តើយើងអាចដឹងច្បាស់ថា ព្រះពិតជាមានមែន? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងនាំយើងទៅរកកន្លែងមួយ ដែលយើងមិននឹកស្មានដល់ ដោយផ្តល់ឲ្យនូវភស្តុតាងដែលមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ថា ព្រះអាទិករដ៏អស់កល្ប ពិតជាមានមែន។
អត្ថបទ
នៅពេលយប់មួយនោះ ខ្ញុំបានស្តាប់ការជជែកវែកញែកតាមវិទ្យុ រវាងទស្សនវិទូមិនជឿព្រះម្នាក់ ទេវវិទូរ៉ូម៉ាំងកាតូលិកម្នាក់ និងទេវវិទូប្រូតេស្តង់ម្នាក់។ ហើយពួកគេក៏បានជជែកគ្នាក្រោមប្រធានបទ តើព្រះពិតជាមានមែនឬ? ពួកគេក៏បានបញ្ចេញចំណេះដឹងដ៏ខ្ពង់ខ្ពស់គ្រប់ប្រភេទ ក្នុងការជជែកគ្នាថា ព្រះពិតជាមានមែនឬអត់ និងដើមកំណើតនៃពិភពលោក ។ល។ ហើយមានប្រិយមិត្តអ្នកស្តាប់ម្នាក់បានទូរស័ព្ទចូលកម្មវិធីនោះ ដើម្បីសួរសំណួរវាគ្មិនទាំងឡាយ។ គេអាចដឹងច្បាស់ថា គាត់មិនបានរៀនសូត្របានជ្រៅជ្រះទេ។ ហើយគាត់បាននិយាយខុសវេយ្យាករណ៍ច្រើនណាស់ ខណៈពេលដែលគាត់សម្ដែងការមិនពេញចិត្តចំពោះពួកគេថា “ខ្ញុំមិនដឹងថា អស់លោកចេះតែយ៉ាងម៉េចក្នុងខ្លួនទេ។ ហេតុអ្វីមិនចេញទៅខាងក្រៅ បើកភ្នែកមើលស្នាព្រះហស្តរបស់ព្រះ? ព្រះអង្គបានបង្ហាញឲ្យឃើញច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយ ហេតុអ្វីអស់លោកនៅតែមើលរំលង?”
មានគេសួរខ្ញុំថា “លោកគ្រូស្ព្រោល តើលោកគ្រូអាចបកស្រាយថា ព្រះពិតជាមានមែនឬទេ?” ខ្ញុំក៏បានឆ្លើយថា “មិនពិបាកទេ”។ ពួកក៏បានប្រាប់ខ្ញុំឲ្យបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមានមែន។ ខ្ញុំក៏បានដោះស្បែកជើង ហើយនិយាយថា “សូមមើលចុះ នេះជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ចេស្តាដ៏អស់កល្ប ពិតជាមានមែន”។ ពួកគេនិយាយថា ភស្តុតាងដែលខ្ញុំបានបង្ហាញនេះ មិនមានភាពច្បាស់លាស់ទេ។ តែខ្ញុំប្រាប់ពួកគេថា “ភស្តុតាងនេះមានភាពច្បាស់លាស់ណាស់។ ព្រោះបើស្បែកជើងនេះពិតជាមានវត្តមាននៅទីនេះមែន បើអ្នកឃើញស្បែកជើងនៅទីនេះមែន នោះមានន័យថា ស្បែកជើងនេះគឺជារបស់អ្វីមួយកំពុងមានវត្តមាននៅទីនេះហើយ”។
ព្រះទ្រង់មានអំណាច នៅក្នុងការមានវត្តមានដ៏អស់កល្ប ដោយខ្លួនឯង ពុំនោះទេ បើគ្មានអ្នកបង្កើតទេ នោះក៏គ្មានអ្វីអាចកើតមានបានដែរ។ ព្រោះបើអ្វីៗទាំងអស់គ្មានវត្តមានទាល់តែសោះ ក្នុងពេលណាមួយ នោះមានន័យថា គ្មានអ្វីអាចកើតមានបានឡើយ។ ដើម្បីឲ្យមានអ្វីមួយកើតមានបាន គឺទាល់តែមានអ្វីមួយផ្សេងទៀតមានអំណាច ក្នុងការធ្វើឲ្យពួកវាកើតមាន។ តើមានការពន្យល់អ្វី ដែលសាមញ្ញជាងនេះទៀត? បើព្រះមិនមានអំណាច ក្នុងការមានវត្តមានតាំងពីអស់កល្បជានិច្ចទេ នោះគ្មានអ្វីអាចកើតមានបានឡើយ។ អ្នកមិនចាំបាច់ត្រូវរង់ចាំ ឲ្យស្ថានសួគ៌បញ្ចេញសម្លេងប្រកាសប្រាប់ក្តែងៗថា ព្រះទ្រង់ពិតជាមានមែននោះទេ។ សូមគ្រាន់តែមើលស្បែកជើងរបស់អ្នកប៉ុណ្ណោះ អ្នកអាចដឹងថា ព្រះទ្រង់ពិតជាមានមែន។