បានតភ្ជាប់នឹងប្រភពនៃថាមពល

កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ។ ១ថែ​ស្សា​ឡូ​និច ៥:‌១៩

ក្រុម​គ្រួសារ​ខ្ញុំ​ដឹង​ថា ភ្លើង​នៅផ្ទះ​យើង​បាន​ដាច់ បន្ទាប់ពី​មាន​ខ្យល់ព្យុះ(ដែល​កើតមានឡើង​ជា​ធម្មតា ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ) តែ​សភាវគតិ​របស់ខ្ញុំ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ចុច​កុង​តាក់​បើក​ភ្លើង​ ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់។ ភ្លើង​នៅ​តែ​មិន​ភ្លឺ បន្ទប់​របស់ខ្ញុំ​នៅតែ​ងងឹត​ដដែល។

ខ្ញុំ​ដឹង​ហើយ​ថា ខ្សែ​ដែល​បាន​តភ្ជាប់​នឹង​ប្រភព​ចរន្ត​អគ្គិសនី​បាន​ដាច់ តែ​ខ្ញុំ​នៅតែ​រំពឹង​ថា អគ្គីស​នី​នៅតែ​មាន។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ខាងវិញ្ញាណ។ មាន​ពេល​ជា​ញឹកញាប់​ពេក​ហើយ ដែល​យើង​រំពឹង​ចង់បាន​ព្រះ​ចេស្តា​ព្រះ នៅពេល​ដែល​យើង​មិនបាន​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ប្រភព​នៃ​ព្រះ​ចេស្តា។

ក្នុង​បទ​គម្ពីរ ១ថែ​ស្សា​ឡូ​និច សាវ័ក​ប៉ុល​បាន​បង្រៀន អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ មិនគ្រាន់​តែ“ដោយ​ពាក្យសំដី​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ”(១:៥)។ ហើយ​ពេលណា​យើង​ទទួលយក​ការ​អត់ទោស​បាប​ពី​ព្រះ យើង​​ក៏អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះវិញ្ញាណ ក្នុង​ជីវិត​យើងផងដែរ។ ព្រះ​ចេស្តា​ព្រះអង្គ​ជួយ​យើង​បង្កើត​ផល​ផ្លែ ដែល​ជា​ចារិក​លក្ខណៈ ដូចជា ក្តី​ស្រឡាញ់ ក្តី​អំណរ សេចក្តី​សុខសាន្ត និង​ភាព​អត់ធ្មត់​ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏​បាន​ប្រទាន​យើង​នូវ​អំណោយទាន សម្រាប់​បម្រើ​ពួក​ជំនុំ ដែល​មានការ​បង្រៀន ការ​ធ្វើជា​អ្នកជំនួយ និង​គ្រប់គ្រង(១កូរិនថូស ១២:២៨)។

សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកអាន​សំបុត្រ​គាត់ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ​ឡើយ(១ថែ​ស្សា​ឡូ​និច ៥:១៩)។ យើង​ប្រហែល​មិន​បាន​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះវិញ្ញាណ​បញ្ចេញ​ព្រះ​ចេស្តា​ក្នុង​ជីវិត​យើង ដោយ​យើង​មិន​អើពើ​ចំពោះ​ព្រះវ​ត្ត​មាន​ព្រះ ឬ​បដិសេធន៍​ការដឹកនាំ​របស់​ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើង​មិន​ត្រូវ​រស់នៅ ដោយ​ការ​ដាច់​ចេញពី​ព្រះអង្គ​នោះ​ឡើយ។ ព្រះ​ចេស្តា​របស់​ព្រះអង្គ តែងតែមាន សម្រាប់​កូន​ព្រះអង្គ​ជានិច្ច។—LISA M. SAMRA

តើ​នៅពេល​ណាខ្លះ អ្នកមាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​មិនបាន​បញ្ចេញ​ព្រះ​ចេស្តា ក្នុង​ជីវិត​អ្នក?

តើ​អ្នក​បាន​ដកពិសោធន៍​ជាមួយនឹង​ព្រះ​ចេស្តា​របស់​ព្រះវិញ្ញាណ​យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​មាន​គ្រប់​ចេស្តា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ដកពិសោធន៍​នឹង​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​ព្រះអង្គ ក្នុង​ជីវិត​ទូលបង្គំ។

For further study, read A Story of a Life Led by the Spirit at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២០-២១ និង កិច្ចការ ១០:២៤-៤៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles