នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី? ម៉ាកុស ៨:១៧
បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥ពាន់នាក់ និងមនុស្ស៤ពាន់នាក់ ដោយប្រើតែនំប៉័ង និងត្រីតែពីរបីកន្ទុយ ពួកសាវ័កក៏បានឡើងទូក ដោយគ្មាននំប៉័ងគ្រប់គ្រាន់ សម្រាប់ខ្លួនឯង។
ពេលដែលពួកគេចាប់ផ្តើមជជែកគ្នា អំពីការលំបាកនេះ ព្រះយេស៊ូវក៏បានមានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី?”(ម៉ាកុស ៨:១៧)។ តើមានអ្វីដែលពួកគេមិនយល់?
ពួកគេមិនយល់ អំពីអត្ថន័យនៃនំប៉័ងដែលនៅសល់ ពោលគឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ នៅពេលដែលពួកគេមើលថែអ្នកដទៃ។ ព្រះយេស៊ូវមានបន្ទូលថា ៖
- “ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧។ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត?” (ម៉ាកុស ៨:១៩-២១)។
តើពួកគេត្រូវយល់អំពីអ្វី? គឺត្រូវយល់អំពីនំប៉័ងដែលនៅសល់។
នំប៉័ងនៅសល់ គឺសម្រាប់អ្នកបម្រើព្រះ។ តាមពិត ពីដំបូង មានអ្នកបម្រើ១២នាក់ ដែលជាពួកសាវ័ក ហើយមាននំប៉័ងនៅសល់១២កន្ត្រក (ម៉ាកុស ៦:៤៣) មានន័យថា អ្នកបម្រើម្នាក់ៗ មាននំប៉័ងពេញ១កន្ត្រកសម្រាប់បរិភោគ។ លើកទី២ មាននំប៉័ងនៅសល់១៧កន្ត្រក ដែលលេខ៧ គឺជាតំណាងឲ្យភាពពេញលេញជាបរិបូរ។
តើមានអ្វីដែលពួកគេមិនយល់? គឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ។ អ្នកមិនអាចចែកអ្វីៗដល់អ្នកដទៃ ដល់ថ្នាក់ព្រះយេស៊ូវមិនអាចបំពេញការខ្វះខាតរបស់អ្នកនោះទេ។ ពេលណាអ្នកធ្វើការលះបង់ដើម្បីអ្នកដទៃ ក្នុងការរស់នៅ ព្រះទ្រង់នឹងបំពេញតម្រូវការអ្នកជាមិនខាន។ គឺដូចមានសេចក្តីចែងថា “ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:១៩)។