នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨
តើនរណាខ្លះ ដែលនឹងទទួលផលប្រយោជន៍ ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានស្តេចដាវីឌ?
បទគម្ពីរទំនុកដំកើង ១៣២:១៧-១៨ បានចែងថា : “នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង”។
ឥឡូវនេះសូមយើងភ្ជាប់ខគម្ពីរនេះជាមួយបទគម្ពីរ អេសាយ ៥៥:១,៣ ដែលបានចែងថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ …ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។
បើខ្ញុំមើលទៅឈើឆ្កាង តាមន័យនេះ ខ្ញុំអាចបកស្រាយបទគម្ពីរនេះថា ៖ អស់អ្នកណាដែលចូលមករកព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាព្រះអង្គ ដោយស្រេកឃ្លានអ្វីដែលព្រះមានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ជាជាងពឹងផ្អែកលើអត្តសញ្ញាណរបស់យើង ឬអ្វីដែលយើងធ្វើ នោះព្រះទ្រង់នឹងតាំងសញ្ញានឹងអ្នកនោះ។
តើយើងចាំថា ទំព័រចុងក្រោយនៃព្រះគម្ពីរ បានចែងយ៉ាងដូចម្តេចខ្លះ ក្នុងបទគម្ពីរវិវរណៈ ២២:១៧? “អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ”។ ព្រះបន្ទូលនេះមិនមែនសម្រាប់តែសាសន៍យូដា នៅសម័យហោរាអេសាយប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកណាក៏ដោយ ដែលចូលមករកព្រះគ្រីស្ទ ដើម្បីចម្អែតភាពស្រេកឃ្លាននៃវិញ្ញាណរបស់ខ្លួន។ ហើយព្រះអង្គមានបន្ទូលថា “អញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច!”
តើសេចក្តីសញ្ញាអ្វី? គឺសេចក្តីសញ្ញាដែលមានន័យ និងស្ថិតស្ថេរ ដោយសារ “សេចក្តីមេត្តាករុណាដ៏ស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះស្តេចដាវីឌ”។ បទគម្ពីរអេសាយ ៥៥:៣ បានចែងថា “អញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។ បានសេចក្តីថា ព្រះអង្គក៏បានរាប់បញ្ចូលខ្ញុំ នៅក្នុងសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយស្តេចដាវីឌផងដែរ។ អ្វីដែលស្តេចដាវីឌទទួល នោះខ្ញុំក៏នឹងទទួលបាន ក្នុងព្រះគ្រីស្ទយេស៊ូវ។
ហើយតើអ្វីដែលខ្ញុំនឹងទទួលនោះមានអ្វីខ្លះ?
ស្នែងនឹងចេញពន្លកឡើង សម្រាប់ខ្ញុំ។ បានសេចក្តីថា ព្រះដែលមានកម្លាំងដ៏អស្ចារ្យ នឹងប្រយុទ្ធជំនួសខ្ញុំ ហើយការពារខ្ញុំ។ ព្រះអង្គនឹងរៀបចំឲ្យមានចង្កៀងមួយ សម្រាប់ខ្ញុំ។ គឺមានន័យថា ពន្លឺនឹងហ៊ុមព័ទ្ធខ្ញុំ ហើយភាពងងឹតនឹងមិនអាចឈ្នះខ្ញុំឡើយ។ ខ្ញុំនឹងមានមកុដមួយ។ បានសេចក្តីថា ខ្ញុំនឹងបានសោយរាជ្យជាមួយព្រះបុត្រានៃស្តេចដាវីឌ និងអង្គុយជាមួយទ្រង់ នៅលើបល្ល័ង្ករបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ”(វិវរណៈ ៣:២១)។
នេះជាព្រះពរដ៏អស្ចារ្យដែលយើងនឹងទទួលបាន ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់មានចំពោះស្តេចដាវីឌ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានការភ្ញាក់ផ្អើល។ ព្រះអង្គសព្វព្រះទ័យឲ្យភាពស្មោះស្ម័គ្ររបស់យើង មានការភ្ញាក់ផ្អើល ចំពោះព្រះចេស្ដា និងអំណាច ហើយព្រះអង្គបានស្រឡាញ់យើង ដោយអំណាច ព្រះចេស្ដាព្រះអង្គនោះឯង។