ្ញាថ្មី​ក៏បាន​ប្រាប់​យើង​ឲ្យដឹង​ថា ទ្រង់​ក៏បាន​ប្រសូត​មក តាម​បទ​ទំនាយ ដើម្បី​នាំមក​នូវ​ការ​ប្រោស​លោះ​ឲ្យ​រួចពី​បាប​ដល់​មនុស្សជាតិ។ តែ​ក្នុង​ការ​ប្រោស​លោះ​នោះ ដាវ​ក៏បាន​ចាក់​ទំ​លុះ​វិញ្ញាណ​នាង​ម៉ារា ដែល​ជា​ព្រះមាតា​ទ្រង់ ខណៈ​ពេល​ដែល​នាង​ឈរ​នៅ​ក្បែរ​ឈើឆ្កាង មើល​បុត្រា​នាងរង​របួស​ដល់​អស់ព្រះជន្ម។

ភ្នែក​ខាង​សាច់ឈាម​របស់​នាង បានឃើញ​បុត្រា​នាង​ទទួលរង​ទារុណកម្ម រងទុក្ខ​វេទនា និង​ការ​បន្ទាប​បន្ថោក។ តែ​នាង​មិនបាន​ឃើញ​រឿង​ខាងវិញ្ញាណ​ដែល​កំពុង​កើតឡើង​ទេ។ នាង​មិន​អាច​មើលឃើញ​សាតាំង។ នាង​បាន​មើលឃើញ​ហេតុការណ៍​នៃ​ការ​សុគត​របស់​ព្រះគ្រីស្ទ ដោយ​ខ្ចាយ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង តែ​មិនបាន​ដឹង​ទេ​ថា ព្រះអង្គ​កំពុង​កិន​ក្បាលសត្វ​ពស់។ ដូចនេះ សរុប​មក ដំណឹងល្អ​ដំបូង​បំផុត​បាន​ប្រកាស​ឡើង ក្នុង​សួន​ច្បារ​អេដែន អំពី​ការសន្យា​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ ដែល​នឹង​ត្រូវ​មក។

 

More articles