អរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ

យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ យ៉ូហាន ១:១៦

ពេល​ដែល​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ​ជិត​ចាប់ផ្តើម ក្រុម​អធិស្ឋាន​កំពុងតែ​តយុទ្ធ​យ៉ាង​ស្វិតស្វាញ ក្នុង​ការអធិស្ឋាន​សូមឲ្យ​ប្រជាជន​យើង​បាន​ជឿ​ព្រះ និង​អធិស្ឋាន​ឲ្យ​ពួក​ជំនុំ នៃ​ទី​ក្រុង​ធ្វីន និង​អធិស្ឋាន​សម្រាប់​ប្រទេសជាតិ។ ក្នុង​ពេលនោះ មាន​បុរស​ម្នាក់​បាន​អធិស្ឋាន តាម​ព្រះបន្ទូល​ព្រះ ក្នុង​បទ​គម្ពីរ​យ៉ូហាន ១:១៤,១៦ ថា ៖

ព្រះបន្ទូល​ក៏​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់នៅ​ជាមួយនឹង​យើង​រាល់គ្នា យើង​រាល់គ្នា​បានឃើញ​សិរីល្អ​ទ្រង់ គឺជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញជា​ព្រះគុណ និង​សេចក្តី​ពិត … ហើយ​យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។

ការដែល​ព្រះយេស៊ូវ​យាង​មក​យកកំណើត​ជា​មនុស្ស គឺ​មានន័យ​សម្រាប់​ខ្ញុំ​ណាស់។ ក្នុង​ពេលនោះ ព្រះ​ទ្រង់​បាន​ឲ្យ​ពាក្យ “សេចក្តី​ពោរពេញ” មាន​ភាព​ពេញ​បរិបូរ​ដ៏​អស្ចារ្យ ដែល​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​មានការ​យល់​ដឹង​ខ្លះៗ អំពី​អត្ថន័យ​ពិត​នៃ​ភាព​ពោរពេញ​របស់​ព្រះគ្រីស្ទ។

ខ្ញុំ​បាន​ស្គាល់​ភាព​អស្ចារ្យ នៃ​ការ​ទទួល​ព្រះគុណ​បន្ថែម​ពីលើ​ព្រះគុណ ពី​ភាព​ពោរពេញ​នេះ។ ហើយ​នៅពេល​នោះ ខ្ញុំ​បាន​ទទួល​ព្រះគុណ​ថែម​ពីលើ​ព្រះគុណ។ ខ្ញុំ​ក៏បាន​ដឹង​ថា គ្មានអ្វី​ដែល​ផ្អែម​ជាង​ការ​អង្គុយ​នៅ​ទៀប​ព្រះបាទ​ព្រះអង្គ ឬ​អាន​ព្រះគម្ពីរ នៅ​​ពេល​រសៀល​ទាំងមូល ហើយ​បាន​ពិសោធន៍​នឹង​ភាព​ហូរហៀរ​នៃ​ភាព​ពោរពេញ​របស់​ព្រះអង្គ។

ហេតុអ្វី​ភាព​ពោរពេញ​​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងនេះ មក​លើ​ខ្ញុំ ហើយ​ហេតុអ្វី នៅតែ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​រហូតមកដល់​ពេលនេះ តាមរបៀប​ដ៏​អស្ចារ្យ? ពីព្រោះ​…

  • … ព្រះ​ដែល​ភាព​ពោរពេញ​របស់​ទ្រង់​បាន​ជ្រួតជ្រាប​ជីវិត​ខ្ញុំ ដោយ​ព្រះគុណ ទ្រង់​ជា​ព្រះបន្ទូល ដែល​បាន​គង់នៅ​ជាមួយ​ព្រះ ហើយ​ជា​ព្រះ(យ៉ូហាន ១:១២) ដូចនេះ​ភាព​ពោរពេញ​របស់​ទ្រង់ ជា​ភាព​ពោរពេញ​របស់​ព្រះ ភាព​ពោរពេញ​ដែល​គ្មាន​ដែន​កំណត់។
  • … ព្រះបន្ទូល​ដែល​ក្លាយជា​សាច់ឈាម ហើយ​មាន​ព្រះជន្ម​ជា​មនុស្ស​ដូច​យើង ហើយ​បាន​តាម​រក​យើង ដោយ​ភាព​ពោរពេញ​របស់​ព្រះអង្គ។
  • … ពេល​ដែល​ព្រះបន្ទូល​សម្ដែង​ចេញ​មក ក្នុង​ការ​ប្រសូត​មក​មាន​រូប​ជា​មនុស្ស មនុស្ស​បានឃើញ​សិរីល្អ​ព្រះអង្គ ដែល​ជា​ភាព​ពោរពេញ​ដ៏​រុងរឿង។
  • … ព្រះបន្ទូល​ទ្រង់​ជា “ព្រះរាជបុត្រា​តែ១ មក​ពី​ព្រះវរបិតា”(យ៉ូហាន ១:១៤) ដូចនេះ ភាព​ពោរពេញ​របស់​ព្រះ មាន​ឥទ្ធិពល​មក​ខ្ញុំ គឺ​មិនគ្រាន់​តែម​ក​ពី​ព្រះ តែ​ក៏​តាមរយៈ​ព្រះ ព្រោះ​ព្រះ​ទ្រង់​មិនបាន​ចាត់​ទេវតា​ណាមួយ តែ​ចាត់​ព្រះរាជបុត្រា​តែមួយ ដើម្បី​ប្រទាន​ភាព​ពោរពេញ​របស់​ព្រះអង្គ។
  • … ភាព​ពោរពេញ​នៃ​ព្រះរាជបុត្រា ជា​ភាព​ពោរពេញ​នៃ​ព្រះគុណ បាន​សេចក្តី​ថា ខ្ញុំ​នឹង​មិន​លង់​ក្នុង​ភាព​ពោរពេញ​នេះ តែ​បាន​ទទួល​ព្រះពរ​គ្រប់បែបយ៉ាង ដោយសារ​ភាព​ពោរពេញ​នេះ។
  • … ភាព​ពោរពេញ​នេះ មិនគ្រាន់​តែ​ជា​ភាព​ពោរពេញ​នៃ​ព្រះគុណ តែ​ជា​ភាព​ពោរពេញ​នៃ​សេចក្តី​ពិត​ផង​ដែរ គឺ​មានន័យថា ព្រះអង្គ​មិនបាន​ប្រទាន​ព្រះគុណ ជា​ការ​បញ្ជោរ ដែល​មិន​អើ​ពើ​រ​ចំពោះ​សេចក្តី​ពិត តែ​ព្រះគុណ​នេះ​បាន​ចាក់ឫស​នៅក្នុង​សេចក្តី​ពិត​ដ៏​រឹងមាំ​ដូច​ថ្មដា។

ដូចនេះ តើ​វា​ជា​ការ​អស្ចារ្យ​ទេ ដែល​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល និង​ពេញដោយ​អំណរ ចំពោះ​ភាព​ពោរពេញ​នៃ​ព្រះគ្រីស្ទ!

More articles