នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ។ កិច្ចការ ១៦:២៦
នៅសម័យនេះ ព្រះទ្រង់សង្គ្រោះរាស្ត្រព្រះអង្គ ឲ្យរួចផុតពីបញ្ហាមួយចំនួន។ តែមិនមែនរួចពីបញ្ហាទាំងអស់ឡើយ។ យើងមានការកម្សាន្តចិត្ត ពេលដែលបានដឹងអំពីរឿងនេះ ពុំនោះទេ ពេលយើងមានបញ្ហា យើងប្រហែលសន្និដ្ឋាន ព្រះអង្គបានភ្លេចយើង ឬបដិសេធន៍យើងហើយ។
ដូចនេះ ចូរយើងមានការកម្សាន្តចិត្ត ដោយការរំឭកដ៏សាមញ្ញថា ក្នុងបទគម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះទ្រង់មិនបានរំដោះសាវ័កប៉ុល និងលោកស៊ីឡាសឲ្យរួចឡើយ តែក្នុងខ.២៥-២៦ ព្រះអង្គក៏បានរំដោះពួកគេ។
ពីដំបូង ពួកគេមិនបានទទួលការជួយរំដោះ ៖ “គេក៏ចាប់ប៉ុល និងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល”(ខ.១៩)។
- “មេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់”(ខ.២២)។
- “ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក”(ខ.២៣)។
- “មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង”(ខ.២៤)។
តែបន្ទាប់មក ព្រះអង្គក៏បានរំដោះពួកគេ ៖
លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ(ខ.២៥-២៦)។
ព្រះទ្រង់អាចជួយពួកគេ ឲ្យបានឆាប់ជាងនេះ។ តែព្រះអង្គបានពន្យារពេល គឺដោយសារព្រះអង្គស្រឡាញ់សាវ័កប៉ុល និងលោកស៊ីឡាស។
ខ្ញុំសូមសួរអ្នកថា ៖ ឧបមាថា ជីវិតរបស់អ្នកកំពុងតែជួបរឿងជាបន្តបន្ទាប់ ដូចសាវ័កប៉ុល ដែលមានទុក្ខវេទនាជាមុនសិន ហើយក្រោយមក ក៏ព្រះទ្រង់ក៏បានដោះឲ្យរួច។ តើអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយណា? តើអ្នកកំពុងស្ថិតក្នុងវគ្គត្រូវគេវាយដុំ ឬវគ្គរួចពីចំណង?
ដំណាក់កាលទាំងពីរ សុទ្ធតែជាដំណាក់កាលដែលព្រះទ្រង់បានថែរក្សាអ្នក។ ព្រះអង្គមិនបានបោះបង់ចោលអ្នក ឬចាកចេញពីអ្នកឡើយ(ហេព្រើរ ១៣:៥)។
បើអ្នកកំពុងស្ថិតក្នុងដំណាក់កាលជាប់ចំណង ចូរកុំអស់សង្ឃឹមឡើយ។ ចូរច្រៀងសរសើរព្រះ។ អ្នកនឹងមានសេរីភាព។ ព្រះអង្គនឹងរំដោះអ្នក តាមពេលវេលារបស់ព្រះអង្គ។ ទោះជាត្រូវរំដោះអ្នក តាមរយៈសេចក្តីស្លាប់ក៏ដោយ។ “ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង”(វិវរណៈ ២:១០)។