ថ្វាយការសរសើរដំកើង ដោយការដឹងគុណ

ព្រះយេស៊ូវ​បាន​លាង​សម្អាត​យើង ឲ្យ​ជ្រះ​បាប។ ហេតុអ្វី​យើង​នៅតែ​មិន​មានការ​ដឹងគុណ​ព្រះអង្គ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​ការ​ដឹងគុណ​ព្រះអង្គ​សង្គ្រោះ​យើង ដែល​នាំឲ្យមាន​ការថ្វាយបង្គំ​ដោយ​កោតខ្លាច និង​ការបម្រើ​ដោយ​អំណរ ក្នុង​ជីវិត​យើង។

អត្ថបទ

បទ​គម្ពីរ​លូកា ១៧:១២ បាន​ចែងថា “លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ១ ក៏​មាន​មនុស្ស​ឃ្លង់១០នាក់​មក​ជួបនឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា”។ ត្រង់​ចំណុច​នេះ យើង​ដឹង​ថា ក្នុងទឹក​ដី​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ពេលណា​គេ​ពិនិត្យ​ឃើញថា អ្នក​មាន​ជំងឺឃ្លង់ នោះ​អ្នក​នឹង​រស់នៅ​ដាច់ដោយឡែក​ពី​គេ តាមរបៀប​ដ៏​អាក្រក់​បំផុត។ ការរស់នៅ​ដាច់ដោយឡែក​នោះ មិន​មាន​រយៈពេល​តែ១សប្តាហ៍ ឬ២សប្តាហ៍​នោះ​ទេ តែ​ពេញ​មួយ​ជីវិត​របស់​អ្នក លើកលែងតែ​ក្នុងករណី អ្នក​បាន​ជា​ពី​ជំងឺឃ្លង់ តាមរបៀប​ដ៏​អស្ចារ្យ​ណាមួយ។ អ្នក​ត្រូវ​គេ​ដាក់​ទោស​ឲ្យ​រស់នៅ​តែ​ឯង កាត់​ផ្តាច់​ទំនាក់ទំនង​ពី​សហគមន៍ ក្រុម​គ្រួសារ និង​ស្ថាប័ន​សាសនា​នៅ​សម័យ​នោះ។ អ្នក​ត្រូវ​រស់នៅ​ក្នុង​វណ្ណៈ​ទាប​បំផុត ហើយ​ក្រៅពី​អ្នក​កើត​ឃ្លង់​ដូចគ្នា នោះ​អ្នក​មិន​អាច​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​បាន​ឡើយ។ ហេតុនេះ​ហើយ អ្នកជំងឺ​ឃ្លង់​មានការ​ប្រមូល​ផ្តុំគ្នា ក្នុង​មួយ​ក្រុម១០នាក់​ជាដើម ព្រោះ​ពួក​គេ​អាច​នៅ​ក្បែរ​អ្នកជំងឺ​ឃ្លង់ ដែល​កំពុងតែ​វេទនា​ដូចគ្នា​ប៉ុណ្ណោះ។

កាល​ព្រះយេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ភូមិ១ ក៏​មាន​មនុស្ស​ឃ្លង់១០នាក់​មក​ជួបនឹង​ទ្រង់ ឈរ​ស្រែកហៅ​ព្រះអង្គ ពី​ចំងាយ​ថា “ឱ​ព្រះយេស៊ូវ​ ជា​ម្ចាស់​អើយ សូម​មេត្តាប្រោស​យើងខ្ញុំ​ផង”។ ព្រះអង្គ​ក៏បាន​បង្គាប់​ពួក​គេ​ថា “ចូរ​អ្នករាល់គ្នា​ទៅ​បង្ហាញខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យមើល​ចុះ លុះ​គេ​កំពុងតែ​ដើរទៅ នោះ​ក៏បាន​ជា​ស្អាត​ទាំងអស់គ្នា”។ តាម​ក្រឹត្យវិន័យ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ បើ​ពួក​សង្ឃ​ពិនិត្យ​ឃើញថា ពួក​គេ​បាន​ជា​ស្អាត​ហើយ នោះ​ពួក​សង្ឃ​នឹង​ធ្វើ​ការ​ប្រកាស ដើម្បីឲ្យ​ពួក​គេ​ឈប់​រស់នៅ​ដាច់ដោយឡែក​ទៀត។ ហេតុអ្វី​ព្រះអង្គ​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​ជួប​ពួក​សង្ឃ តែ​មិនបាន​មាន​បន្ទូល​ថា “ចូរ​ឲ្យបាន​ជា​ស្អាត​ចុះ ខ្ញុំ​បាន​ប្រោស​អ្នកឲ្យ​ជា​ហើយ”? ព្រោះ​ការ​ប្រាប់​ឲ្យ​ជួប​ពួក​សង្ឃ គឺ​មិន​ខុសពី​ការ​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ហើយ។ ជាក់ស្តែង​ពួក​គេ​បាន​ជឿ​ព្រះបន្ទូល​ព្រះអង្គ ដោយ​ដើរទៅ​រក​ពួក​សង្ឃ ហើយ​ភ្លាម​ៗ​នោះ ម្រាមដៃ ម្រាមជើង និង​ដំបៅ​នៅ​លើ​ខ្លួន​ពួក​គេ​ក៏បាន​ជា​ស្អាត។

ក្នុងចំណោម១០នាក់​នោះ ៩នាក់​មានការ​សប្បាយចិត្ត​ខ្លាំង​ណាស់ ក៏​ប្រញាប់​ទៅ​រក​ពួក​សង្ឃ ហើយ​ប្រហែល​ប្រញាប់​ត្រឡប់ទៅ​ជួបជុំ​គ្រួសារ​ផង​ដែរ។ មាន​តែ​ម្នាក់​ទេ​ដែល​បាន​ត្រឡប់​មក​ក្រាប​នៅ​ចំពោះ​ព្រះអង្គ ទាំង​អរព្រះគុណ។ យើង​អាច​ដឹង​ច្បាស់​ថា អ្នក​ទាំង១០សុទ្ធតែ​ដឹងគុណ តែ៩នាក់​មិនបាន​ដឹងគុណ​ខ្លាំង​ដូច​ម្នាក់​នោះ​ទេ។ ការ​មាន​អារម្មណ៍​ដឹងគុណ និង​ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ​មិន​ដូចគ្នា​ទេ។ បើ​ខ្ញុំ​សួរ​ថា “តើមាន​បាប​អ្វីខ្លះ ដែល​ជា​បាប​អាក្រក់​បំផុត​ក្នុង​ជីវិត​អ្នក?” អ្នក​ប្រហែល​មិន​ងាយ​ឆ្លើយ​ថា ការ​មិនដឹង​គុណ​ព្រះ​គឺជា​បាប​អាក្រក់​បំផុត​នោះ​ឡើយ។ បើ​នេះ​ជា​ការពិត​មែន នោះ​យើង​កំពុងតែ​គិតថា ព្រះ​ទ្រង់​ជំពាក់​យើង​គ្រប់យ៉ាង បាន​ជា​យើង​គួរតែ​ទទួល​អ្វី​ដែល​ល្អ​ពី​ព្រះអង្គ​ជា​បន្ថែម​ទៀត។

បើ​មនុស្ស​ម្នាក់​ពិត​ជា​ដឹងគុណ​ព្រះ​មែន នោះ​គាត់​ក៏​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ​ផង​ដែរ តាមរយៈ​ការថ្វាយបង្គំ និង​ការបម្រើ​ព្រះ។ ហេតុនេះ​ហើយ​យើង​ចូល​មក​សរសើរ​ដំកើង និង​អរព្រះគុណ​ព្រះអង្គ គឺ​ដូចជា​អ្នក​កើត​ឃ្លង់​ម្នាក់ ក្នុងចំណោម១០នាក់ ដែល​បាន​វិលត្រឡប់​មក​អរព្រះគុណ​ព្រះអង្គ។ ដោយសារ​សេចក្តី​ជំនឿ​របស់​គាត់ នោះ​ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា សេចក្តី​ជំនឿ​របស់​គាត់​បាន​សង្គ្រោះ​គាត់​ហើយ។ តើ​អ្នកបង្ហាញ​ការ​អរព្រះគុណ​ដល់​ព្រះគ្រីស្ទ ដូចម្តេច​ខ្លះ? តើ​អ្នក​ថ្វាយ​សិរីល្អ និង​ព្រះ​កិត្តិនាម​ដល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក​ដូចម្តេច​ខ្លះ? ដូចនេះ ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ​ដល់​ព្រះគ្រីស្ទ ពិតជា​មាន​សារៈសំខាន់​ណាស់។

 

More articles