នៅថ្ងៃជំនុំជម្រះ គ្មាននរណាម្នាក់អាចយកដោះសារថា ពួកគេមិនបានជឿព្រះអង្គ ដោយសារពួកគេមិនបានដឹងអីនោះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការពន្យល់ថា ការមិនជឿថាព្រះមានពិតមែន មិនមែនជាបញ្ហាចំណេះដឹងនោះទេ តែជាបញ្ហាសីលធម៌។
អត្ថបទ
សាវ័កប៉ុលបានមានប្រសាសន៍ថា អ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក(រ៉ូម ១:២០)។ បានសេចក្តីថា មនុស្សអាចដឹងថាព្រះទ្រង់ពិតជាមានមែន តាមរយៈការពិចារណាអំពីការអ្វីដែលទ្រង់បានបង្កើត។ ដូចនេះ ការដែលពួកគេបដិសេធន៍ព្រះអង្គ នោះមិនមែនជាបញ្ហានៃការយល់ដឹងនោះទេ តែជាបញ្ហាសីលធម៌របស់ពួកគេប៉ុណ្ណោះ។
ក្នុងបទគម្ពីរនេះ តើសាវ័កប៉ុលកំពុងនិយាយសំដៅទៅលើការដោះសាររបស់អ្នកមិនជឿ? ការដោះសារដែលអ្នកមិនជឿនឹងមាន នៅថ្ងៃចុងក្រោយ ពេលព្រះទ្រង់ធ្វើការជំនុំជម្រះ គឺការដោះសារថា ពួកគេមិនជឿ ព្រោះមិនបានដឹង។ ពួកគេប្រហែលដោះសារថា “ព្រះអង្គអើយ ទូលបង្គំមិនដឹងថា ព្រះអង្គមានពិតមែនទេ។ បើទូលបង្គំបានដឹង នោះទូលបង្គំមុខជាជឿ ដើរតាម នឹងស្តាប់បង្គាប់ព្រះអង្គមិនខាន”។ ការមិនជឿថាព្រះមានមែន គឺអាក្រក់បំផុត នៅពេលដែលគេយកលេសថា “គេមិនបានដឹងច្បាស់ថា ព្រះមានមែនឬអត់”។ នេះជាសម្តីដែលគួរឲ្យខ្លាច។ ការយកលេសនេះថែមទាំងបានទំលាក់កំហុសមកលើព្រះថា ពួកគេមិនជឿ ព្រោះព្រះអង្គមិនព្រមបង្ហាញភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យពួកគេជឿ។ ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់យ៉ាងច្បាស់ ចាប់តាំងពីដើមកំណើតពិភពលោក តាមរយៈរបស់សព្វសារពើ ដែលព្រះអង្គបានបង្កើត បានជាអ្នកមិនអាចយកលេសនៅចំពោះព្រះថា អ្នកខ្វះការយល់ដឹងនោះឡើយ។ ការបដិសេធន៍ថា ព្រះមិនពិតជាមានមែន គឺមិនមែនជាបញ្ហានៃការយល់ដឹង តែជាបញ្ហាផ្នែកសីលធម៌។ ហើយបើអ្នកបដិសេធន៍មិនព្រមបញ្ជាក់ថា ព្រះទ្រង់មានមែនឬអត់ នោះអ្នកមានបញ្ហាផ្នែកសីលធម៌ជាមួយព្រះ។
បទគម្ពីររ៉ូម ១:២១-២២ បានចែងថា “កាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ”។ ត្រង់ចំណុចនេះ យើងត្រូវកត់សំគាល់ថា ការបដិសេធន៍មិនទទួលស្គាល់ព្រះអង្គជាព្រះ គឺជាអំពើបាបដែលមានលក្ខណៈមូលដ្ឋានបំផុត។ យើងបដិសេធន៍មិនព្រមថ្វាយការដឹងគុណដល់ព្រះអាទិកររបស់យើង។ យើងបដិសេធន៍មិនព្រមបង្ហាញការដឹងគុណឲ្យបានត្រឹមត្រូវដល់ព្រះអាទិករនៃយើង។ ដូចនេះ តាមការបង្រៀនរបស់សាវ័កប៉ុល បញ្ហារបស់អ្នកមិនជឿព្រះ មិនមែនដោយសារពួកគេមិនដឹងថា ព្រះមានមែននោះទេ តែដោយសារតែពួកគេមិនព្រមទទួលស្គាល់ថា ព្រះអង្គពិតជាមានមែន។