តែកាលទ្រង់មានសេចក្តីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ។ ២របាក្សត្រ ៣៣:១២
ថ្ងៃមួយ ខ្ញុំ និងភរិយាខ្ញុំបានការភ្ញាក់ផ្អើល ពេលដែលបានទទួលសំបុត្រមួយច្បាប់ ពីពីលោកចេសិន(Jason) ដែលជាអ្នកទោស។ យើងបានចិញ្ចឹម និងបង្រៀនកូនឆ្កែ ឲ្យក្លាយជាសត្វឆ្កែ ដែលអាចជួយជនពិការ។ ក្នុងចំណោមកូនឆ្កែទាំងនោះ មានកូនឆ្កែមួយក្បាលបានបញ្ចប់ការបណ្តុះបណ្តាល ហើយត្រូវឡើងទៅវគ្គមួយទៀត ដែលមានអ្នកទោសធ្វើជាគ្រូបង្វឹក។ អ្នកទោសទាំងនោះសុទ្ធតែបានទទួលការបណ្តុះបណ្តាលឲ្យចេះបង្រៀនសត្វឆ្កែ។ ក្នុងសំបុត្ររបស់លោកចេសិន គាត់បានបង្ហាញទុក្ខក្រៀមក្រំ ចំពោះការស្លាប់របស់សត្វឆ្កែមួយក្បាលនោះ តែគាត់ថា សត្វឆ្កែមួយក្បាលនោះជាសត្វឆ្កែទី១៧ ដែលគាត់បានបង្វឹក។ វាជាសត្វឆ្កែដែលល្អបំផុត សម្រាប់គាត់។ ពីមុនគាត់មានការសោកស្តាយចំពោះ ចំពោះកំហុសដែលបានធ្វើឲ្យគាត់ក្លាយជាអ្នកទោស តែសត្វឆ្កែមួយក្បាលនេះ បានធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់កំពុងធ្វើរឿងដែលមានប្រយោជន៍។
មិនមែនមានតែលោកចេសិនទេ ដែលមានការសោកស្តាយ។ យើងរាល់គ្នាសុទ្ធតែមានការសោកស្តាយក្នុងរឿងអ្វីមួយ។ ស្តេចម៉ាន៉ាសេមានរឿងជាច្រើនដែលធ្វើឲ្យទ្រង់សោកស្តាយ។ បទគម្ពីរ ២របាក្សត្រ ជំពូក៣៣ បានរៀបរាប់ អំពីទង្វើរអាក្រក់ជាច្រើនរបស់ទ្រង់ ដែលមានដូចជា ការសង់អាសនាថ្វាយព្រះក្លែងក្លាយ(ខ.៣) ទ្រង់បានទៅពឹងគ្រូមន្តអាគមន៍ ហើយថែមទាំងបានយកបុត្រទ្រង់ទៅធ្វើយញ្ញបូជា(ខ.៦)។ ទ្រង់បានដឹកនាំប្រទេសទ្រង់ទាំងមូលឲ្យដើរតាមផ្លូវខុសនេះ(ខ.៩)។
ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនិងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ(ខ.១០)។ ទីបំផុត ទ្រង់ក៏បានងាកមករកព្រះអម្ចាស់វិញ។ ពួកសាសន៍បាប៊ីឡូនបានលើកទ័ពមកឈ្លានពាន ហើយ “ចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន”(ខ.១១)។ ក្រោយមក ស្តេចម៉ាន៉ាសេក៏បានធ្វើរឿងដ៏ត្រឹមត្រូវ។ “កាលទ្រង់មានសេចក្តីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ”(ខ.១២)។ ព្រះអម្ចាស់ក៏បានឮទ្រង់ ហើយក៏បានលើកតាំងទ្រង់ជាស្តេចឡើងវិញ។ ស្តេចម៉ាន៉ាសេក៏បានឈប់ឲ្យគេប្រតិបត្តិតាមសាសនាដទៃទៀត ហើយងាកមកថ្វាយបង្គំព្រះពិតវិញ(ខ.១៥-១៦)។
តើអ្នកមានការសោកស្តាយ ដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តឬទេ? អ្នកមិនទាន់ហួសពេលនៅឡើយទេ។ ព្រះទ្រង់តែងតែផ្ទៀងព្រះកាណ៌រង់ចាំស្តាប់យើងអធិស្ឋាន ដោយការប្រែចិត្ត និងបន្ទាបខ្លួន។—TIM GUSTAFSON
តើអ្នកមានការសោកស្តាយអ្វីខ្លះ? តើអ្នកអាចថ្វាយព្រះកិត្តិនាម ដល់ព្រះអង្គ ដោយអនុញ្ញាតឲ្យព្រះអង្គប្រើអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គតែងតែត្រៀមជាស្រេច ដើម្បីស្តាប់ការអធិស្ឋានដ៏ស្មោះត្រង់របស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧