ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក។ ១កូរិនថូស ១១:២៦
បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះ នៅពេលព្រឹកថ្ងៃអាទិត្យ មិត្តភក្ដិខ្ញុំនៅទីក្រុងមូស្គូបាននាំខ្ញុំទៅញាំអាហារថ្ងៃត្រង់ ក្នុងភោជនីយដ្ឋានមួយ នៅក្រៅវិមានគ្រិមលីន។ ពេលយើងទៅដល់ យើងសង្កេតឃើញគូស្វាមីភរិយាថ្មីជាច្រើនគូរ ដែល ស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ បានដើរទៅរកផ្នូររបស់ទាហានដែលគេមិនស្គាល់ឈ្មោះ នៅក្រៅកំផែងវិមានគ្រិមលីន។ សុភមង្គលនៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ ក៏បានរាប់បញ្ចូលការនឹកចាំ អំពីការលះបង់របស់អ្នកដទៃ ដែលបានជួយឲ្យពួកគេមានថ្ងៃនោះ។ នេះជាទិដ្ឋភាពដែលមានន័យណាស់ ខណៈពេលដែលគូស្វាមីភរិយាទាំងនោះបានថតរូប នៅក្បែរកន្លែងរំឭករបស់ជនពលី មុនពេលពួកគេដាក់បាច់ផ្កាអាពាហ៍ពិពាហ៍ នៅលើខឿននៃទីកន្លែងនោះ។
យើងម្នាក់ៗសុទ្ធតែមានហេតុផលដែលត្រូវអរព្រះគុណព្រះ ដោយសារអ្នកដទៃដែលបានធ្វើការលះបង់ ដើម្បីនាំមកនូវអ្វីៗដែលយើងមានសព្វថ្ងៃ។ ការលះបង់ទាំងនោះសុទ្ធតែសំខាន់ តែមិនមែនជាការលះបង់ដែលសំខាន់បំផុតនោះឡើយ។ ទាល់តែយើងបានយល់អំពីការលះបង់របស់ព្រះយេស៊ូវនៅលើឈើឆ្កាង ទើបយើងអាចដឹងថា ជីវិតរបស់យើងបានជាប់ជំពាក់ព្រះគុណរបស់ព្រះអង្គសង្គ្រោះច្រើនប៉ុណ្ណា។
ពេលណាយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ យើងត្រូវនឹកចាំ អំពីការលះបង់របស់ព្រះយេស៊ូវ ដែលមានចំណិតនំប៉័ង និងទឹកទំពាំងបាយជូរជាតំណាង។ សាវ័កប៉ុលបានបង្រៀនថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ សូមឲ្យពិធីលៀងព្រះអម្ចាស់ក្រើនរំឭកយើង ឲ្យរស់នៅ ដោយការនឹកចាំ និងការដឹងគុណ ចំពោះការគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើនៅក្នុង និងដើម្បីយើង។—BILL CROWDER
ពេលអ្នកប្រារព្ធពិធីលៀងព្រះអម្ចាស់ តើអ្នកមានការយល់ឃើញយ៉ាងណា ចំពោះពិធីនេះ? តើអ្នកបានធ្វើពិធីនេះ ជាឱកាសដើម្បីអរព្រះគុណព្រះគ្រីស្ទ សម្រាប់ការលះបង់របស់ព្រះអង្គ យ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំមិនអាចសងគុណព្រះអង្គ ចំពោះសេចក្តីស្រឡាញ់ដែលព្រះអង្គបានបង្ហាញចេញ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានឡើយ។ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញចេញនូវការដឹងគុណ ចំពោះការអ្វីដែលព្រះអង្គបានធ្វើសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០