ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២
កាលពីឆ្នាំ១៨៥៩ លោកយ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បានតាំងខ្លួនជាអធិរាជនៃសហរដ្ឋអាមេរិក។ លោកន័រតុនរកបានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងមុខជំនួញដឹកជញ្ជូន នៅទីក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ ហើយក៏បានខាតបង់អស់ទៅវិញ។ ប៉ុន្តែ គាត់ចង់បានអត្តសញ្ញាណថ្មីមួយ ដោយគាត់ចង់ធ្វើជាអធិរាជទីមួយរបស់សហរដ្ឋអាមេរិក។ ពេលដែលសារព័ត៌មានពេលល្ងាចសាន់ ហ្វ្រាន់ស៊ីស្កូ បានចេញផ្សាយ អំពីការប្រកាសរបស់លោកន័រតុន អ្នកអានកាសែតភាគច្រើនបានអស់សំណើច។ លោកន័រតុនបានធ្វើការប្រកាសនេះ ក្នុងគោលបំណងដើម្បីព្យាបាលជំងឺសង្គមមួយជំនួន ហើយក៏បានបោះពុម្ពរូបិយប័ណ្ណផ្ទាល់ខ្លួន ហើយថែមទាំងសរសេរសំបុត្រផ្ញើទៅក្សត្រីវិចតូរីយ៉ា ដោយសុំព្រះនាងរៀបការ ហើយបង្រួបបង្រួមសហរដ្ឋអាមេរិកជាមួយចក្រភពអង់គ្លេស។ គាត់ក៏បានពាក់ឯកសណ្ឋានទាហានរបស់ស្តេច ដែលជាងកាត់ដេរក្នុងតំបន់រចនា។ អ្នកសង្កេតម្នាក់បាននិយាយថា លោកន័រតុន “មានរូបរាងដូចស្តេចទាំងស្រុង”។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនមែនជាស្តេចទេ។ រឿងនេះបានបង្រៀនយើងថា យើងមិនអាចក្លែងបន្លំអត្តសញ្ញាណរបស់យើងបានឡើយ។
មនុស្សជាច្រើនបានចំណាយពេលច្រើនឆ្នាំ ដើម្បីឲ្យដឹងថា ខ្លួនឯងជានរណា ហើយមានតម្លៃអ្វីខ្លះ។ តែយើងអរព្រះគុណព្រះអង្គ ដែលបានហៅយើងថា កូនប្រុសស្រី ពេលណាយើងទទួលសេចក្តីសង្រ្គោះ ក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។ ហើយអត្តសញ្ញាណនេះ គឺជាអំណោយមកពីព្រះអង្គទាំងស្រុង។ យើងជាកូនស្ងួនភ្ងារបស់ព្រះអង្គ “គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ”(ខ.១៣)។
ព្រះទ្រង់ប្រទានយើងនូវអត្តសញ្ញាណថ្មី ក្នុងព្រះគ្រីស្ទ។ យើងអាចឈប់ប្រៀបធៀបខ្លួនយើង ជាមួយអ្នកដទៃ ព្រោះព្រះអង្គបានប្រាប់យើងថា យើងជានរណាហើយ។—WINN COLLIER
តើធ្វើដូចម្តេចឲ្យអ្នកដឹងថា ព្រះទ្រង់បានជ្រើសរើសអ្នក? តើការធ្វើជាកូនព្រះអង្គ បានជួយឲ្យអ្នកស្គាល់អត្តសញ្ញាណពិតរបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំដឹងថា ទូលបង្គំជាកូនព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្ត ដោយដឹងថា ទូលបង្គំបានកើតពីព្រះអង្គ ជាកូនរបស់ស្តេចលើអស់ទាំងស្តេច។
To learn more about your identity in Christ, visit ODBU.org/SF130.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២ពង្សាវតាក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤