គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ។ ទំនុកដំកើង ១០៧:២៨
កាលពីឆ្នាំ ១៩៨២ លោកគ្រូគង្វាល គ្រីស្ទាន ហ្វ៊ូរើ(Christian Führer) បានបើកកម្មវិធីប្រជុំអធិស្ឋាន នៅថ្ងៃច័ន្ទ ក្នុងព្រះវិហារសន្ត នីកូឡាស ក្នុងទីក្រុង លីពហ្ស៊ីក។ មនុស្សមួយក្រុមតូចបានធ្វើការជួបជុំគ្នា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទូលសូមព្រះទ្រង់ប្រទានសន្តិភាព ក្នុងអំឡុងពេលដែលអំពើហិង្សាកំពុងរីករាលដាលពាសពេញពិភពលោក ហើយប្រជាជនគាត់កំពុងស្ថិតក្រោមការកៀបសង្កត់ ពីរបបអាល្លឺម៉ង់ខាងជើង។ ពួកអាជ្ញាធរកុម្មុយនីស្តបានតាមដានសកម្មភាពរបស់ពួកជំនុំទាំងឡាយយ៉ាងដិតដល់ តែពួកគេមិនមានការសង្ស័យអ្វី ទាល់តែអ្នកចូលរួមក្នុងព្រះវិហារ បានកើនឡើងយ៉ាងខ្លាំង រហូតមានមនុស្សទាំងហ្វូងបានជួបជុំគ្នាក្នុងព្រះវិហារ ហៀរមកខាងក្រៅរបងព្រះវិហារ។ នៅថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មានបាតុករ៧ម៉ឺននាក់ បានជួបជុំគ្នា ហើយបានធ្វើបាតុកម្មទាមទា ដោយសន្តិវិធី។ ប៉ូលិសអាល្លឺម៉ង់ខាងកើត៦ពាន់នាក់បានឈរ ដោយការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបចំពោះការបង្កអំពើហឹង្សាណាមួយ។ ហ្វូងបាតុករនៅតែបន្តតវ៉ា ដោយសន្តិវិធី។ អ្នកប្រវត្តិសាស្រ្តបានចាត់ទុកថ្ងៃនោះជាចំណុចរបត់នៃរបបនយោបាយ។ មួយខែក្រោយមក ជញ្ជាំងក្រុងប៊ែរឡាំងដែលបានចែកប្រទេសអាល្លឺម៉ង់ជាពីរ ក៏បានដួលរលំ។ ការផ្លាស់ប្តូរដ៏ធំសម្បើម សុទ្ធតែបានចាប់ផ្តើម ដោយការជួបជុំគ្នាអធិស្ឋាន។
ពេលណាយើងងាកបែរទៅរកព្រះអម្ចាស់ ហើយចាប់ផ្តើមពឹងផ្អែកទៅលើប្រាជ្ញា និងកម្លាំងរបស់ព្រះអង្គ អ្វីៗច្រើនតែចាប់ផ្តើមមានការផ្លាស់ប្តូរ។ ពេលណាយើងស្រែករកព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល ក្នុងពេលយើងមានទុក្ខលំបាក យើងនឹងបានដឹងថា មានតែព្រះអម្ចាស់ទេ ដែលអាចផ្លាស់ប្តូរស្ថានភាពទាល់ច្រក ដែលពិបាកបំផុត ហើយឆ្លើយតបសំណួររបស់យើង(ទំនុកដំកើង ១០៧:២៨)។ ព្រះទ្រង់ធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយកែប្រែវាលរហោស្ថាន ឲ្យក្លាយជាកន្លែងមានទឹកច្រើន(ខ.២៩,៣៥)។ ព្រះដែលយើងអធិស្ឋានទៅរក ប្រទានក្តីសង្ឃឹម ក្នុងពេលអស់សង្ឃឹម និងភាពស្រស់ស្អាត នៅក្នុងភាពខ្ទេចខ្ទាំ។
តែមានតែព្រះទេដែលប្រទានការផ្លាស់ប្រែ តាមពេលវេលារបស់ព្រះអង្គ គឺមិនមែនតាមពេលវេលារបស់យើងឡើយ។ យើងចូលរួមជាមួយព្រះអង្គក្នុងការផ្លាស់ប្រែនេះ តាមរយៈការអធិស្ឋានរបស់យើង។—WINN COLLIER
តើអ្នកបានឃើញព្រះទ្រង់ធ្វើការកែប្រែស្ថានភាពណាមួយ នៅពេលណាខ្លះ? តើកិច្ចការដែលព្រះអង្គធ្វើនៅពេលនោះ មានទំនាក់ទំនងជាមួយនឹងការអធិស្ឋានរបស់យើងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំត្រូវការព្រះអង្គកែប្រែស្ថានភាពដ៏លំបាករបស់ទូលបង្គំ។ សូមព្រះអង្គកែប្រែការអ្វី ដែលមានតែព្រះអង្គទេដែលអាចកែប្រែបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦