តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត។ រ៉ូម ៨:៣៣
ត្រង់ចំណុចនេះ សាវ័កប៉ុលអាចមានប្រសាសន៍ដូចនេះថា “តើអ្នកណានឹងចោទប្តឹងពួករើសតាំងរបស់ព្រះបាន?” ហើយបន្ទាប់មក គាត់អាចឆ្លើយថា “ទេ! ព្រះអង្គបានរាប់យើងជាសុចរិតហើយ”។ នេះជាការពិតមែន។ តែគាត់មិនបាននិយាយដូចនេះទេ។ តែគាត់និយាយថា “ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត”។
គាត់មិនបាននិយាយសង្កត់ធ្ងន់ទៅលើការរាប់ជាសុចរិត តែនិយាយសង្កត់ធ្ងន់ទៅលើព្រះ ដែលរាប់យើងជាសុចរិត។
តើហេតុអ្វី? ព្រោះក្នុងតុលាការរបស់ចក្រភពរ៉ូម៉ាំង ការសម្រេចរបស់តុលាការជាន់ទាប អាចត្រូវតុលាការជាន់ខ្ពស់ច្រានចោល។
នៅសម័យនោះ បើតុលាការក្នុងតំបន់អ្នកឲ្យអ្នករួចខ្លួន នៅពេលដែលអ្នកមានទោស នោះលោកអភិបាលប្រចាំតំបន់អ្នក មានសិទ្ធិចោទប្រកាន់ឲ្យអ្នកមានទោសវិញ។ បើលោកអភិបាលប្រចាំតំបន់អ្នកបានលើកលែងទោសអ្នក ពេលដែលអ្នកមានទោស តែព្រះចៅអធិរាជ្យអាចចោទប្រកាន់ ឲ្យអ្នកមានទោស។
ចំណុចសំខាន់បទគម្ពីរនេះ គឺចង់បង្ហាញយើងថា ៖ គ្មានតុលាការអ្វី ដែលខ្ពស់ជាងព្រះឡើយ។ បើព្រះទ្រង់ជាអ្នកសម្រេចថា អ្នកគ្មានទោស ដោយប្រកាសថា អ្នកជាមនុស្សសុចរិតនៅក្នុងព្រះនេត្រព្រះអង្គ នោះគ្មាននរណាម្នាក់អាចប្តឹងឧទ្ធរណ៍បានទេ គ្មាននរណាម្នាក់អាចយកច្បាប់អ្វីមកអះអាងជំទាស់ព្រះអង្គ គ្មាននរណាម្នាក់អាចអះអាងថា ការជំនុំជម្រះនេះមានការខ្វះចន្លោះ គ្មាននរណាម្នាក់អាចដាក់ការចោទប្រកាន់អ្វីផ្សេងមកលើអ្នកបានទេ។ ការជំនុំជម្រះរបស់ព្រះ មានភាពជ្រះស្រឡះ ហើយគ្រប់ជ្រុងជ្រោយហើយ។
ឱអស់អ្នកទាំងឡាយដែលជឿព្រះយេស៊ូវ និងបានរួបរួមជាមួយព្រះអង្គ ហើយស្ថិតក្នុងចំណោមពួកជ្រើសតាំងអើយ សូមស្តាប់ ៖ ព្រះទ្រង់ជាអ្នករាប់អ្នករាល់គ្នាជាសុចរិត។ គឺគ្មានតុលាការជាមនុស្ស គ្មានហោរាដ៏អស្ចារ្យ គ្មានមហាទេវតាណាមកពីស្ថានសួគ៌ណា ដែលរាប់អ្នករាល់គ្នាជាសុចរិតឡើយ។ តែព្រះអង្គ ជាព្រះអាទិករនៃពិភពលោកនេះ ជាម្ចាស់នៃរបស់សព្វសារពើ និងអ្នកគ្រប់គ្រងចក្រវាល និងម៉ូលេគីលនីមួយៗ ព្រមទាំងមនុស្សនៅក្នុងចក្រវាលផង ព្រះអង្គជាអ្នករាប់អ្នករាល់គ្នាជាសុចរិត។
បានសេចក្តីថា យើងមានទំនុកចិត្តដែលមិនចេះរង្គោះរង្គើ នៅចំពោះមុខនៃទុក្ខវេទនាច្រើនក្រៃលែង។ បើព្រះទ្រង់កាន់ខាងយើងហើយ នោះគ្មាននរណាម្នាក់អាចទាស់ប្រឆាំងនឹងយើងបានទេ។ បើព្រះទ្រង់ឲ្យព្រះរាជបុត្រាព្រះអង្គកាន់ខាងយើង នោះព្រះអង្គនឹងប្រទានអ្វីៗគ្រប់យ៉ាង ដែលល្អសម្រាប់យើង។ បើព្រះទ្រង់ជាអ្នករាប់យើងជាសុចរិត នោះគ្មានការចោទប្រកាន់អ្វី ដែលអាចតតាំងនឹងយើងបានឡើយ។