អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង។ អេសេគាល ៣៧:៥
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ទឹកជំនន់ដ៏ហិនហោច បានបង្កការជន់លិចទីក្រុងផ្លូរិន ប្រទេសអ៊ីតាលី បណ្តាលឲ្យមានការខូចខាតផ្ទាំងគំនូរពិធីលៀងព្រះអម្ចាស់ចុងក្រោយ ជាស្នាដៃដ៏ល្បីល្បាញរបស់លោកហ្ស៊រហ្សូ វ៉ាសារី(Giorgio Vasari)។ ផ្ទាំងគំនូរលើជញ្ជាំងនេះបានលិចនៅក្រោមភក់ និងទឹក ហើយនិងប្រេងក្តៅ អស់រយៈពេលជាង១២ម៉ោង។ ពណ៌ថ្នាំរបស់វាបានប្រែជាទន់ ហើយស៊ុមឈើក៏បានខូចខាតយ៉ាងដំណំ ធ្វើឲ្យមនុស្សជាច្រើនជឿថា ផ្ទាំងគំនូរនេះមិនអាចជួសជុលបានទេ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រឹងប្រែងអភិរក្សយ៉ាងផ្ចិតផ្ចង់ អស់រយៈពេល៥០ឆ្នាំ អ្នកជំនាញ និងអ្នកស្ម័គ្រចិត្ត អាចជម្នះឧបសគ្គដ៏ធំសម្បើម ហើយក៏បានជួសជុលផ្ទាំងគំនូរដ៏មានតម្លៃ យ៉ាងជោគជ័យ។
កាលចក្រភពបាប៊ីឡូនចូលកាន់កាប់ទឹកដីអ៊ីស្រាអែល ប្រជាជនធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ដោយហ៊ុមព័ទ្ធ ទៅដោយសេចក្តីស្លាប់ និងភាពហិនហោច ដែលតម្រូវឲ្យមានការស្តាឡើងវិញ(មើលបរិទេវ ១)។ ក្នុងអំឡុង ពេលដ៏វឹកវរនោះ ព្រះទ្រង់ក៏បាននាំហោរាអេសេគាល ទៅជ្រលងភ្នំមួយ ហើយក៏បានប្រទានការបើកសម្ដែងនៅកន្លែង ដែលមានឆ្អឹងខ្មោចព័ទ្ធជុំវិញគាត់។ ព្រះអង្គក៏បានសួរគាត់ថា “តើឆ្អឹងទាំងនេះនឹងរស់ឡើងវិញបានឬ?” ហោរាអេសេគាលក៏បានទូលឆ្លើយថា “ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ”(អេសេគាល ៣៧:៣)។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ ឲ្យថ្លែងទំនាយអំពីឆ្អឹងទាំងនោះ ដើម្បីឲ្យពួកគេអាចមានជីវិតរស់ឡើងវិញ។ លោកហោរាក៏បានពិពណ៌នាថា “កំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន”(ខ.៧)។ តាមរយៈការបើកសម្តែងនេះ ព្រះទ្រង់បានបង្ហាញឲ្យលោកអេសេគាលដឹងថា ការស្អាងប្រជាជាតិអ៊ីស្រាអែលឡើងវិញ អាចកើតមានឡើងតាមរយៈព្រះអង្គតែប៉ុណ្ណោះ។
ពេលណាយើងមានអារម្មណ៍ថា អ្វីៗក្នុងជីវិតយើងបានប្រេះបែក លើសពីលទ្ធភាពដែលអាចជួសជុលបាន ព្រះទ្រង់បានធានាយើងថា ព្រះអង្គអាចផ្គុំបំណែកទាំងអស់របស់យើងចូលគ្នាវិញ។ ព្រះអង្គនឹងប្រទានយើងនូវខ្យល់ដង្ហើមថ្មី និងភាពស្រស់ថ្លាឡើង។—KIMYA LODER
តើមានអ្វីប្រេះបែក ក្នុងជីវិតអ្នក? តើអ្នកអាចពឹងផ្អែកលើព្រះអម្ចាស់ដូចម្តេចខ្លះ ដើម្បីនាំមកនូវការស្អាងឡើងវិញ?
ឱព្រះអម្ចាស់ បំណែកនៃជីវិតទូលបង្គំហាក់ដូចជា មិនអាចស្អាងឡើងវិញបានទេ។ ទូលបង្គំបានព្យាយាមជួសជុលវាដោយខ្លួនឯង តែព្រះអង្គបានប្រទានក្តីសង្ឃឹម ដោយសន្យាថា មានតែព្រះអង្គទេ ដែលអាចជួសជុលឲ្យបាន។
For further study, read Wounded in Worship at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧